ព័ត៌មានជាតិ

ស៊ីម៉ាក់ថា គ្រាប់បែកដៃជាង៣០០គ្រាប់ដែលប្រទះឃើញ នៅកណ្តាលក្រុងសៀមរាប អាចប្រឈមគ្រោះថ្នាក់ !


អ្នកជំនាញមជ្ឍមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថាស៊ីម៉ាក់ " CMAC " បានជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានប្រមាណជាង៣០០គ្រាប់ យកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ដើម្បីត្រៀមកំម្ទេចចោល។ មជ្ឍមណ្ឌលនេះ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានចម្ងាយប្រមាណជិត ៣០គ.ម ពីក្រុងសៀមរាប។
លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានអោយដឹងនៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ គ្រាប់បែកដៃនោះមានប្រមាណ ៣២៥គ្រាប់នោះ ផលិតនៅប្រទេសអង់គ្លេស ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមានការប៉ះពាល់ឬធ្វើជ្រុះធ្លាក់ទៅដី។ លោកបានបន្ដថា គ្រប់បែកដៃនោះត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប។ ប៉ុន្ដែ លោកមិនអាចសន្និដ្ឋានថា បានកប់ទុកចោលនៅឆ្នាំណានោះទេ។ លោកបន្ថែមថា គ្រាប់បែកដែលបន្សល់ទុកនៅក្រោមដីនេះ អាចនឹងមានច្រើនទៀត ហើយក្រុមការងារស៊ីម៉ាក់ នឹងបន្ដជីករុករកបន្តនៅថ្ងៃទី១២ ខែកក្កដាស្អែកនេះទៀត ដើម្បីប្រមូលយកទៅកំទេចចោល។ លោកបានបន្ដថា ការជីកកាយរកឃើញដោយចៃដន្យនោះ គឺជាក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបណ្តាញខ្សែកាប កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមកនោះ ពិតជាមានសំណាងណាស់ ដែលកាយចំគ្រាប់បែកនោះ។ លោក បញ្ជាក់បន្ថែមថា បើសិនយើងជីកប៉ះចំវាៗអាចនឹងផ្ទុះភ្លាម។
បើតាម លោក សុខ សីហា ប្រធាន ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដានេះ ក្រុមកម្មករ នៃក្រុមការងាររបស់មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានជីកដីបង្កប់ខ្សែកាបអ៊ុបទិកក្រោមដីប្រទះឃើញ ដោយដំបូងឡើងមានតែប្រមាណជា ៧គ្រាប់ប៉ុណ្ណោះ ប៉ុន្ដែនៅពេលអ្នកជំនាញស៊ីម៉ាក់ គាត់បានរកឃើញជាច្រើនគ្រាប់ទៀត ដែលសរុបចំនួន ៣២៥គ្រាប់ ហើយខាងអ្នកជំនាញស៊ីម៉ាក់ថាអាចនៅសល់គ្រាប់បែកមិនទាន់ផ្ទុះនោះទៀត។ ទីតាំងដែលប្រទះឃើញគ្រាប់នោះ ស្ថិតនៅជាប់របងរបងវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបានបន្ថែមថា ក្រុមដោះមីនCMAC ប៉ាន់ស្មាននៅសល់ប្រហែល20%ទៀត ប៉ុន្តែCMAC បានផ្អាករកសិន ដោយសារពួគាត់ពុំបានយកឧបករណ៍មកគ្រប់គ្រាន់ និងមានគ្នាតិចស្របពេលថ្ងៃឈប់សម្រាកផង ជាមួយគ្នានោះក្រុមការងាររាវគ្រាប់មិនទាន់ផ្ទុះរបស់CMAC បានដាក់ស្លាកសញ្ញាគ្រោះថ្នាក់ហ៊ំព័ទ្ធជុំវិញទីតាំងនោះហើយដែរ៕ អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន!!!

ព័ត៌មានជាតិ

អត្ថបទទាក់ទង