ព័ត៌មានកីឡា

កីឡាកាយវប្បកម្ម បង្ហាញឆន្ទៈខំប្រឹង ដើម្បីត្រៀមស៊ីហ្គេម នៅវៀតណាម


ទោះបីកាលបរិច្ឆេទ ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅរដ្ឋធានី ហាណូយ ប្រទេស វៀតណាម កំពុងមានភាពស្រពេចស្រពិលយ៉ាងណាក្ដី ក៏ក្រុមកីឡា កាយវប្បកម្ម ជម្រើសជាតិកម្ពុជា នៅតែបន្ដខិតខំប្រឹងប្រែងជានិច្ច ដើម្បីពង្រឹងសមត្ថភាព ត្រៀមចូលរួមព្រឹត្តិការណ៍ ប្រចាំតំបន់នេះ ស្របតាមគោលការណ៍ និងការផ្ដល់សេចក្ដីទុក របស់ក្រសួងអប់រំ យុវជន និងកីឡា ។ នេះបើតាម ការបញ្ជាក់ របស់លោក សុខ វណ្ណៈ អគ្គលេខាធិការ សហព័ន្ធកីឡា កាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។

លោក សុខ វណ្ណៈ បានឲ្យដឹងថា បច្ចុប្បន្នកីឡាករ កាយវប្បកម្ម ជម្រើសជាតិកម្ពុជា ៤រូប កំពុងខិតខំប្រឹងប្រែងហ្វឹកហាត់ យ៉ាងយកចិត្តទុកដាក់ ក្នុងនោះកីឡាករ ២រូប បានហ្វឹកហាត់ នៅក្លិបផ្ទាល់ខ្លួន ខណៈ ២នាក់ទៀត ហ្វឹកហាត់ នៅក្លិបផ្សារសំណង់១២ ។ ទោះបី ក្នុងបរិបទកូវីដ-១៩ កីឡាករ ទាំងអស់ មិនអាចប្រមូលផ្ដុំជុំគ្នាបាន តែកីឡាករម្នាក់ៗ បានខិតខំរៀងៗខ្លួន ហើយនៅ រៀងរាល់ថ្ងៃអាទិត្យ កីឡាករទាំងអស់ តែងណាត់ជួបគ្នា ដើម្បីកែលម្អចំណុចខ្វះខាត ក៏ដូចជា ពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ។

បន្ទាប់ពី ចាប់ផ្ដើមហ្វឹកហាត់ រយៈពេលជិត ៣ខែកន្លងមកនេះ សហព័ន្ធសង្កេតឃើញកីឡាករម្នាក់ៗ ពិតជា មានការខិតខំប្រឹងប្រែង ហើយកាយសម្បទា ក៏មានការរីកចម្រើនច្រើនផងដែរ ។ ហេតុនេះ សហព័ន្ធ នឹងបន្ដជំរុញ យកចិត្តទុកដាក់ និងតាមដានការហ្វឹកហាត់ របស់កីឡាករទាំងអស់ ដើម្បីធានា និងពង្រឹងនូវ សមត្ថភាព បច្ចេកទេស ត្រៀមការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ទោះបីព្រឹត្តិការណ៍នេះ អាចមានការប្រែប្រួល កាលបរិច្ឆេទប្រកួត ឬអត់ក៏ដោយ ។

ចំពោះសមាសភាព ក្រុមកាយវប្បកម្មជម្រើសជាតិកម្ពុជា ដែលកំពុងហ្វឹកហាត់ បច្ចុប្បន្ន រួមមានកីឡាករ កែវ សំណាង, ទ្រីង ចាន់, អ៊ុន បូរ៉ាត់ និង អ៊ុត សុធា ដែលដឹកនាំដោយគ្រូបង្វឹកលោក ចាប វ៉ាននី ។ កីឡាកាយវប្បកម្ម ត្រូវបានចាត់ទុក ជាប្រភេទកីឡា មានសក្ដានុពល មួយរបស់កម្ពុជា ដែលមានសមត្ថភាពអាចដណ្ដើមមេដាយ ជូនជាតិ ជាក់ស្ដែងកន្លង មកក្រុមកីឡាកាយវប្បកម្ម ធ្លាប់ឈ្នះមេដាយមាស ៥, ប្រាក់ ៣, និងសំរឹទ្ធ ២ ពីការប្រកួត ជើងឯកអាស៊ីអាគ្នេយ៍ និងឈ្នះមេដាយមាស ២, ប្រាក់ ១ និងសំរឹទ្ធ ២ ពីការប្រកួតជើងឯកពិភពលោកទៀតផង ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី