ព័ត៌មានជាតិ

សម្ភារបរិក្ខារពេទ្យប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានយកទៅផ្តល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ


សម្ភារបរិក្ខារពេទ្យ ប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានម៉ាសធម្មតាចំនួន ១លានបន្ទះ និងម៉ាស N95 ចំនួន ១០មុឺនបន្ទះ ម៉ាស៊ីនស្វ័យប្រវត្តិផលិតអុកស៊ីសែន ចំនួន ១០០គ្រឿង ព្រមទាំងថវិកា សរុបចំនួន ៣៥មុឺនដុល្លាសហរដ្ឋអាមេរិច ត្រូវបានយកប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនវៀតណាមហើយ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងនៅបរិវេណអាកាសយានដ្ឋានអន្តរជាតិទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយភាគីកម្ពុជាមានលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងភាគីវៀតណាម តំណាងដោយលោក យឿង អាញ់ឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។
សូមជម្រាបថា ដើម្បីចូលរួមចំណែកប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងប្រទេសវៀតណាម ដែលកំពុងរងការវាយលុក៉ាងខ្លាំង កាលពីថ្ងៃទី ១៧ ខែកក្កដា សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស និងម៉ាស៊ីនផលិតអុកសុីសែនស្វ័យប្រវត្តិចំនួន ១០០គ្រឿងជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់វៀតណាម ដែលកំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩។ ទន្ទឹមគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានប្រកាសជួយឧបត្ថម្ភថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនកាកបាទក្រហមប្រទេសវៀតណាម និងសមាគមមិត្តភាពកម្ពុជា វៀតណាម ថវិកាចំនួន ៥មុឺនដុល្លាសហរដ្ឋអាមេរិច ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងប្រទេសវៀតណាមផងដែរ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការផ្តល់ជំនួយថវិកា សម្ភារបរិក្ខានិងម៉ាសនេះ គឺជាការបង្ហាញនូវស្មារតីរួមសហការគ្នា និងរួមសុខរួមទុក្ខក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
សូមរំលឹកថា កន្លងមកកម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាសទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងនេប៉ាល់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

ព័ត៌មានជាតិ

អត្ថបទទាក់ទង