ព័ត៌មានជាតិ

បារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជាពី ១០០ ទៅ ១២០ លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៦


នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយលើកទី៤ តាមរយៈ Video Conference ជាមួយសមភាគីបារាំង ដែលដឹកនាំដោយលោក R–mi GENEVEY តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងលោកជំទាវ Eva NGYEN BINH ឯកអគ្គរដ្ឋទូតនៃសាធារណបារាំងប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងសហការីទាំងអស់ នៃប្រទេសទាំងពីរ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ដ្រីប្រតិភូបានមានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ គឺជាព្រឹត្តិការណ៍ ដ៏សំខាន់ ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយូរអង្វែងក្នុងភាពជាដៃគូ និងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងបារាំង។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូក៏បានបន្ថែមទៀតថា ប្រទេសបារាំងមិនត្រឹមតែជាមិត្ត ភក្តិ និងជាបណ្តាប្រទេសឈានមុខគេ ដែលចូលរួមចំណែកក្នុងការនាំមកនូវសន្តិភាពសម្រាប់ប្រទេស កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងការផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ផ្អែកលើមូលដ្ឋាននេះ កម្ពុជាបានទទួល ហិរញ្ញប្បទានសហប្រតិបត្តិការជាបន្តបន្ទាប់ប្រមាណ ៨៦៧ លានអឺរ៉ូ (ក្នុងនោះឥណទានសម្បទានរបស់រដ្ឋ មានទឹកប្រាក់ប្រមាណ ៥០៧ លានអឺរ៉ូ)។ ហិរញ្ញប្បទានទាំងនេះ បាននិងកំពុងរួមចំណែកយ៉ាងសកម្មដល់ការទ្រទ្រង់ការអភិវឌ្ឍ និងការជំរុញកំណើនសេដ្ឋកិច្ច ស្របតាមកម្មវិធី និងគោលនយោបាយសំខាន់ៗ របស់រាជរដ្ឋាភិបាលកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូ បានជម្រាបកិច្ចប្រជុំថា ការរីករាលដាលជំងឺកូវីដ-១៩ បាន បង្កជាវិបត្តិយ៉ាងធ្ងន់ធ្ងរប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ច និងសង្គម រួមទាំង សុខភាពសាធារណៈ ការរំខានដល់ខ្សែចង្វាក់ផលិតកម្ម ការបាត់បង់ការងារ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក ដែលប្រទេស កម្ពុជាក៏មិនត្រូវបានរួចផុតពីការរីករាលដាលជំងឺនេះ។ ប្រការនេះបានធ្វើឱ្យផលិតផលសរុបក្នុងស្រុកនៅក្នុងឆ្នាំ២០២០ បានធ្លាក់ចុះប្រមាណ ៣,០% ក្នុងនោះការនាំចេញបានធ្លាក់ចុះប្រមាណ -១,១% ឱនភាពថវិកាកើនឡើងដល់ ៩,២៥%។ ឯកឧត្តមបានបន្តថា សេដ្ឋកិច្ចរបស់យើងនឹងងើបឡើងវិញនៅឆ្នាំ២០២១ ប៉ុន្តែការងើបឡើងនេះ នៅមានភាពមិនប្រាកដប្រជាកម្រិតខ្ពស់នៅឡើយ ប្រសិនបើការរាតត្បាតជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភះ មានកម្រិតនៃផលប៉ះពាល់នៅតែខ្ពស់ និងមានជម្រៅជ្រៅ ហើយកម្មវិធីចាក់វ៉ាក់សាំងមិនអាចសម្រេចបានឆាប់រហ័ស។ ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានបន្ថែមថា សម្រាប់ដំណើរឆ្ពោះទៅមុខ កម្ពុជាបានដាក់ចេញនូវយុទ្ធសាស្រ្តស្តារសេដ្ឋកិច្ច ឆ្នាំ២០២១-២០២៣ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីស្តារសេដ្ឋកិច្ច