ព័ត៌មានកីឡា

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា កំណត់យកមេដាយ ១គ្រឿងនៅវៀតណាម នឹងដណ្តើមឲ្យបានមេដាយមាស ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣


សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបង្ហាញពីទិសដៅការចូលរួមប្រជែងដណ្តើមមេដាយស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការពង្រឹងខ្លួនត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ពិសេស គឺការជម្រុញឲ្យអត្តពលិកខ្លួនអាចបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤នៅប្រទេសបារាំង។


លោក សំ សុខយីអគ្គលេខាធិការ សហព័ន្ធកីឡាលើទម្ងន់បានពន្យល់ថា ទិសដៅសម្រាប់សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ដែលប្រទេសវៀតណាមធ្វើម្ចាស់ផ្ទះ សហព័ន្ធដាក់ទិសដៅដណ្តើមមេដាយឲ្យបាន១គ្រឿងជូនកម្ពុជា និងជម្រុញអភិវឌ្ឍន៍មន្រ្តីព័ត៌មានវិទ្យាសម្រាប់ជួយកិច្ចការសហព័ន្ធ និងបង្កើតធនធានចៅក្រមអាជ្ញាកណ្តាលត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ពិសេស គឺ ការជម្រុញអភិវឌ្ឍសមត្ថភាពអត្តលិករបស់ខ្លួនអាចបង្ហាញវត្តមានប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២៤ នៅប្រទេសបារាំង។

អគ្គលេខាធិការខាងលើ បញ្ជាក់ទៀតថា ដើម្បីជម្រុញឲ្យទិសដៅទាំងអស់នេះ អាចសម្រេចបានតាមផែនការ សហព័ន្ធបានដាក់ចេញនូវការពង្រឹងកម្មវិធីហ្វឹកហាត់ និងការប្រកួតនៅក្នុងស្រុក និងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេស ពិសេស គឺការស្វែងរកអត្តពលិកដែលជាកូនខ្មែរនៅក្រៅប្រទេសមកជួយកម្ពុជាប្រកួតប្រជែងដណ្តើមមេដាយពីការប្រកួតកម្រិតអន្តរជាតិដូចជាស៊ីហ្គេមជាដើម។

សូមបញ្ចាក់ថា សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបង្កើតបាន៣ឆ្នាំហើយ មានក្លិបក្រោមចំណុះប្រមាណជាជិត១០ក្លិបទាំងរាជធានីភ្នំពេញ និងបណ្តាខេត្ត ហើយ បច្ចុប្បន្នមានកីឡាករកីឡាការិនីជាប់ជាជម្រើសជាតិចំនួន៩រូប ពុងហ្វឹកហាត់ត្រៀមចូលរួមស៊ីហ្គេមនៅប្រទេសវៀតណាម ឆ្នាំ២០២២។ សម្រាប់ផែនការចំម្បងឆ្នាំ២០២២ស៊ីហ្គេមនៅវៀតណាម ដណ្តើមឲ្យមេដាយមួយជូនកម្ពុជាឲ្យបាន១គ្រឿង ស៊ីហ្គេម ឆ្នាំ២០២៣កម្ពុជាធ្វើម្ចាស់ផ្ទះ ដណ្តើមឲ្យបានមេដាយមាស ហើយ បន្ទាប់ពីធ្វើម្ចាស់ផ្ទះ ជម្រុញអភិវឌ្ឍសមត្ថភាពអត្តពលិកធ្វើយ៉ាងអាចចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសបារាំងឆ្នាំ២០២៤៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី