ព័ត៌មានកីឡា

អតីតគ្រូបង្គោលក្រុមជម្រើសជាតិ ក្លាយជាអ្នកចាត់ការក្លឹបទ័ព


អតីតគ្រូបង្គោល ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា លោក Lee Tae Hoon ដែលជា ជនជាតិកូរ៉េខាងត្បូង ត្រូវបាន ក្រុមកីឡាបាល់ទាត់ កងយោធពលខេរមភូមិន្ទ ប្រកាសតែងតាំង ជាអ្នកចាត់ការផ្លូវការ របស់ក្លឹបបាល់ទាត់ កងយោធពលខេមរភូមិន្ទ (ឬក្លិបទ័ព) នេះបើតាមការឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌ មាន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ។

លោក Lee Tae Hoon ថ្លែងថា លោកពិត ជារីករាយ ដែលបានមកធ្វើការ នៅប្រទេសកម្ពុជា ម្តងទៀតក្នុងនាមជាអ្នកចាត់ការថ្មី របស់ក្រុមដ៏ល្អមួយនៅក្នុងស្រុក។ លោក ធ្លាប់មានអនុស្សាវរីយ៍ យ៉ាងច្រើននៅកម្ពុជា នៅពេលដែលលោកដឹកនាំ ក្រុមជម្រើសជាតិកម្ពុជា ហើយលោក តែងតែនឹករលឹក ប្រទេសកម្ពុជា ទោះបីជាលោកទៅបម្រើការងារ នៅកន្លែងផ្សេងក៏ដោយ។ អតីតគ្រូបង្វឹក ជម្រើសជាតិរូបនេះ បានប្រាប់ទៀតថា សមាគមកីឡាបាល់ទាត់ កងយោធពលខេរមភូមិន្ទ បានបង្ហាញឱ្យលោក ឃើញពីចក្ខុវិស័យមួយដ៏វែងឆ្ងាយ ដែលនេះជាអ្វីដែលលោកចង់បាន។ លោក ប្តេជ្ញាថានឹងខិតខំប្រឹងប្រែងដឹកនាំក្លឹបឱ្យអស់ពីលទ្ធភាព ហើយកសាងគ្រឹះថ្មីមួយទៀតដ៏រឹងមាំបំផុត។

លោក បានបញ្ចេញទស្សនៈក្នុងការដឹកនាំ របស់លោក ទៅលើការអភិវឌ្ឍយុវជន នៅក្លឹបទ័ពនេះ ព្រោះលោក ដឹងថា នៅទីនេះសម្បូរធនធាន យុវជនច្រើន ហើយលោកមានឆន្ទៈបណ្តុះបណ្តាល ពួកគេ ឱ្យក្លាយជា កីឡាករអាជីព ដ៏ល្បីឈ្មោះ សម្រាប់អនាគត ពិសេសសម្រាប់ អនាគតក្រុមជម្រើសជាតិកម្ពុជា ផងដែរ។

លោក ខូវ ឆាយ អគ្គលេខាធិការ ក្លឹបទ័ពរីករាយយ៉ាងខ្លាំង ដែលទទួលបានអ្នកចាត់ការថ្មីដែលពោរពេញទៅដោយបទពិសោធន៍ ហើយលោកនៅតែជឿថា សម្រាប់ក្លឹបរបស់លោក ការបណ្តុះថ្នាលយុវជន គឺជារឿងសំខាន់ជាទីបំផុត ជាងការចំណាយថវិកាទិញកីឡាករល្អៗមកពង្រឹងក្លឹប ដែលនេះគឺជាគោលការណ៍របស់ក្លិបតាំងតែពីដើមមក។

សូមបញ្ជាក់ថា ក្លឹបទ័ពបានចុះកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំជាមួយ លោក Lee Tae Hoon។ មុនពេលមកក្លឹបទ័ព លោក Lee បានដឹកនាំក្លិប HOANG ANH Gia Lai FC នៅក្របខ័ណ្ឌលីគទី១ របស់ប្រទេសវៀតណាម រយៈពេល១រដូវកាល ២០១៩-២០២០ ក្នុងតួនាទីជានាយកបច្ចេកទេស។ គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះ ជាអតីតគ្រូបង្វឹកជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១០-២០១២។ ក្រោយមកគ្រូបង្វឹករូបនេះ ត្រូវបានតែងតាំងដឹកនាំជម្រើសជាតិកម្ពុជា ម្ដងទៀតនៅឆ្នាំ២០១៣ ដល់២០១៦ មុននឹងមកដឹកនាំជម្រើសជាតិអាយុក្រោម១៥ឆ្នាំ ពីឆ្នាំ២០១៦ ដល់២០១៨៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី