ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សេង ធារិន សុំអង្វរពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម មេត្តាយោគយល់ដល់អាជ្ញាធរ និងកងកម្លាំងចម្រុះ


លោកឧត្តមសេនីយ៍ទោ សេង ធារិន សុំអង្វរពុកម៉ែ បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម មេត្តាយោគយល់ដល់អាជ្ញាធរ និងកងកម្លាំងចម្រុះ

ខេត្តបន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ អមដំណើរដោយលោក ង៉ោ ម៉េងជ្រួញ អភិបាលរងខេត្តបន្ទាយមានជ័យ មេបញ្ជាការ កងកម្លាំងចំណុះអោយគណៈបញ្ជាការឯកភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះត្រួតពិនិត្យស្ថានភាពតំបន់ក្រហម ដែលត្រូវបិទខ្ទប់ (Lockdown) ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ បានបើកអោយដំណើរការចេញ-ចូលឡើងវិញនូវតំបន់មួយចំនួន និងបន្តបិទខ្ទប់តំបន់ក្រហមមួយចំនួន រួមទាំងបិទខ្ទប់តំបន់ថ្មីតូចៗ បន្ថែមទៀត ដោយសាររកឃើញអ្នកមានវិជ្ជមានកូវីដ-១៩ ដែលជាហានិភ័យក្នុងការឆ្លងរីករាលដាលទៅតំបន់ផ្សេងទៀត។

លោកឧត្តមសេនីយ៍ទោ សេង ធារិន សំុអង្វរចិត្តដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ក្រហមបិទខ្ទប់ទាំងអស់ មេត្តាយោគយល់ដល់អាជ្ញាធរ និងកងកម្លាំងចម្រុះ កំពុងបំពេញប្រតិបត្តិការ ដើម្បីសេចក្តីសុខសុវត្ថិភាពជូនពុកម៉ែបងប្អូន និងមាតុភូមិកម្ពុជា។ ជាពិសេសសូមចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ អោយបានគ្រប់ៗគ្នា ដើម្បីធានាការកាត់ផ្តាច់ការឆ្លងរីករាលដាលបានទាន់ពេលវេលា។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរងនាយសេនាធិការ បានថ្លែងអំណរគុណដល់កងកម្លាំងចម្រុះ និងអាជ្ញាធរទាំងអស់ ដែលអនុវត្តភារកិច្ចប្រកបដោយភាពទទួលខុសត្រូវខ្ពស់ អត់ធ្មត់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ៕

(យោធភូមិភាគ៥)

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង