ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន បានត្រៀមបន្ថែមទៀត សម្រាប់មណ្ឌលចត្តាឡីស័ក និងទីបច្ឆាសម្រាប់បូជាសព អ្នកដែលស្លាប់ដោយសារជម្ងឺកូវីដ-១៩


ប៉ៃលិន៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត និងអង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលទីតាំងបន្ថែម ត្រៀមធ្វើជាមណ្ឌលចត្តាឡីស័ក និងទីតាំងបច្ឆា សម្រាប់បូជាសព ដែលស្លាប់ដោយសារជំងឺកូវីដ-១៩ ស្ថិតនៅភូមិថ្នល់កែង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ដោយអនុវត្តតាមការណែនាំ និងវិធានការណ៍យ៉ាងម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំមណ្ឌលចត្តាឡីស័កជាច្រើនកន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជម្ងឺកូវីដ-១៩ និងបងប្អូនដែលទើបវិលត្រលប់មកពីតំបន់ប្រឈមនានា តាមបណ្តារាជធានី/ខេត្ត ក្នុងករណីសង្ស័យបន្ទាប់ពីក្រុមគ្រូពេទ្យជំនាញពិនិត្យសុខភាព ជាពិសេសបងប្អូនពលករដែលបានវិលត្រឡប់មកពីក្រៅប្រទេស ព្រមទាំងបានរៀបចំក្រុមការងារ ដែលមានការចូលរួមពីបណ្តាមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងក្រុមយុវជន សសយក ធ្វើការចម្អិនម្ហូបអាហារ សម្រាប់បងប្អូនកំពុងធ្វើចត្តាឡីស័កចំនួន ៣ពេល ប្រចាំថ្ងៃផងដែរ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ដោយឡែកទីតាំងបច្ឆាសម្រាប់បូជាសព អ្នកដែលស្លាប់ដោយសារជម្ងឺកូវីដ-១៩ ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្ត និងជំនាញពាក់ព័ន្ធ បានចុះពិនិត្យមើលជាក់ស្តែង និងសម្រេចជ្រើសរើសទីតាំងត្រៀមសម្រាប់រៀបចំធ្វើជាកន្លែងបច្ឆាបូជាសពរួចរាល់ ដោយគិតគូរពីសុវត្ថិភាព និងមិនប៉ះពាល់ដល់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ថ្លែងការកោតសរសើ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងសមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លា សម្រាប់ប្រជាជន និងប្រទេសជាតិ នៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្ត ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ។

មន្ទីរព័ត៌មានខេត្តប៉ៃលិន

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង