ព័ត៌មានជាតិ

ជំនួបរវាងប្រមុខការទូតកម្ពុជា ជាមួយ អ្នករាយការណ៍ ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជាបានផ្តោតលើ(១) កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ (២)ជំងឺកូវីដ១៩ និងផលវិបាករបស់វា ព្រមទាំង (៣)​ សិទ្ឋប្រជាធិបតេយ្យ និងពលរដ្ឋ


នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៥:៣០នាទីរសៀល ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសន្ទនាតាមប្រព័ន្ឋវីដេអូ ជាមួយលោក សាស្ត្រាចារ្យ វិទិត​ មុនតាប៊ន អ្នករាយការណ៍ពិសេសថ្មី ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ កិច្ចពិភាក្សាបានផ្តោតលើ(១) កិច្ចសហប្រតិបត្តិការអន្តរជាតិ និងតំបន់ (២)ជំងឺកូវីដ១៩ និងផលវិបាករបស់វា ព្រមទាំង (៣)​ សិទ្ឋប្រជាធិបតេយ្យ និងពលរដ្ឋ។
ដោយចាត់ទុកខ្លួនលោកជាមិត្តល្អរបស់កម្ពុជា លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានគូសបញ្ជាក់ពីការគោរពដ៏ជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជា។ លោ​កបាន​សម្តែងនូវអំណរសាទរ ចំពោះកិច្ចសហប្រតិបត្តិកា​រយ៉ាងទូលំទូលាយរបស់កម្ពុជានៅ​ក្នុង​​យន្តការសិទ្ធិមនុស្ស ដូចជាការផ្តល់​
សច្ចាប័នអនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សជាច្រើន ការចូលរួមក្នុងស្ថាប័នសន្ធិសញ្ញា យន្តការត្រួតពិនិត្យតាមកាលកំណត់និងអ្នករាយការណ៍ពិសេស និងការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសិទ្ធិសេដ្ឋកិច្ចនិងសង្គម។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះលោកសាស្ត្រាចារ្យ វិទិត​ មុនតាប៊ន ដែលបានទទួលការតែងតាំងជាអ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងបាន​ស្វាគមន៍ចំពោះវិធីសាស្ត្រប្រកបដោយការគោរពរបស់លោកសាស្ត្រាចារ្យ ព្រមទាំងបានបញ្ជាក់សារជាថ្មីពីកិច្ចសហប្រតិបត្តិការ​របស់កម្ពុជា ​ក្នុង​ការធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នករាយការណ៍ពិសេស។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈផងដែរលើការរៀបចំរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និង គំនិតផ្តួចផ្តើមដែលមានសក្តានុពលពាក់ព័ន្ធមួយចំនួន។
ចំពោះការរីករាលដាលនៃជំងឺកូវីដ១៩ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដោយសង្ខេប ពីវិធានការហ្មត់ចត់និងយុទ្ធសាស្រ្តរបស់កម្ពុជាក្នុងការឆ្លើយតបនឹងវិបត្តិសុខភាព និងកាត់បន្ថយ​ផលប៉ះ​ពាល់​សេដ្ឋកិច្ច-សង្គមលើជនងាយរងគ្រោះ ក្នុងនោះមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ការផ្តល់ម្ហូបអាហារក្នុងអំឡុងការបិទខ្ទប់ និងការចាក់វ៉ាក់សាំង។ អាទិភាពរបស់រដ្ឋាភិបាល​គឺធានាសិទ្ធិ​រស់រានមានជីវិតនិងសុខភាព រួមជាមួយស្ថិរភាពសង្គម និងសុខភាពសាធារណៈ។ ជាការ​ឆ្លើយតប លោក សាស្ត្រាចារ្យ វិទិត មុនតាប៊ន បានស្វាគមន៍ចំពោះការឧបត្ថម្ភសាច់ប្រាក់ និងការចាក់វ៉ាក់សាំងការពារ​ដោយឥតគិតថ្លៃនៅក្នុងប្រទេសកម្ពុជា។
ស្តីពីប្រជាធិបតេយ្យនិងពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការវាយតម្លៃណាមួយមកលើប្រទេសកម្ពុជា គួរតែចងចាំថាតើការវាយតម្លៃនោះចេញពីប្រភពណា ហើយវាស្ថិតនៅត្រង់ណានៅពេលនេះ ។ យន្តការនានា ត្រូវបានរៀបចំបង្កើតឡើង ដើម្បីបង្កើតភាពជាដៃគូរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលឲ្យកាន់តែជិតស្និទ្ធ។ លទ្ធិប្រជាធិបតេយ្យមិនមែនជាការរត់ប្រណាំងចម្ងាយខ្លីនោះទេ ប៉ុន្តែវាជាការរត់ចម្ងាយឆ្ងាយមួយ។​ រាល់វិធានការច្បាប់ និងគ្រប់គ្រងរដ្ឋបាល ត្រូវបានពង្រឹងនិងអនុវត្តនៅក្នុងព្រំដែនច្បាប់។ ការចោទប្រកាន់ត្រូវបានធ្វើឡើងនៅចំពោះមុខតុលាការ ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌនិងការរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ ជនជាប់ចោទមានឱកាសពេញលេញក្នុងការស្តាប់ និងបដិសេធរាល់ការចោទប្រកាន់ ដែលជាផ្នែកមួយនៃសិទ្ធិទទួលបាននីតិវិធីត្រឹមត្រូវ។
នេះជាកិច្ចប្រជុំលើកទី៦ តាមប្រព័ន្ធវីដេអូ ដែលលោកសាស្រ្តាចារ្យ វិទិត មុនតាប៊ន បានជួប ជាមួយបណ្តាឥស្សរជននៃរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងអាណត្តិរបស់លោក។ អ្នករាយការណ៍ពិសេសថ្មីទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានជួបសន្ទនាជាមួយឥស្សរជន និងតំណាងមកពីក្រសួងមហាផ្ទៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រសួងយុត្តិធម៌។ លោកសាស្រ្តាចារ្យ វិទិត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយសម្រួលឲ្យមានការសន្ទនាដោយបើកចំហនិងប្រកបដោយការស្ថាបនា ដែលបង្ហាញពីការផ្តល់កិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជា នៅក្នុងអាណត្តិថ្មីរបស់លោក។

ព័ត៌មានជាតិ

អត្ថបទទាក់ទង