ព័ត៌មានជាតិ

គិតត្រឹមថ្ងៃទី៨ ខែមិថុនា ក្រុមការងារបានកំណត់គ្រួសារ ជួបការលំបាក និងស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលត្រូវទទួលបានមានចំនួន ៦១.៩៥៦(៦ម៉ឺន)គ្រួសារ ដែលត្រូវប្រើថវិការបស់រដ្ឋទាំងអស់ចំនួនជាង ១៦ប៊ីលានរៀល


គិតត្រឹមថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារបានកំណត់គ្រួសារដែលត្រូវទទួលបានមានចំនួន ៦១.៩៥៦(៦ម៉ឺន)គ្រួសារ ដែលត្រូវប្រើថវិការបស់រដ្ឋទាំងអស់ចំនួនជាង ១៦ប៊ីលានរៀល។ ក្នុងនោះ ការគិតគូរសម្រួលការលំបាកលើគ្រួសារទាំងអស់នោះ អំពីទំហំគ្រួសារ ថ្លៃស្បៀងអាហារ ថ្លៃទឹកស្អាត និងថ្លៃអគ្គិសនី​ ដែលបូកសរុបផ្តល់រួមចេញជាសាច់ប្រាក់។
ឆ្លើយតបនឹងសំណួរបស់អ្នកសារព័ត៌មានស្តីពីនីតិវិធី និងយន្តការបើកផ្តល់សម្រាប់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់សម្រាប់គ្រួសារនៃក្រុមមនុស្សគោលដៅ៣ប្រភេទ ដែលទាក់ទិននឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ ឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថាក្រុមការងារអន្តរស្ថាប័ន និងដៃគូឯកជន បានត្រៀមខ្លួនរួចរាល់ក្នុងការអនុវត្តកម្មវិធីនេះ ទាំងដំណាក់កាលនៃការសម្ភាសន៍ក្រុមគ្រួសាររងផលប៉ះពាល់ និងការត្រៀមថវិកាសម្រាប់ឧបត្ថម្ភ។ លើសពីនេះ ឯកឧត្តមបញ្ជាក់ថាតាមរយៈសន្និសីទសារព័ត៌មាន ឯកឧត្តមនឹងសង្ឃឹមថា ប្រជាពលរដ្ឋគោលដៅនឹងជ្រាបជាព័ត៌មាន ហើយអាចទៅទទួលបាននូវការឧបត្ថម្ភសាច់ប្រាក់បានយ៉ាងងាយស្រួល និងគ្រប់ៗគ្នា។ ភាពងាយស្រួលនៃការទទួលបានសាច់ប្រាក់ក្នុងកម្មវិធីនេះ គឺប្រជាពលរដ្ឋដែលជាក្រុមគោលដៅ គ្រាន់តែយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទក្រោយពីជាប់ដំណាក់កាលសម្ភាសន៍​ទៅកាន់បញ្ជរវីងគ្រប់ទីកន្លែងដើម្បីធ្វើការដកប្រាក់ ឬអាចទៅដកប្រាក់តាមរយៈប្រព័ន្ធស្វ័យប្រវត្តិ E-banking Wing Appផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី សង្កត់ធ្ងន់ថា ដំណើការឧបត្ថម្ភសាច់ប្រាក់ក្នុងកម្មវិធីនេះ នឹង​មិនអោយមានភាពមិនប្រក្រតីកើតឡើងទេ ពោលគឺចែកជូនចំក្រុមគោលដៅពិតប្រាកដ តាមរយៈបទពិសោធន៍ការអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់កន្លងមក រួមជាមួយយន្តការដោះស្រាយបណ្តឹងតវ៉ា ដែលប្រជាពលរដ្ឋអាចធ្វើការតវ៉ាបាន។

សូមបញ្ជាក់ថា គ្រួសារដែលមានជីវភាពលំបាក ហើយជាប់សម្ភាសន៍មកពីរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ និងគ្រួសារដែលមានសមាជិកឆ្លងកូវីដ១៩ទូទាំងប្រទេស នឹងទទួលបានឧបត្ថម្ភសរុបដូចគ្នា ដោយសម្រាប់៖
-គ្រួសារសមាជិកម្នាក់ ទទួលបាន ១៥៦.000រៀល
-គ្រួសារសមាជិក២-៣នាក់ ទទួលបាន ២៤៣.៧០០​រៀល។
-គ្រួសារសមាជិក៤នាក់ឡើង ទទួលបាន ៣១១.០០០រៀល។

ដោយឡែក គ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ ទូទាំងប្រទេស សម្រាប់៖
​-គ្រួសារសមាជិកម្នាក់ ទទួលបាន ៤៤០.000រៀល ។
-គ្រួសារសមាជិក២-៣នាក់ ទទួលបាន ៦២៥.៥០០​រៀល។
-គ្រួសារសមាជិក៤នាក់ឡើង ទទួលបាន ៧៦០.០០០រៀល។ ដោយក្រុមការងារនឹងបើកប្រាក់ជូនដល់លំនៅឋានតែម្តង សម្រាប់តែក្រុមគោលដៅនេះ។
គួររំលឹកផងដែរថា ការឧបត្ថម្ភសាច់ប្រាក់ក្នុងកម្មវិធីនេះ មានតែ១លើកគត់។ លើសពីនេះ ប្រជាពលរដ្ឋដឹងថាខ្លួនស្ថិតនៅក្នុងគោលដៅដែលមានជីវភាពលំបាក ប៉ុន្តែមិនទាន់មានអ្នកមកសម្ភាសន៍ អាចមកដាក់ពាក្យទៅកាន់អាជ្ញាធរឃុំ-សង្កាត់ទទួលការសម្ភាសន៍ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ដើម្បីមានឈ្មោះទទួលបានសាច់ប្រាក់នេះ។ ដោយឡែកក្រុមគោលដៅទាំង៣ ដែលទទួលបានការឧបត្ថម្ភសាច់ប្រាក់ក្នុងកម្មវិធីខាងលើ គឺមិនរាប់បញ្ចូល គ្រួសារមានប័ណ្ណសមធម៌ កម្មករ-និយោជិកក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបនោះទេ។
សូមប្រជាពលរដ្ឋក្រុមគោលដៅ រួសរាន់ទៅទទួលប្រាក់ឧបត្ថម្ភនេះ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅលេខ 01​5 219 888។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង