ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ដេវ យ៉ានី ឃុប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា


ក្នុងឱកាសដែលបានមកបំពេញបេសកកម្មការងារការទូតនៅកម្ពុជា លោកជំទាវ ដេវ យ៉ានី ឃុប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋឥណ្ឌា ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅទីស្តី ការក្រសួងព័ត៌មាន ដោយក្នុងឱកាសនោះ លោកជំទាវឯកអគ្គរដ្ឋទូតថ្មី បានសម្តែងនូវការរីករាយ សម្រាប់កិច្ចការងារនេះ នឹងបានឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង ២ ឥណ្ឌា និង កម្ពុជា មានតាំងពីយូរមកហើយ ទាំងលើផ្នែកវប្បធម៏ ប្រពៃណីជាដើម ពិសេសទំនាក់ទំនងលើវិស័យការទូតក៏មានជាយូរមកហើយដែរ។

លោកជំទាវ យ៉ានី ឃុប្រាហ្គាដេ មានប្រសាសន៏លើកឡើងថា ទោះបីស្ថានភាពនៃជំងឺ កូវីដ-១៩ មានសភាពខ្លាំងក្លាក្តី តែដោយសារមានការខិតខំប្រឹងប្រែងទាំងអស់គ្នា យើងបាន ធ្វើអោយការឆ្លងរីករាលដាលនៃជំងឺនេះ មានសភាពស្រាកស្រានខ្លះៗវិញហើយ ។ ដូច្នេះ លោកជំទាវ ឯកអគ្គរដ្ឋទូត មានជំនឿជឿជាក់ថា ទំនាក់ទំនងខាង វិស័យអាកាសចរណ៏ នៃ ប្រទេសទាំងពីរ ឥណ្ឌា កម្ពុជា នឹងអាចឈានដល់ការបើកជើងយន្តហោះ ទៅវិញទៅមក ឡើងវិញ ដែលជាផ្នែកមួយក្នុងការជួយសម្រួលដល់ការផ្លាស់ប្តូរផ្នែកទេសចរណ៏ និងពាណិជ្ជ កម្ម។ ទន្ទឹមជាមួយគ្នានេះ លោកជំទាវ យ៉ានី ឃុប្រាហ្គាដេ បានសំដែងនូវការអរគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាត្តអោយ រដ្ឋាភិបាលឥណ្ឌា យកយន្តហោះ ដើម្បីមក ដឹក ប្រជាជនឥណ្ឌា មួយចំនួនពីកម្ពុជា ទៅស្រុកកំណើតវិញ នាពេលខាងមុខនេះ។ នៅក្នុង កិច្ចពិភាក្សាការងារនោះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូតឥណ្ឌា បានជម្រាបជូនថា ដើម្បីបន្តរឹត ចំណងមិត្តភាព និងកិច្ចសហការគ្នាអោយកាន់តែល្អរវាងប្រទេសទាំងពីរ បន្ថែមទៀតនោះ គឺរដ្ឋាភិបាលឥណ្ឌា មានកញ្ចប់ថវិកាមួយចំនួន ដែលអាចអោយរដ្ឋាភិបាលកម្ពុជា ធ្វើការប្រើប្រាស់ ទាំងក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច កសិកម្ម និងធានមនុស្ស ។ តាមរយះនេះ លោក ជំទាវ បានសំណូមពរដល់ ក្រសួងព័ត៌មានកម្ពុជា ធ្វើការគិតគួរលើកជាគម្រោងនៅក្នុងបញ្ហា ខាងលើនេះ​។ ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកជំទាវ ឯកអគ្គរដ្ឋទូត បានលើកឡើង ពីការ រង់ចាំចម្លើយពីរដ្ឋាភិបាលកម្ពុជា ក្នុងការអនុញ្ញាតអោយមានការនាំសាច់ពីប្រទេសឥណ្ឌា មកកាន់ទីផ្សារប្រទេសកម្ពុជា ឡើងវិញ ដោយសារបច្ចុប្បន្ននេះ ឥណ្ឌាបាននាំសាច់ចេញទៅក្រៅ ប្រទេសជាង ៧០ ប្រទេស ហើយក្នុងរយះពេលចុងក្រោយនេះ ប្រទេស ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី បានឯកភាពអនុញ្ញាតសម្រេចអោយឥណ្ឌា នាំសាច់មកលក់វិញ។ ដូចនេះ លោកជំទាវ សង្ឃឹមថា កម្ពុជានឹងឯកភាពអោយឥណ្ឌា នាំសាច់មកលក់នៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយមានការត្រួតពិនិត្យបានច្បាស់លាស់ពីមន្រ្តីជំនាញ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការស្វាគមន៏ចំពោះបេសកកម្មការងារ ការទូតឥណ្ឌា ថ្មី ប្រចាំនៅកម្ពុជា របស់លោកជំទាវ យ៉ានី ឃុប្រាហ្គាដេ និងជូនពរអោយ ទទួលបានជោគជ័យ ដើម្បីបន្តពង្រឹង និងពង្រីកនូវរាល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ពីរកាន់តែល្អប្រសើរបន្ថែមទៀត។ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនពីសកម្មភាពការងាររបស់ ក្រសួងព័ត៌មាន ក្នុងការខិតខំប្រឹងប្រែងក្នុងការរៀបចំធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សាយទូរទស្សន៏ ពី Analog ទៅ Digital ដើម្បីធ្វើយ៉ាងណាអោយប្រជាជនកម្ពុជា ទាំងអស់បានមើលរូបភាព ច្បាស់ និងការផ្សាយព័ត៌មាន ថ្មីៗជាច្រើនដែលបានកើតមានឡើង។ ទន្ទឹមនេះក៏នឹងផ្សាយ ពីព្រឹត្តការណ៏ធំនៃទំនាក់ទំនងរវាង ប្រទេសកម្ពុជា និង ឥណ្ឌា ពិសេសនៅឆ្នាំ២០២២ ខាងមុខ ប្រទេសកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះនិងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន ដែលប្រការ នេះ ក្រសួងព័ត៌មាន ស្នើដល់ប្រទេសឥណ្ឌា ជួយផ្តល់នូវឯកសារ អោយបានច្រើន ដើម្បីយកមកធ្វើការផ្សព្វផ្សាយ អោយប្រជាជនកម្ពុជា យល់បានពីទំនាក់ទំនងរវាងប្រទេសទាំងពីរ និង យល់បាន តម្រូវការ និងពីទិសដៅនៃការអភិវឌ្ឍរបស់ប្រទេសឥណ្ឌា ក៏ដូចជំហរនានា របស់ ឥណ្ឌា នៅលើឆាកអន្តរជាតិផងដែរ៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង