ព័ត៌មានជាតិ

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តាមប្រព័ន្ធ Zoom


នៅថ្ងៃចន្ទ ទី ២ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសទី១ ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ តាមប្រព័ន្ធ Zoom ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជាអនុប្រធាន គណៈទីប្រឹក្សា និងក្រុមប្រតិបត្តិនៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិសរុបចំនួន ១៨នាក់។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈដូចខាងក្រោម ៖
១. របាយការណ៍វឌ្ឍនភាពសង្ខេបនៃការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ឆមាសទី១ ឆ្នាំ២០២១។
២. បទឧទ្ទេសនាម ស្តីពី កិច្ចប្រជុំកំពូលមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីមេរោគអេដស៍ និងជំងឺអេដស៍។
៣. បទឧទ្ទេសនាម ស្តីពី បច្ចុប្បន្នភាពនៃការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសកម្ពុជាឆ្នាំ២០២១។
៤. បទឧទ្ទេសនាម ស្តីពី បច្ចុប្បន្នភាពនៃការព្យាបាលអ្នកជំងឺអេដស៍ និងរយៈពេលនៃការទទួលបានឱសថប្រឆាំងមេរោគអេដស៍ (MMD) ក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩
៥. បទឧទ្ទេសនាម ស្តីពី បច្ចុប្បន្នភាពនៃសុខភាពមាតា ទារក និងកុមារ។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងបទឧទ្ទេសនាមខាងលើនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរយ៉ាងក្រៃលែងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបានបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមបែបគន្លងថ្មី និងបត់បែនទៅតាមសភាពការណ៍បច្ចុប្បន្ន។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីជាទុនបន្ថែមសម្រាប់អនុវត្តការងារបន្តទៅមុខទៀត ហើយសង្ឃឹមជឿជាក់ថា ការប្តេជ្ញាចិត្តរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នឹងបន្តដំណើរការដោយរលូនទៅតាមទិសដៅដែលបានកំណត់ និងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង