ព័ត៌មានកីឡា

ប្រតិភូ និងអត្តពលិកកម្ពុជា នឹងចេញទៅប្រកួត កីឡាអូឡាំពិក-ទីក្រុងតូក្យូ នាថ្ងៃទី២០-កក្កដា


ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា នឹងត្រូវចាកចេញ ពីមាតុភូមិ ទៅចូលរួម ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០(Tokyo Olympic Game 2020) នៅប្រទេសជប៉ុន នាថ្ងៃទី២០ ខែកក្កដាសប្ដាហ៍ ក្រោយនេះហើយ ក្រោមការដឹកនាំ របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជានាយបេសកកម្ម។
លោក ញ៉ាន សុខវិសាល នាយរង បេសកកម្ម បានឲ្យដឹងថា ប្រតិភូកម្ពុជា ដែលត្រូវបំពេញបេសកកម្មខាងលើ នឹងដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន នាយបេកកម្ម អមដំណើរដោយលោកស្រីវេជ្ជបណ្ឌិត ហួត ចាន់ធានី និងរូបលោក។ រីឯកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា មាន ៣រូប រួមមានកីឡាហែលទឹក ២រូប គឺកីឡាករ ហែម ប៊ុច និងកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា និងកីឡាករអត្តពលកម្មម្នាក់ គឺកីឡាករ ប៉ែន សុគង់ ត្រូវប្រកួតលើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។
នាយរងបេសកកម្មដដែលបញ្ជាក់ថា ប្រតិភូ និងអត្តពលិកកម្ពុជា ត្រូវចេញដំណើរទៅប្រទេសជប៉ុន នាថ្ងៃទី២០ ខែកក្កដាខាងមុខ ដើម្បីត្រៀមចូលរួមពិធីបើកការប្រកួតផ្លូវការព្រឹត្តិការណ៍ Tokyo Olympic Game 2020 នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ ប៉ុន្ដែកម្មវិធីប្រកួតរបស់អត្តពលិកកម្ពុជា ត្រូវរង់ចាំដល់ថ្ងៃទី០១ ខែសីហាដូចគ្នា ហើយក្រោយចប់ការប្រកួត ប្រតិភូ និងអត្តពលិកកម្ពុជា គ្រោងត្រឡប់មកមាតុភូមិវិញភ្លាមៗ ដោយមិនរង់ចាំនៅពិធីបិទការប្រកួតឡើយ ព្រោះកត្ដាសុវត្ថិភាព និងពិបាកស្វែងរកជើងហោះហើរត្រឡប់មកវិញ។
គួរដឹងថា កម្ពុជាបានទទួលសិទ្ធិអនុគ្រោះ ក្នុងការបញ្ជូនអត្តពលិក ២ប្រភេទកីឡា គឺកីឡាហែលទឹក និងកីឡាអត្តពលកម្ម ចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្ដៅ ឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលបានលើកពេលពីឆ្នាំមុន មករៀបចំឆ្នាំនេះ ចាប់ពីថ្ងៃទី២៣ ខែកក្កដា រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ខាងមុខ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី