ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី អញ្ជើញទទួលជំនួយ ឧបត្ថម្ភពីក្រុមហ៊ុន ឆ្នោតមហាសំណាង និង ពីម្ចាស់បណ្ណាគារ មុន្នីវណ្ណ ដើម្បីចូលរួមទប់ស្កាត់ និងការពារជំងឺ COVID-19


ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី រួមទាំង ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោក នាង វណ្ណ: នាយកទីចាត់ការរដ្ឋបាលខេត្ត បានអញ្ជើញទទួលជំនួយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគមួយចំនួន ពីក្រុមហ៊ុន ឆ្នោតមហាសំណាង និង ពីម្ចាស់បណ្ណាគារ មុន្នីវណ្ណ ដើម្បីចូលរួមទប់ស្កាត់ និង ការពារជំងឺ COVID-19 និងដើម្បីឱ្យរដ្ឋបាលខេត្តមណ្ឌលគិរី ចែកចាយបន្ដទៅកាន់មន្រ្តីអង្គភាពជំនាញ និងសមត្ថកិច្ច ដែលឈរជើងនៅតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងសែនមនោរម្យ ពិធីនេះប្រព្រឹត្តិទៅនៅសាលាខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ឆ្នោតមហាសំណាង និង ម្ចាស់បណ្ណាគារ មុន្នីវណ្ណ ដែលបានចូលរួមចំណែកជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី ក៏ដូចជារាជរដ្ឋាភិបាល តាមរយៈការឧបត្ថម្ភជាអង្ករ និង សម្ភារមួយចំនួនទៀត ក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩។

ឯកឧត្តមអភិបាលខេត្តបន្ថែមថា សម្រាប់ជំនួយជាគ្រឿងឧបភោគបរិភោគនាពេលនេះ ក្នុងនាមអាជ្ញាធរខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ នឹងយកទៅប្រើប្រាស់ ចាត់វិធានការប្រយុទ្ធនឹងជំងឺកូវីដ១៩ ក្នុងខេត្តមណ្ឌលគិរី ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់មន្រ្តីជំនាញ និងសមត្ថកិច្ច ដែលកំពុងឈរជើងនៅតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងសែនមនោរម្យ និង ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកផ្សេងទៀត ឯកឧត្តម បន្តថា បន្ទាប់ពីរកឃើញករណីស្លាប់ ១នាក់ និងមានវិជ្ជមានជំងឺកូវីដ-១៩ ជាច្រើននាក់ ដែលពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ម្យ៉ាងទៀត ដើម្បីចែកជូនពលរដ្ឋនៅតំបន់បិទខ្ទប់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគដ៏កាចសាហាវនេះ។

សូមបញ្ជាក់ថា ជំនួយឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ ដែលក្រុមហ៊ុនឆ្នោតមហាសំណា ឧបត្ថម្ភ រួមមាន: អង្ករចំនួន ១តោន មីជាតិ ចំនួន ២០កេសតូច ត្រីខ ០១កេសធំ ទឹកសុទ្ធ ២០កេស ម្ចាស់បណ្ណាគារមុន្នីវណ្ណ ឧបត្ថម្ភ អង្ករចំនួន ៥០០គីឡូក្រាម មីម៉ាម៉ា ២០កេសតូច ទឹកសុទ្ធ ២០កេស ម៉ាស់ ៥០ប្រអប់ អាល់កុល ៣០លីត្រ និង ថវិកា ចំនួន ២លានរៀល ៕

(មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង