ព័ត៌មានជាតិ

កិច្ចពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស លើសេចក្តីព្រាងកម្មវិធីសហ-ប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គ


នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កិច្ចពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហព័ន្ធស្វីស លើសេចក្តីព្រាងកម្មវិធីសហ-ប្រតិបត្តិការស្វីស សម្រាប់តំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ត្រូវបានរៀបចំឡើងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) ។ ភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ២០ ។ រីឯ ភាគីស្វីស ដឹកនាំដោយលោក ម៉ាកឃឹស ប៊ឺលី នាយកទីភា្នក់ងារស្វីសសម្រាប់កិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីជំនាញនៃទីភ្នាក់ងារ SDC សរុបទាំងអស់ប្រមាណ ៦០ រូប ។
គោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់នេះ គឺ ដើម្បីពិភាក្សា និងប្រមូលធាតុចូល ក៏ដូចជាអនុសាសន៍ ពីក្រសួង-សា្ថប័នពាក់ព័ន្ធ លើសេចក្តីព្រាងកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គឆ្នាំ២០២២-២០២៥ (សម្រាប់ប្រទេសកម្ពុជា និងឡាវ) ដោយផ្តោតចម្បងលើកម្មវិធីសហប្រតិបត្តិការរបស់ស្វីសសម្រាប់កម្ពុជាក្នុង រយៈពេល ៤ ឆ្នាំខាងមុខ ។ ទន្ទឹមនឹងនេះ កិច្ចពិគ្រោះយោបល់ក៏បានពិនិត្យវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្ត ស្តីពីកិច្ចសហប្រតិបត្តិការស្វីសសម្រាប់កម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គ ឆ្នាំ២០១៨-២០២១ ដែលបានគាំទ្រដល់វិស័យអាទិភាពចំនួន ៣ រួមមាន ៖ ១) វិស័យកសិកម្ម និងសន្តិសុខស្បៀង, ២) វិស័យអភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ និង ៣) ការអភិវឌ្ឍជំនាញវិជា្ជជីវៈ និងការបង្កើតការងារ ។
កិច្ចពិគ្រោះយោបល់នេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងស្មារតីសា្ថបនា និងភាពជាដៃគូស្មើភាពក្នុងកិច្ចសហប្រតិបត្តិការ ដោយមានការពិភាក្សាយ៉ាងផុលផុស និងទទួលបាននូវធាតុចូល ព្រមទាំងអនុសាសន៍ សំខាន់ៗពីអង្គប្រជុំ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការត្រៀមរៀបចំកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់កម្ពុជា ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ឱ្យបានគ្រប់ជ្រុងជ្រោយ និងឆ្លើយតបល្អ ប្រសើរទៅនឹងអាទិភាពជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ។ ជាលទ្ធផល ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះ វឌ្ឍនភាពសម្រេចបានកន្លងមកនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ព្រមទាំងបានឯកភាពជាគោលការណ៍ កំណត់យកវិស័យអាទិភាពចំនួន ៣ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់រយៈពេល ៤ ឆ្នាំ២០២២-២០២៥ រួមមាន ៖ ១) វិស័យអភិបាលកិច្ច និងការចូលរួមរបស់ប្រជាពលរដ្ឋ (គាំទ្រដល់មន្ទីរពេទ្យគន្ធបុបា្ផ, លើកកម្ពស់ការ ផ្តល់សេវាសាធារណៈ, ផែនការអនុវត្តគណនេយ្យភាពសង្គម, ការទទួលបានព័ត៌មាន និងការចូលរួមរបស់យុវជន) ២) ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន (គាំទ្រដល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការងារសមរម្យសម្រាប់យុវជន) និង ៣) ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ (គាំទ្រដល់ ខ្សែសង្វាក់តម្លៃដំណាំសាកវប្បកម្ម, ការរំដោះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសម្រាប់ធ្វើកសិកម្ម, សហគមន៍ នេសាទ និងព្រៃឈើ, កសិកម្មធន់នឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹកសម្រាប់កសិកម្ម និងការប្រើប្រាស់ព្រៃឈើប្រកបដោយចីរភាព) ។
គួរបញ្ជាក់ដែរថា យោងតាមប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការកម្ពុជា ចន្លោះឆ្នាំ២០០២-២០២០ ភាគីស្វីសបានបើកផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ១៤២ លានដុល្លារ ដើម្បីគាំទ្រការអនុវត្តគម្រោងអភិវឌ្ឍន៍នានានៅកម្ពុជា ។ តាមរយៈកម្មវិធីសហប្រតិបត្តិការស្វីសសម្រាប់តំបន់មេគង្គ ឆ្នាំ២០២២-២០២៥ ថ្មីនេះ ភាគីស្វីស គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ១៣៣ លានហ្រ្វង់ស្វីស សមមូលនឹង ១៤៨ លានដុល្លារ ដោយបែងចែកជា ២កម្រិត គឺ កម្រិតប្រទេស (សម្រាប់កម្ពុជា និងឡាវ) និងកម្រិតតំបន់ ។ ក្នុងនោះ ភាគីស្វីស គ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងសរុបប្រមាណ ៥២ លានដុល្លារ សម្រាប់រយៈពេល ៤ ឆ្នាំ២០២២-២០២៥ ឬ ប្រមាណ ១៣ លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីគាំទ្រការអនុវត្តកម្មវិធីសហប្រតិបត្តិការថ្មីនេះនៅកម្ពុជា ។
ចុងបញ្ចប់នៃកិច្ចពិគ្រោះយោបល់នេះ ភាគីទាំងពីរជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនង និងភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ នឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរបន្ថែមនាពេលអនាគត ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលសហព័ន្ធស្វីស និងប្រជាជនស្វីស ដែលបានបន្តរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង