ព័ត៌មានជាតិ

ផ្លែតាង៉ែន ឬមៀនប៉ៃលិន កំពុងមានវត្តមាន ក្នុងចម្ការកសិករនៅខេត្ដសៀមរាប ខណៈមិនសូវមានអ្នកចាប់អារម្មណ៍


លោក ស៊ិន ធួន អ្នកចម្ការដាំផ្លែតាង៉ែន ឬមៀនប៉ៃលិន នៅតំបន់ក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ បានឲ្យដឹងថា បន្ទាប់ពីប្រកបរបរដាំដើមតាង៉ែននេះ អស់រយៈពេលប្រមាណពី៥ឆ្នាំទៅ៧ឆ្នាំមក ហើយទទួលបានផលជាបណ្ដើរៗហើយនោះ ជាពិសេសពេលដែលលោកបានយកផ្លែឈើប្រភេទនេះទៅលក់នៅតាមទីផ្សារក្នុងស្រុក មិនសូវមានអ្នកចាប់អារម្មណ៍ជាផលិតផលនៅក្នុងខេត្ដសៀមរាបនៅឡើយទេ បើទោះបីលោកប្រាប់ថា ជាផ្លែតាង៉ែនដាំនៅចំការរបស់លោករនៅក្នុងឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្ដសៀមរាប ក៍ដោយ ព្រោះដោយសារជាទូទៅដើមឈើប្រភេទនេះគឺមាននៅតែខេត្តប៉ៃលិន ដែលគេឲ្យឈ្មោះថា មៀនប៉ៃលិន ។

លោក ស៊ិន ធួន បានឲ្យដឹងទៀតថា លោកបានដាំដើមតាង៉ែននេះ ចំនួន៥០០ដើម លើផ្ទៃដីមួយហិកតាកន្លះ ដែលឆ្នាំនេះទទួលបានផលប្រមាណ៧តោន ឆ្នាំមុនៗមិនសូវបានទិន្នផលនោះទេ ដោយសារជួបគ្រោះរាំងផង និងខ្វះបច្ចេកទេសផង ប៉ុន្តែនៅឆ្នាំនេះផ្លែតាង៉ែនមិនសូវមានទីផ្សារទេ ព្រោះមិនសូវមានអ្នកទៅទិញដល់ចំការ ដែលខុសប្លែកពីឆ្នាំមុនៗមានអ្នកកម្មង់ទិញដល់ចំការ និងមានតម្លៃខ្ពស់គួរសម្យ ហើយការថយចុះសម្រាប់ឆ្នាំនេះ អាចបណ្ដាលមកពីបញ្ហាជំងឺកូវីដ-១៩ ខណៈ បច្ចុប្បន្ននេះ ផ្លែមៀនប៉ៃលិន តម្លៃក្នុងមួយគីឡូក្រាម ចំនួន៥ពាន់រៀល ហើយដឹកជញ្ជូនដល់ផ្ទះ ដូច្នេះក្នុងឱកាសនេះ សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប សូមជួយគាំទ្រផ្លែឈើប្រភេទនេះផង ព្រោះវាជាផលិតផលបានមកពីការដាំដុះនៅខេត្ដសៀមរាបរបស់យើង ៕
អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង