ព័ត៌មានជាតិ

វិស័យឯកជន និងសប្បុរសជនចំនួន ០៩ បានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការងារចាក់វ៉ាក់សំាង និងការទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា។


វិស័យឯកជន និងសប្បុរសជនចំនួន ០៩ ទៀត បានចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការងារចាក់វ៉ាក់សំាង និងការទប់ស្កាត់ជំងឺកូវីដ១៩នៅកម្ពុជា ក្រោមការសម្របសម្រួលរបស់ ទេសរដ្ឋមន្រ្តី លី ធុជ តាមរយៈ លោក សាឡា អេអ៊ីសា ដោយប្រគល់សម្ភារចាំបាច់មួយចំនួន ជូនលោកជំទាវឱម វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ តំណាង ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល។

សម្ភារដែលត្រូវប្រគល់ជូននោះ រួមមាន៖ សម្លៀកបំពាក់ពេទ្យ(PPE), ឧបករណ៍វាស់សម្ពាធឈាម, ម៉ាស៊ីនស្កេនកំដៅ, កុំព្យូទ័រ, ស្រោមដៃ, ស្រោមជើង, វ៉ែនតាសុវត្ថិភាព, មួកការពារ, របាំងមុខ, ម៉ាស់, អាលកុល, ជែល... សរុបថវិកាប្រមាណ ៥ម៉ឺនដុល្លារអាមេរិក។

គូសបញ្ជាក់ថា នេះជាលើកទី២ ក្រោមការសម្របសម្រួលរបស់ទេសរដ្ឋមន្ត្ត្រី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ លោក សាឡា អេអ៊ីសា ដែលបាននាំមកនូវសម្ភារប្រគល់ជូនក្រសួងសុខាភិបាល តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រើប្រាស់ក្នុងការងារចាក់វ៉ាក់សាំង និងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលជំងឺកូវីដនៅកម្ពុជា ក្នុងនោះលើកទី១ មានអ្នកវិនិយោគបរទេស និងសប្បុរសជនចំនួន ១៤ បានប្រគល់ជូនកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ គិតជាទឹកប្រាក់ប្រមាណ ៣០ ម៉ឺនដុល្លារ ដែលជំនួយសប្បុរសធម៌នេះ នឹងមកដល់ជាបន្តបន្ទាប់ទៀត។

ក្រុមធុរកិច្ចបរទេស និងសប្បុរសជនទាំងអស់ បានចាត់ទុកប្រទេសកម្ពុជាជាផ្ទះ និងជាកន្លែងធ្វើការរបស់ខ្លួន ព្រមទាំងតែងតែឈរជាមួយរាជរដ្ឋាភិបាលកម្ពុជាគ្រប់កាលៈទេសៈ និងគាំទ្រចំពោះការដឹកនាំដ៏ប៉ិនប្រសព្ធរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាលនិងទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះទឹកចិត្តប្រកបដោយសប្បុរសចំពោះអ្នកវិនិយោគិន និងសប្បុរជននានា ដែលមិនត្រឹមតែបានមកបណ្តាក់ទុករកស៊ីជួយដល់កំណើនសេដ្ឋកិច្ចជាតិនិងបង្កើតឱកាសការងារយ៉ាងច្រើនជូនបងប្អូនប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីសណ្ដានចិត្ដមេត្តាធម៌ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារទប់ស្កាត់ការរីករាលនៃជំងឺឆ្លងកូវីដ-១៩ ដែលបាននឹងកំពុងបង្ករជាក្តីបារម្ភយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជានាសព្វថ្ងៃនេះ។

លោកជំទាវឳម វណ្ណឌីននិងឯកឧត្តមទេសរដ្ឋមន្រ្តី លីធុជ បានលើកឡើងថា អំណោយសប្បុរសនេះ គឺបានឆ្លុះបញ្ចាំងឲ្យឃើញអំពីការយកចិត្តទុកដាក់ និងទឹកចិត្តសាមគ្គីគ្នា ក្នុងការចូលរួមចំណែកពីសំណាក់ក្រុមធុរកិច្ចទាំងអស់ និងសប្បុរសជននានា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា សំដៅឱ្យដំណើរការងារចាក់វ៉ាក់សំាង និងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ បានប្រព្រឹត្ដទៅដោយជោគជ័យ។

 លោកជំទាវរដ្ឋលេខាធិកា ក៏បានសម្តែងនូវការដឹងគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការពលីគ្រប់បែបរបស់ក្រុមគ្រូពេទ្យ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ ដែលបានបំពេញបេសកកម្មការងារដ៏មានតម្លៃ និងសកម្មបំផុត ក្នុងការជួយសង្រ្គោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ព្រមទាំងបានជួយជ្រោមជ្រែងដល់ការអនុវត្តនូវវិធានការការពារទប់ស្កាត់ និងការឆ្លើយតបទៅនឹងការរីករាលដាលជំងឺកូវីដ១៩។

ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមតំណាងអោយក្រសួងសុខាភិបាលក៏ដូចជាគណកម្មាចំពោះកោច្ចការចាក់វ៉ាកសាំងកូវិត១៩លោកជំទាវ ឳម វណ្ណឌីននិងទេសរដ្ឋមន្រ្តីលី ធុជ ជាអ្នកសម្របសម្រួលសប្បុរសជន ក៏បានថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភដល់គ្រួសារកំពុងជួបការលំបាក និងរងផលប៉ះពាល់ដោយសារកូវីដ-១៩ នៅសង្កាត់ទាំង៥ ក្រុងបាវិត ខេត្តស្វាយរៀង សម្រាប់កម្មវិធីនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ រួមមាន ៖ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលី, លោក សាឡា អេអ៊ីសា, លោកស្រី Prak Chanbopha, លោកស្រី Narumon Rinruangsin និងលោក Anthony Galliano។លោកជំទាវសូមសំណូមពរនិងក្រើនរំរំលឹកដល់ប្រជាពលរដ្ឋទូទាំង
 ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ វិធានការសុខាភិបាល ការធ្វើចត្តាឡីស័ក និងវិធានការរដ្ឋបាល ដើម្បីទប់ ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឱ្យមានប្រសិទ្ធភាពខ្ពស់។

ព័ត៌មានជាតិ

អត្ថបទទាក់ទង