ព័ត៌មានជាតិ

រដ្ឋសភានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំសិក្ខាសាលាស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២


គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា​ បានសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំសិក្ខាសាលាសភាស្តីពីការស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច​ និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២​ តាមប្រព័ន្ធអនឡាញZoom ក្រោមអធិបតីភាព​ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២​ នៃរដ្ឋសភា​ នៅព្រឹកថ្ងៃទី១៧ ខែសីហា​ ឆ្នាំ២០២១នេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកឡើងថា​ ដូចបណ្តាប្រទេសនានានៅលើសកលលោកដែលឆ្នាំ២០២០ជាឆ្នាំដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាមានការលំបាកបំផុតជាប្រវត្តិសាស្រ្តធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះក្នុងអត្រា-៣,១% ដោយសារការធ្លាក់ចុះតម្រូវការសកល ការបង្អាក់ដល់ខ្សែច្រវាក់ផលិតកម្មសកលដែលបង្ករឡើងដោយជំងឺកូវីដ១៩។ សម្រាប់ឆ្នាំ២០២១​ ពីដើមឡើយកម្ពុជារំពឹងថាមានកំណើន៤,០% ប៉ុន្តែព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ​ រួមនឹងវត្តមានវីរុសបំប្លែងថ្មីដែលតា បានធ្វើឲ្យកំណើនមាននៅត្រឹម២,៤%។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានលេីកឡេីងថា​ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច៤,៨%​ នៅឆ្នាំ២០២២​ ដោយសារកម្ពុជាមានលទ្ធភាពស្តារសេដ្ឋកិច្ចបានឡើងវិញក្នុងរយៈពេលឆាប់ដោយសារយុទ្ធនាការចាក់វ៉ាក់សំាងដល់ពលរដ្ឋ បង្កើតឱ្យមានស៊ំាក្នុងសហគមន៍ធ្វើឱ្យសង្គមជាតិមានប្រក្រតីភាព។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា​ នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩នេះ រដ្ឋាភិបាលបានបញ្ចេញថវិកាអន្តរាគមន៍ក្នុងទំហំប្រមាណ៧១៩លានដុល្លារ ក្នុងយុទ្ធនាការការពារអាយុជីវិតពលរដ្ឋ រក្សាលំនឹងជីវភាពប្រជាពលរដ្ឋនិងការទ្រទ្រង់សកម្មភាពអាជីវកម្ម​ ប៉ុន្តែដោយសារមានព្រឹត្តិការណ៍២០កុម្ភៈ​ ទំហំថវិកាសម្រាប់អន្តរាគមន៍កូវីដ១៩អាចមានដល់១.៤៥៤លានដុល្លារ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការដែលមានថវិកាប្រើប្រាស់នៅគ្រាអាសន្នមិនមែនជាការដៃដន្យនោះទេ ប្រាក់សន្សំនេះកើតចេញពីការគិតគូរប្រកបដោយភាពមធ្យ័តប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានកោតសសើរ​ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសំខាន់ៗដែលរដ្ឋាភិបាលសម្រេចបានក្នុងរយៈពេលជាងមួយទសវត្សមកនេះ​ ដោយធានាបាននូវសុខសន្តិភាពពេញលេញស្ថិរភាពនយោបាយ និងវឌ្ឍនភាពឈានឡើងជាលំដាប់ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពធូរធារ និងសុខដុមរមនា។

លោកជំទាវអនុប្រធានទី២ នៃរដ្ឋសភា បានបន្តថា​ ទោះបីជាក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ​ កម្ពុជាយើងប្រឈមនឹងវិបត្តិជំងឺរាតត្បាតកូវីដ១៩​ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ យ៉ាងណាក្តី​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលយើងនៅតែអាចរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានកាត់បន្ថយផល់ប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចឱ្យស្ថិតក្នុងកម្រិតទាប។

"អ្វីដែលពិសេសនិងគួរឱ្យកត់សម្គាល់នោះគឺ ក្នុងកាលៈទេសៈនៃវិបត្តិជំងឺកូវីដ-១៩​ រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការសង្គ្រោះ ការពារអាយុជីវិត និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលទទួលរង ដោយជំងឺនេះ ដោយមិនទុកឱ្យនរណាម្នាក់ស្លាប់ ដោយមិនបានទទួលការព្យាបាល បានថែទាំងអ្នកកើតជំងឺកូវីដដោយមិនគិតថ្លៃ និងបានប្តេជ្ញាចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដជូនប្រជាជនឱ្យបានយ៉ាងតិច១០លាននាក់ នៅក្នុងឆ្នាំនេះ។ យុទ្ធសាស្ត្រវ៉ាក់សាំងនេះ បានទទួលជោគ ជ័យគួរឱ្យកត់ សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងជំងឺរាតត្បាតនេះដោយសារតែមាន ការដឹកនាំដ៏ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចនាយករដ្ឋមន្ត្រី និងដោយមានការចូលរួមគាំទ្រពីប្រទេសជាមិត្ត សហគមន៍អន្តរជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងបងប្អូនប្រជាពលរដ្ឋរបស់យើង"​ នេះជាការគូសបញ្ជាក់របស់លោកជំទាវកិត្តិសង្គហបណ្ឌិត។

ថ្នាក់ដឹកនាំរដ្ឋសភា បានសង្កត់ធ្ងន់ថា ស្ដារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញ គឺអាស្រ័យទាំងស្រុងទៅលើល្បឿននៃការ ចាក់វ៉ាក់សាំង និងការគ្រប់គ្រងការរីករាលដាលនៃជំងឺនេះ។​ ក្នុងបរិបទនេះចាំបាច់ត្រូវធ្វើការកែទម្រង់ឱ្យបានហ្មត់ចត់លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីឱ្យស្របទៅនឹងសភាពការណ៍ជាក់ស្ដែង បំពេញទៅនឹងតម្រូវការបន្ទាន់និងចាំបាច់របស់ប្រជាពលរដ្ឋប្រើប្រាស់ធនធានហិរញ្ញវត្ថុឱ្យបានប្រសើរបំផុតដោយធ្វើការបែងចែកថវិកាទៅលើវិស័យជាអាទិភាព នានា គាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចសង្គម ព្រមទាំងកសាងបាននូវភាពស៊ាំ។ ត្រូវលើកកម្ពស់ការស្ដារ និងការងើបឡើងវិញប្រកបដោយភាពធន់ បរិយាប័ន្ន និងបៃតង។
ការជាកត់សម្គាល់​ សិក្ខាសាលាសភាស្តីពីការស្វែងយល់អំពីការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ប្រចំាឆ្នាំនេះ រដ្ឋសភាតែងតែរៀបចំឡើងដើម្បីប្រមូលធាតុចូលពីគ្រប់មជ្ឈមដ្ឋានក្នុងការផ្តល់មតិយោបល់ អនុសាសន៍ទៅរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ត សម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំនីមួយៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់បម្រើដល់ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិងការអភិវឌ្ឍប្រទេសជាតិ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង