ព័ត៌មានជាតិ

អភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារចុះពិនិត្យ និង យកសំណាក់ធ្វើតេស្តរហ័ស លើកម្មកររបស់ក្រុមហ៊ុន រ៉ែមាស រ៉ឺនេសង់ មីនើរ៉ល ក្នុងស្រុកែវសីមា


ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺ១៩ខេត្តមណ្ឌលគិរី អមដំណើរដោយ លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្ត លោក ស៊ន សារុន នាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការប្រតិបត្តិការសឹករងមណ្ឌលគិរី លោក ប៊ុន សួរ ប្រធានមន្ទីរសុខាភិបាលខេត្ត លោក ណយ ច័ន្ឌ ដារ៉ា ប្រធានមន្ទីរការងារ និង បណ្តុះវិជ្ជាជីវៈខេត្ត បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរសុខាភិបាល ចុះទៅតំបន់អូរខ្វាវចំនុច ព្រែកខ្លុង ស្ថិតនៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីត្រួតពិនិត្យ និងយកសំណាក់ធ្វើតេស្តរហ័សលើកម្មកររបស់ក្រុមហ៊ុន រ៉ែមាស រ៉ឺនេសង់ មីនើរ៉ល ដែលជួបផ្ទាល់ និងជួបប្រយោលជាមួយឈ្មោះ Kristt sanasuancma ជាជនជាតិថៃ ដែលវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២១នេះ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ដើម្បីសុខភាព និង សុវត្ថិភាពរបស់បងប្អូនកម្មករដែលឈរជើងនៅទីតាំងព្រែកខ្លុង ចំណុចអូរខ្វាវ បានជួបផ្ទាល់ និងជួបប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ១៩ នាពេលថ្មីនេះ ក្រោយពីទទួលបានព័ត៌មាននេះ ក្នុងនាម ជាថ្នាក់ដឹកនាំខេត្ត និង ជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្ត បានដឹកនាំក្រុមការងារគណៈកម្មការ និង មន្រ្តីជំនាញនៃមន្ទីរសុខាភិបាល ដើម្បីចុះធ្វើការត្រួតពិនិត្យ ដោយយកសំណាក់ធ្វើតេស្ត និងឧបករណ៍តេស្តរហ័ស។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍បន្តថា៖ ក្រោយពីមន្រ្តីជំនាញ នៃមន្ទីរសុខាភិបាល បានធ្វើតេស្តរហ័ស ជាលទ្ធផលមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ១នាក់ និងអ្នកអវិជ្ជមានចំនួន ៣២នាក់ ហើយចំពោះអ្នករកឃើញវិជ្ជមានជំងឺកូវីដ១៩ មន្រ្តីជំនាញសុខាភិបាលនឹងយកមកព្យាបាលនៅមន្ទីរពេទ្យខេត្ត ចំពោះអ្នកអវិជ្ជមានត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។

បន្ទាប់មក ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវអនុវត្ត ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាល ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ១៩ សូមទៅយកសំណាកនៅមន្ទីរពេទ្យបង្អែកខេត្ត ឬទីតាំងណាមួយ ដែលក្រុមគ្រូពេទ្យបានកំណត់ ៕

(មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)

ព័ត៌មានជាតិ

អត្ថបទទាក់ទង