ព័ត៌មានជាតិ

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានអនុញ្ញាតឲ្យឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឲ្យឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានស្តីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារ តាមប្រព័ន្ធ Video Conference ។

នៅក្នុងជំនួបពិភាក្សា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រទាំងសម្ភារ:, បច្ចេកទេស និងហិរញ្ញវត្ថុ ដល់ការអភិវឌ្ឍកម្ពុជា ជាក់ស្តែង ស្ថិតក្នុងកាលៈទេសៈនៃវិបត្តិសកលដែលយ៉ាយីដោយសារវីរុសកូវីដ-១៩ នេះ, រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយជាវ៉ាក់សាំង Astra Zeneca សរុបចំនួន ១ លានដូស ជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលនេះ ជាកាយវិការសប្បុរសធម៌ និងសន្តានចិត្តដ៏ប្រពៃពីភាគីមិត្ត ។

ក្នុងឱកាសនោះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុន បានពិភាក្សាលើយន្តការស្តារ និងការអភិវឌ្ឍលើវិស័យនានា ក្រោយពីស្ថានភាពនៃជំងឺកូវីដ-១៩ ត្រូវបានថមថយ ជាពិសេស ការស្តារ និងការជម្រុញលើការវិនិយោគនៅកម្ពុជា ។ល។ កម្ពុជា សូមស្វាគមន៍នូវការពិចារណាលើផែនការផ្តល់ឥណទានសម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច ក៏ដូចជា វិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ទន្ទឹមនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានស្នើសុំដល់រដ្ឋាភិបាលជប៉ុន តាមរយៈ ឯកឧត្តមឯកអគ្គរាជទូតជប៉ុន ក្នុងការបន្តផ្តល់នូវជំនួយវ៉ាក់សាំង Astra Zeneca ក៏ដូចជា គាំទ្រ និងសម្របសម្រួលឲ្យកម្ពុជាអាចបញ្ជាទិញវ៉ាក់សាំង Astra Zeneca បានបន្ថែមទៀតផងដែរ ។

ជាថ្មីម្តងទៀត, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវមូលវិចារណ៍ថ្លៃថ្លា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុនដែល តែងតែយកចិត្តទុកដាក់ និងផ្តល់នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា លើស្ទើរគ្រប់វិស័យ និងចំទិសដៅ ដែលសកម្មភាពទាំងនេះបានឆ្លុះបញ្ចាំង អំពីតួនាទីប្រទេសជប៉ុន ជា “ដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត” ដ៏សំខាន់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែង ជំរុញការអភិវឌ្ឍកម្ពុជា ។

ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏សូមជូនពរឯកឧត្តម Masahiro MIKAMI និងលោកស្រី KAMEI Haruko ឲ្យទទួលបាននូវជោគជ័យជាបន្តបន្ទាប់ទៀត សម្រាប់ការបំពេញ ភារកិច្ចនៅកម្ពុជា ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង