ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូត គុយបា ថ្មី ថ្លែងថា គុយបា បានរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ ប៉ុន្តែមានគេលាក់បាំង ហេីយបានធ្វើការបំផុស អោយមនុស្សមួយចំនួនធ្វើបាតុកម្ម ដោយយកលេសថា ប្រជាជនស្ថិតក្នុងភាពស្រេកឃ្លាន


ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន លោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបា ប្រចាំនៅព្រះរាជាណាកម្ពុជា បានជម្រាបជូនពីស្ថានភាពមួយ ចំនួនក្នុងប្រទេសគុយបា ដោយមានគេកំពុងតែមូលបង្កាច់ពីសភាពការណ៏ពិតនៅក្នុងប្រទេស គុយបា ជាពិសេសក្នុងតំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រទេសគុយបា បានរកឃើញវ៉ាក់សាំងការពារជំងឺកូវីដ មានចំនួន ៥ មុខ ក្នុង នោះមានចំនួន ២ មុខ បាននឹង កំពុងចាក់ជូនដល់ប្រជាជនគុយបាទូទៅ ប៉ុន្តែមានគេលាក់បាំង ហេីយបានធ្វើការបំផុស អោយមនុស្សមួយចំនួនធ្វើបាតុកម្ម ដើម្បីបញ្ចប់ការដឹកនាំរបស់រដ្ឋាគុយបា នាពេលបច្ចុប្បន្ន នេះ ដោយយកលេសថា ប្រជាជនស្ថិតក្នុងភាពស្រេកឃ្លាន ។ ប៉ុន្តែ ក្រុមបាតុករទាំងនោះ បានទៅវាយកម្ទេចហាងលក់ទំនិញជាច្រេីនកន្លែង ដោយពិនិត្យឃើញថា អ្នកអត់ឃ្លានទាំង នោះ មិនមែនត្រឹមតែយកម្ហូបអាហារប៉ុណ្ណោះទេ ថែមទាំងបានយករបស់របរដូចជា ទូរទស្សន៏ រួមជាមួយគ្រឿងប្រណិតផ្សេងៗជាច្រេីនទៀត ដែលផ្ទុយពីការដែលគេចោទថា ដោយសារ ប្រជាជន ភាពអត់ឃ្លាន។
លោកជំទាវ លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស បានជម្រាបជូនថា មានប្រជាជនគុយបា ជាច្រើនបានងេីបឡេីងធ្វើការប្រឆាំងតបត ទៅនិងក្រុមដែលបានធ្វើការមូលបង្កាច់ដោយ ឥតអៀនខ្មាស់ទាំងនោះ ។ ដូច្នេះហេីយលោកជំទាវ ឯកអគ្គរដ្ឋទូត ចង់អោយប្រជាជនកម្ពុជា និងប្រពន្ធ័ផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា បានយល់ដឹងច្បាស់លាស់ ពីស្ថានភាពពិតនៅក្នុងប្រទសគុយបា ។
ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៏ជម្រាបជូន លោកជំទាវ ឯកអគ្គរដ្ឋទូត គុយបា ដែរថា ប្រទេសកម្ពុជា ក៏ធ្លាប់បានជួបបញ្ហាដូចនេះដែរ ពិសេសមានការហ៊ុំព័ទ្ធសេដ្ឋកិច្ច ក្រោយពេលមានការផ្តួលរំលំរបបខ្មែរក្រហមប៉ុលពត ដែលជាប្រការមួយដ៏លំបាក ក្នុង ការអភិវឌ្ឍប្រទេស។ ប៉ុន្តែនៅពេលដែលមានអ្នកមិនយល់ គេចោទថា ដោយសាររដ្ឋាភិបាល តែការពិត នៅពេលដែលមានការរាំងខ្ទុប មិនអោយប្រទេសមួយមានទំនាក់ទំនងជាប្រក្រតីផ្នែកពាណិជ្ជកម្ម និងការផ្លាស់ទំនិញផ្សេងៗជាមួយប្រទេសផ្សេងៗទៀតនោះ គឺជាមូលហេតុធំ សម្រាប់ដំណេីរការអភិវឌ្ឍប្រទេស។ សម្រាប់ប្រទេសគុយបា គឺធ្លាប់ត្រូវបានគេ ហ៊ុំព័ទ្ធសេដ្ឋកិច្ចអស់រយះពេល ៦០ ឆ្នាំ ដែលធ្វើអោយដំណើរការនៃការអភិវឌ្ឍ ប្រទេសជាតិ ជួបការលំបាក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា ប្រទេសកម្ពុជា បានសំដែងការអរគុណចំពោះប្រទេសគុយបា ដែលនៅក្នុងដំណាក់កលប្រទេសកម្ពុជា បានរំដោះរួចផុតពីរបបខ្មែរក្រហម ក្នុងគ្រាដ៏លំបាក តែប្រទេសគុយបា ផ្តល់ជំនួយមកដល់ប្រទេស កម្ពុជា ជាពិសេសបានបញ្ជូនក្រុមគ្រូពេទ្យ គុយបា ដែលមានភាពល្បីល្បាញនៅទូទាំងទ្វីប អាមេរិកឡាទីន មកជួយពិនិត្យព្យាបាលជូនប្រជាជនកម្ពុជា អស់រយះពេលជាច្រេីនឆ្នាំ ដែល ជាផ្នែកមួយដ៏សំខាន់ ក្នុងការស្ថារសុខមាលភាពរបស់ប្រជាជនកម្ពុជាឡេីងវិញ កាលនៅក្នុង ដំណាក់លំបាក ខ្វះខាតនោះ។ ឯកឧត្តម រដ្ឋមន្រ្តី បានស្នេីដល់លោកជំទាវ ឯកអគ្គរដ្ឋទូត គុយបា នៅពេលឯកសារផ្សេងៗ ដែលអាចបញ្ជូនមកក្រសួងព័ត៌មានកម្ពុជា នឹងជួយផ្សព្វផ្សាយបន្តនូវរាល់កិច្ចការងារទាំងនេះជូន ដល់សាធារណជនបានដឹងពីប្រទេសគុយបា កាន់តែច្បាស់បន្ថែមទៀត ។ ឯកឧត្តម ខៀវ កាញារីទ្ធ ក្នុងនាមក្រសួងព័ត៌មានកម្ពុជា សូមគោរព ជូនពរដល់ ប្រជាជនគុយបា ទទួលបានជ័យជំនះលេីការលំបាកទាំងឡាយដែលមានកន្លង មកនេះ ៕
ដោយ: អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង