ព័ត៌មានជាតិ

ឯកឧត្តម ជិន ប៊ុនស៊ាន បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) និងគណៈកម្មការនានា


នៅព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៏ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសហការីបានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក (គណៈកម្មការទី៣) និងគណៈកម្មការនានា នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានការអនុម័តនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងកិច្ចប្រជុំនេះ ដោយមានការអនុញ្ញាតពីឯកឧត្តមទេសរដ្ឋមន្រ្តី អនុប្រធាន ក.អ.ក. ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក.អ.ក និងឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទានិងអភិឌ្ឍន៍កម្ពុជា នៃ ក.អ.ក. បានធ្វើការឆ្លើយតបយ៉ាងហ្មត់ចត់ចំពោះកម្រងសំណួរ និងសំណូមពររបស់អង្គប្រជុំ។
តាមរយៈកិច្ចពិភាក្សាគ្នាយ៉ាងផុលផុស គណៈកម្មការរដ្ឋសភា មានសង្ឃឹមយ៉ាងមុតមាំថានៅពេលចូលជាធរមាន សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជានេះពិតជានឹងជួយទាក់ទាញការ វិនិយោគបន្ថែមនៅព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានជាតិ

អត្ថបទទាក់ទង