ដោយផ្អែកលើសសរស្តម្ភចំនួន ០៣ គឺៈ (១) ការរស់ឡើងវិញ និងរស់រានមានជីវិត៖ ដោយគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩ និងរក្សាឱ្យបាននូវដង្ហើមសេដ្ឋកិច្ច និងការរស់រានរបស់ប្រជាជន ព្រមទាំងការស្តារ និងកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឡើងវិញ (២) កំណែទម្រង់៖ ប្រែក្លាយវិបត្តិទៅជាឱកាសដោយបង្កើនការធ្វើពិពិធកម្មនិងបង្កើនភាពប្រកួតប្រជែងសេដ្ឋកិច្ច ក្នុងនោះជាពិសេសតាមរយៈការធ្វើឌីជីថលនីយកម្ម និង (៣) ពង្រឹងភាពធន់៖ តាមរយៈការពង្រឹង និងត្រៀមខ្លួន នៅក្នុងស្ថាប័នសាធារណៈ វិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុធនធានមនុស្ស រួមទាំងប្រព័ន្ធសុខភាពសាធារណៈ បណ្តុះបណ្តាលជំនាញ និងសុវត្ថិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងបញ្ហាស្រដៀងគ្នា ដែលអាចនឹងផ្ទុះឡើងនាពេលអនាគត។
ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូបានបញ្ជាក់ថា មូលដ្ឋានសម្រាប់ការរៀបចំគម្រោងអនាគត និងកិច្ចសហការគោលនយោបាយ ត្រូវរៀបចំឡើង ជាលក្ខណៈយុទ្ធសាស្រ្ត ដើម្បីធ្វើឱ្យប្រទេសកម្ពុជាមានភាពរឹងមាំ និងមានភាពធន់ ដែលជាមូលដ្ឋានសម្រាប់កំណើនសេដ្ឋកិច្ច និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា។ ក្នុងន័យនេះ កម្ពុជាត្រូវការលើកជំរុញការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បី ពន្លឿនកំណើនសេដ្ឋកិច្ច និងពង្រីកមូលដ្ឋានកំណើន ដោយមិនអាចកាត់ផ្តាច់ពីការបង្កើនសហគ្រិនភាព និងនវានុវត្តន៍បន្ថែមទៀត ទាំងក្នុងវិស័យសាធារណៈ និងឯកជនតាមរយៈការបង្កើនបច្ចេកវិទ្យាឌីជីថល នៅក្នុងបណ្តាញផលិតកម្ម និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចសម្រាប់សហ- គ្រាសខ្នាតតូច និងមធ្យម។ សមាសធាតុទាំងនេះ គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់រៀបចំគម្រោងអនាគតរបស់យើង ដោយប្រើប្រាស់ធនធានមានកំណត់របស់យើងប្រកបដោយប្រសិទ្ធភាព និងនិរន្តភាព។
ក្នុងឱកាសនោះ ភាគីបារាំង បានកោតសសើរ និងសូមថ្លែងអំណរគុណ ដល់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានដើរតួនាទីយ៉ាងសំខាន់ ស្ថិតក្នុងបរិការណ៍បច្ចុប្បននេះ និងសូមថ្លែងអំណរគុណផងដែរ ដល់ក្រសួងស្ថាប័នជាដៃគូ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រពៃនាពេលកន្លងមក។ ភាគីបារាំងបានគូសបញ្ជាក់ថា នឹងបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់កម្ពុជា ដោយសន្យាថាផងដែរថា នឹងបន្តផ្តល់ និងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់អភិវឌ្ឍន៍កម្ពុជា ជារួមនូវកម្ចីសម្បទានក្នុងរង្វង់ពី ១០០ ទៅ ១២០ លានអ៊ឺរ៉ូ ក្នុងមួយឆ្នាំ (២០២១-២០២៦) ដោយរួមទាំងការប្រឹងប្រមូលហិរញ្ញប្បទានឥតសំណងជួយកម្ពុជាឱ្យបានច្រើនពីសហគមអ៊ឺរ៉ុប និងពីប្រភពផ្សេងទៀតឱ្យបានច្រើន ឱ្យស្របទៅតាមបរិការណ៍ពេលបច្ចុប្បន្ន ក៏ដូចជានៅពេលក្រោយកូវីដ-១៩ ផុតរលត់។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង