ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូត វៀតណាមប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបជម្រាបលា


បន្ទាប់ពីបានបញ្ចប់អាណត្តិបេសកកម្មការងារការទូតនៅកម្ពុជារយះពេល ៣ ឆ្នាំកន្លះរួចមក ឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតសាធារណសង្គមនិយមវៀត ណាមប្រចាំកម្ពុជា បានអញ្ជើញចូលជួបគោរពជម្រាបលា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅ ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នាទីស្តីការក្រសួងព័ត៌មាន ។

នៅក្នុងឱកាសនោះ ឯកឧត្តម Vu Quang Minh បានថ្លែងនូវការអរគុណចំពោះកិច្ច សហការរល្អវាងក្រសួងព័ត៌មាន និងបណ្តាអង្គភាពសារព័ត៌មាន វៀតណាម ប្រចាំកម្ពុជា ពិសេស ក្រសួង បានធ្វើអោយកិច្ចសហការបានរឹងមាំ ដោយធ្វើអោយអាណត្តិបេសកកម្មការ ងារការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាប ជូនថា ប្រទេសវៀតណាមបាននឹងកំពុងដំណើរការសាងសង់ ស្ថាបនកម្មប្រវត្តិសាស្រ្ត ដែល ជាការរំលឹកដល់ដំណើរផ្សងព្រេង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែល កាលនោះ សម្តេចបានធ្វើដំណើរផ្សងព្រេង ទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការជួយ ពីកងទ័ពវៀតណាម ក្នុងការធ្វើយ៉ាងណា មកជួយធ្វើការរំដោះប្រជាជន និងប្រទេសកម្ពុជា ពី របប បនប្រល័យពូជសាសន៏ ប៉ុល ពត ។ ឯកឧត្តម Vu Quang Minh បានជម្រាបជូនដែរថា សម្រាប់ឱកាសថ្ងៃនេះ គឺជាថ្ងៃនៃខួបកាសែតបដិវត្តន៏វៀតណាម ហេតុដូច្នេះហើយ ឯកឧត្តម ឯកអគ្គរដ្ឋទូតវៀតណាម បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំ កាសែត បដិវត្តន៏វៀតណាម ជូនដល់បណ្តាស្ថាប័ន អង្គភាពសារព័ត៌មាន នានានៅកម្ពុជា ពិសេសថ្នាក់ ដឹកនាំ និងមន្រ្តីនៃក្រសួងព័ត៌មានកម្ពុជា ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការវាយតំលៃខ្ពស់ចំពោះលទ្ធផល ការងារ ដែលឯកឧត្តម Vu Quang Minh សម្រចបានក្នុងអាណត្តិបេសកកម្ម ជា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ក្នុងស្មារតី ឆន្ទ:សាមគ្គីភាព នៃប្រទេសទាំងពីរ ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានជូនពរ អោយឯកឧត្តម Vu Quang Minh ទទួលបាន ជោគជ័យក្នុងភារកិច្ចថ្មី នាពេល ខាងមុខបន្តទៀត។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរ ចំពោះថ្នាក់ដឹកនាំថ្មីនៃអគ្គនាយកវិទ្យុសំលេងវៀតណាម ដែលទើបតែងតាំងដោយរដ្ឋាភិបាល វៀតណាម ។ គួរបញ្ជាក់ដែរថា វិទ្យុសំលេងវៀតណាម VOV មានទំនាក់ទំនងល្អជាមួយ ក្រសួងព័ត៌មានកម្ពុជា ហើយតែងតែបានជួយផ្តល់ជាម៉ាស៊ីនផ្សាយវិទ្យុFM និងម៉ាស៊ីនផ្សាយ ទូរទស្សន៏​ មកតម្លើងនៅតាមបណ្តាខេត្ត នានា ក្នុងប្រទេសកម្ពុជា រួមទាំងផ្តល់នូវសំភារ:បរិក្ខា ថែមទៀតផងដែរ ដើម្បីចូលរួមចំណែកដល់ដំណើរការផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជា ។ ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៏លើកឡើងថា សម្រាប់ចុងឆ្នាំ២០២១នេះ ប្រទេសវៀតណាម ធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡា ស៊ីហ្គេម ហើយកម្ពុជា ក៏នឹងគ្រោងបញ្ជូនអ្នកព័ត៌មាន និងអ្នក ជំនាញថតកីឡា ទៅពិនិត្យមើលនិងធ្វើការដកស្រង់បទពិសោធន៏ សម្រាប់ការយកព័ត៌មាន និងថតផ្សព្វផ្សាយ ពីដំណើរការនៃការប្រកួតកីឡានានា ដើម្បីជាចំណេះដឹងទុក ព្រោះថា ប្រទេសកម្ពុជា ក៏នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ បន្ទាប់ពី ប្រទេសវៀតណាម ។ ដូច្នេះ ក្រសួងព័ត៌មាន បានស្នើអោយជំនាញការវៀតណាម មកជួយ លើការងារថតផ្សាយ នៃពីព្រឹត្តការណ៏ការកីឡាស៊ីហ្គេម តាមរយះស្មារតី សមាគមអាស៊ាន គឺ និយាយពីទំនាក់ទំនងបុគ្គល និងបុគ្គល ស្ថាប័ន និងស្ថាប័ន ដើម្បីអោយរាល់ដំណើរការងារ និងកិច្ចសហប្រតិបត្តិការទទួលបានលទ្ធផលល្អ៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង