ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជានឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​ ០៦ ខែសីហា ឆ្នាំ​២០​២​១ តាម​​ប្រព័ន្ធ​វីដេអូ


តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu)​ រដ្ឋមន្រ្តី ការបរទេស នៃ​ប្រទេស​ជប៉ុន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង​សហប្រតិ​បត្តិ​ការអន្តរជាតិ នៃ​​ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តី ការបរទេសមេគង្គ-ជប៉ុន លើកទី១៤ ដែលនឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​ ០៦ ខែសីហា ឆ្នាំ​២០​២​១ តាម​​ប្រព័ន្ធ​វីដេអូ។

​ប្រទេសជប៉ុន នឹងធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនេះ ហើយរដ្ឋមន្រ្តីការបរទេសនៃប្រទេស មេគង្គដទៃទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ផងដែរ។

​រដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុន នឹងពិនិត្យមើលវឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន នៅក្នុងវិស័យផ្សេងៗ កំណត់ទិសដៅអនាគតនៃកិច្ចសហប្រតិបត្តិការនេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយចីរភាព លើកកម្ពស់ការតភ្ជាប់ផ្នែកសង្គម សេដ្ឋកិច្ច និងវប្បធម៌ក្នុងចំណោម​ប្រទេស​​មេគង្គ និងប្រទេសជប៉ុន និងដើម្បីធានាបាននូវអនុតំបន់​មេគង្គ ដែល​កាន់​តែ​រស់រវើក ដោយ​គិតគូរ​ពិចារណា​ទៅលើជំងឺកូវីដ-១៩ និងការប្រឈមនានា​ ដែលកំពុងកើត​មាន​ឡើង។ រដ្ឋមន្រ្តី​ទាំងអស់ក៏​នឹង​​ផ្លាស់​ប្តូរ​ទស្សនៈគ្នាផងដែរ លើ បញ្ហាតំបន់ និងអន្តរជាតិ ដែលជា​ចំណាប់​អារម្មណ៍ និងការ​បារម្ភរួមគ្នា ៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង