ព័ត៌មានជាតិ

ឯឧ ព្រុំ សុខា អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការ រៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ


តាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០៥០ ប្រជាជនរហូតទៅដល់២ភាគ៣ នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង។ នេះជាប្រសាសន៍លើកឡើងរបស់ឯឧ ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅពិធីបើកសិក្ខាសាលាស្តីពីការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ តាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចកម្ពុជា និងឯឧ Benedict Cheong នាយកប្រតិបត្តិមូលនិធិTemasekអន្តរជាតិ ឯឧ លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ននានា នៅថ្នាក់ជាតិ និងឯឧ លោកជំទាវ ជាអភិបាល អភិបាលរងខេត្ត និងមន្ត្រីដឹកនាំ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ នៅទីស្តីការក្រសួង ។
ឯឧរដ្ឋមន្ត្រី ព្រុំ សុខា បានមានប្រសាសន៍ថា ទីក្រុងឆ្លាតដែលផ្តើមគំនិតដោយប្រទេសសិង្ហបុរី ជាប្រទេសសមាជិកអាស៊ានមួយ រហូតមកដល់បច្ចុប្បន្ននេះគំនិតផ្តួចផ្តើមដើម្បីកសាងបណ្តាញទីក្រុងឆ្លាត សម្រាប់ប្រទេសសមាជិកអាស៊ានទាំង១០ ក្នុងនោះកម្ពុជាក៏បានចូលរួម ហើយបានជ្រើសរើសយកទីក្រុងចំនួន៣ ក្នុងការរៀបចំដើម្បីក្លាយជាទីក្រុងឆ្លាត រួមមាន រាជធានីភ្នំពេញ ក្រុងបាត់ដំបង់នៃខេត្តបាត់ដំបង និងក្រុងសៀមរាបនៃខេត្តសៀមរាប។ ដូច្នេះយើងយល់ដឹងថា ហេតុអ្វីបានជាយើងត្រូវកសាងទីក្រុងឆ្លាត ព្រោះថាលំហូរប្រជាជនមកកាន់ទីប្រជុំជននៃប្រទេសនីមួយៗមានកំណើនខ្ពស់ជាកំណត់ ហើយដែលអង្គការសហប្រជាជាតិបានប៉ាន់ស្មានថា រហូតដល់ឆ្នាំ២០៥០ គឺមានប្រជាជន២ភាគ៣នៃប្រជាជននៅក្នុងប្រទេសនីមួយៗ នឹងចូលមករស់នៅក្នុងទីក្រុង។ ដូច្នេះទីក្រុង ត្រូវកសាងទៅជាទីក្រុងឆ្លាត ដើម្បីអាចបន្តភាពស្ថិតស្ថេរ និងការអភិវឌ្ឍន៍បន្តទៀតបាន។ នៅក្នុងឱកាសនេះ ឯឧរដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ទីក្រុងមួយ ដើម្បីអាចហៅថាទីក្រុងឆ្លាតបាន លុះត្រាតែប្រជាពលរដ្ឋមករស់នៅ គឺអាចរស់នៅបាន ហើយតម្រូវការចាំបាច់ដើម្បីរស់បាន រួមមាន ការងារ ស្បៀង ជំរក ការធ្វើដំណើរ ទំនាក់ទំនង អប់រំ សុខាភិបាល សុខមាលភាព សន្តិសុខសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ ទឹក ភ្លើង ផ្លូវ រួមទាំងប្រើICT ដើម្បីធ្វើឌីជីថលបាន លុះត្រាតែមានប្រព័ន្ធអនឡាញមួយដែលពេញលេញ កុំឲ្យមានគម្លាត និងបរិស្ថាន។ល។ មានន័យថា ទីក្រុងដែលមានមនុស្សរស់នៅបាន ជាទីក្រុងឆ្លាត គឺការផ្តល់សេវា ដោយឆ្លើយតបបានតាមសំណូមពរ និងតម្រូវការចាំបាច់របស់មនុស្សគ្រប់រូបនៅក្នុងទីក្រុង នាពេលបច្ចុប្បន្ន និងទៅអនាគត។ នៅក្នុងឱកាសនេះដែរ ឯឧ ព្រុំ សុខា បានមានប្រសាសន៍បញ្ជាក់ថា សិក្ខាសាលាដែលបានរៀបចំឡើងនាថ្ងៃនេះ មានប្រធានបទសំខាន់៣ ក្នុងនោះមាន ទី១ភាពជាអ្នកដឹកនាំសម្រាប់ការផ្លាស់ប្តូរ ទី២កំណែទម្រង់រដ្ឋបាលសាធារណៈ និងទី៣ការកសាងទីក្រុងឆ្លាត។ ប្រធានបទទាំងអស់នេះ មានសារៈសំខាន់ណាស់ សម្រាប់យើងទាំងអស់គ្នាដែលជាមន្ត្រី ដឹកនាំក្នុងវិស័យសាធារណៈ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ហេតុនេះព័ត៌មានជាចំណេះដឹង បទពិសោធន៍ នៃឧត្តមានុវត្តន៍ រឺការអនុវត្តន៍ល្អៗ ដែលនឹងត្រូវបានចែករំលែកដោយវាគ្មិនល្បីៗក្នុងសិក្ខាសាលានេះ ពិតជាមានសារៈប្រយោជន៍សម្រាប់ការបំពេញការងាររបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីទាំងអស់ ដែលមានវត្តមាននៅក្នុងសិក្ខាសាលាតាមប្រព័ន្ធវីដេអូនាថ្ងៃនេះ។ នៅក្នុងសិក្ខាសាលានេះដែរ ឯឧរដ្ឋមន្ត្រី ព្រុំ សុខា បានមានប្រសាសន៍លើកឡើងនៅចំណុចសំខាន់ៗចំនួន៣ ជូនដល់អង្គសិក្ខាសាលា រួមមាន ទី១អំពីទីក្រុងឆ្លាត ទី២ការដឹកនាំរដ្ឋបាលសាធារណៈ រឺការដឺកនាំគ្រប់គ្រងដើម្បីកសាងទីក្រុងឆ្លាត ដែលចាត់ទុកជាផ្នែកមួយនៃកំណែទម្រង់រដ្ឋបាលសាធារណៈដែលកម្ពុជាកំពុងតែដំណើរការ និងទី៣តើទីក្រុងឆ្លាតត្រូវការសេវាសាធារណៈ រឺការផ្តល់សេវាសាធារណៈបែបណាសម្រាប់ទីក្រុងឆ្លាត។
គួរបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្រោមកិច្ចសហការរវាងសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងមូលនិធិTemasekអន្តរជាតិរបស់សិង្ហបូរី តាមរយៈគម្រោងកសាងក្របខ័ណ្ឌសមត្ថភាពដឹកនាំសម្រាប់ថ្នាក់ដឹកនាំកម្រិតអគ្គនាយក អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

<