ព័ត៌មានកីឡា

ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំត្រៀមប្រកាស បើកយុទ្ធនាការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣


ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ.(CAMSOC) បានអញ្ជើញដឹកនាំកិច្ចប្រជុំ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបូកសរុបការងារឆមាសទី១ និងលើកទិសដៅបន្តសម្រាប់ឆមាសទី២ និងផ្តោតសំខាន់លើបញ្ហាផ្សេងៗមួយចំនួនទៀត ព្រមទាំងត្រៀមប្រកាសបើកយុទ្ធនាការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

កិច្ចប្រជុំប្រចាំសប្តាហ៍នេះ បានកែសម្រួលនូវចំណុចមួយចំនួនមកត្រឹមចំណុចគោលធំៗ ចំនួន៤ ដូចជាសមិទ្ធិផលការងារ កត្តាប្រឈម សេចក្តីសន្និដ្ឋាន និងទិសដៅអនុវត្តបន្ត។ ជាមួយគ្នានោះ កិច្ចប្រជុំបានស្នើសុំដាក់បញ្ជូលបន្ថែមនូវរបាយការណ៍របស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិក (កីឡាជនពិការ) ការពិនិត្យបន្ថែមរបស់គណៈកម្មការជំនាញនានា និងបណ្តាចំណុចសំខាន់ផ្សេងៗទៀត។

ចំពោះចំណុចសំខាន់មួយទៀត គឺពិនិត្យមើលខ្លឹមសារ សារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីយកទៅប្រើប្រាស់ជាផ្លូវការនៅក្នុងពិធីបើកយុទ្ធនាការជាតិផ្សព្វផ្សាយឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលយុទ្ធនាការផ្សព្វផ្សាយជាតិនេះ គ្រោងនឹងធ្វើឡើងនាអំឡុងខែសីហាខាងមុខ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានជំរុញឲ្យគណៈកម្មការជំនាញនានា បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រួចគោលដៅដ៏ធំចម្បងរបស់ខ្លួន ធ្វើយ៉ាងណាឲ្យដំណើរការនៃការទទួលធ្វើម្ចាស់ផ្ទះ ការប្រកួត កីឡា ស៊ីហ្គេមលើកទី៣២ និងការប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជាផងដែរ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី