ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ចំនួន ៥០មុឺនដូសទៀត ជាជំនួយរបស់សហរដ្ឋអាមេរិក នឹងមកដល់កម្ពុជា នៅវេលាម៉ោង ១២:១៥នាទី រំលងអធ្រាត្រនេះ


តាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា វ៉ាក់សាំងកូវីដ-១៩ Johnson & Johnson ចំនួន ៥០មុឺនដូសទៀត គឺជាការមកដល់ជំហានទី២ សម្រាប់ជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអាមេរិក សរុបចំនួន ១លានដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ដែលនឹងដឹកមកដល់ប្រទេសកម្ពុជាយើងនៅវេលាម៉ោង ១២:១៥នាទីរំលងអធ្រាត្រ ថ្ងៃទី ១ខែ សីហាឆ្នាំ២០២១នេះ។
សូមជម្រាបថា តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ សហរដ្ឋអាមេរិក បានប្រកាសផ្តល់វ៉ាក់សាំងចំនួន ១លានដូសដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។ អំណោយនេះ គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា និងនៅក្នុងតំបន់ ក្នុងពេលកំពុងតែប្រឹងងើបចេញពីជំងឺរាតត្បាតយ៉ាងធ្ងន់ធ្ងរនេះ។

វ៉ាក់សាំង គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនោះ ក៏បានដាក់ចេញផែនការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ជាផែនការយុទ្ធសាស្ត្រមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កម្ពុជា ក៏បានស្វះស្វែងយ៉ាងខ្លាំងក្នុងការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ។ មកដល់ពេលពេលបច្ចុប្បន្ននេះ រកបានវ៉ាក់សាំងជាង ១៩ លានដូសហើយ ដែលក្នុងនោះមានទាំងការផ្តល់ជំនួយ និងការបញ្ជាទិញ។

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា មានប្រទេសជាមិត្តចំនួន៤ហើយ បានផ្តល់ និងប្រកាសផ្តល់ជំនួយវ៉ាក់សាំងមកកម្ពុជា។ ប្រទេសដែលបានផ្តល់ និងបានប្រកាសផ្តល់រួមមាន៖ ចិន ផ្តល់វ៉ាក់សាំងជាង ៣លានដូស ជប៉ុន ១លានដូស អាមេរិក ១លានដូស និងអង់គ្លេស ៤១ម៉ឺន ៥ពាន់ដូស៕
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង