ព័ត៌មានកីឡា

សម្តេចពិជ័យសេនា ទៀ បាញ់ វាយតម្លៃខ្ពស់ចំពោះសន្និបាត CAMSOC


សម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានអញ្ជើញដឹកនាំ សន្និបាត តាមប្រព័ន្ធ ZOOM នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ដោយសម្តេចប្រធានបានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលឆមាសទី១ ដែលសម្រេចបាន និងបន្តលើកទិសដៅឆមាសទី២ ឆ្នាំ២០២១។

ថ្លែងក្រោយបញ្ចប់សន្និបាត ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារថា សន្និបាតបានលើកឡើងអំពីចំណុចសំខាន់ៗ ដែលត្រូវបន្តធ្វើដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដោយសម្តេចប្រធានបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល នៅក្នុងឆមាសទីមួយ ដែលយើងខិតខំប្រឹងប្រែង នៅក្នុងដំណាក់កាលកូវីដ-១៩ ដែលជាសក្ខីកម្មនៃការរុញឲ្យឆ្នាំដំណើរការពីឆ្នាំ២០២២-២០២៣ អាចប្រព្រឹត្តទៅដោយរលូន។ ការវាយតម្លៃនៅក្នុងថ្ងៃនេះ គឺសន្និបាតទាំងមូលបានឯកភាពគ្នាជាធ្លុងមួយ នៅក្នុងការជំរុញការងារបន្ថែមទៀត ក្នុងឆមាសទីពីរ។

ក្រៅពីនោះ ក៏យើងទទួលបានអនុសាសន៍បន្ថែមពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ស្តីពីការធ្វើផែនការបម្រុង បង្ការហានីភ័យ នៅក្នុងផែនការណាមួយ ដែលផែនការបម្រុងនោះនឹងអាចយក ទៅកែឆ្នៃ និងឆ្លងថ្នាក់ដឹកនាំ គឺយើងអាចយកទៅអនុវត្តសម្រួចគោលដៅរបស់យើងឲ្យមានប្រសិទ្ធភាព និងដំណើរការដោយរលូន។ នៅក្នុងនោះ យើងក៏បានស្តាប់នូវសំណូមពររបស់ឯកឧត្តម នាយឧត្តមសេនីយន៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះ AFF Suzuki Cup នាខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ហើយសម្តេចពិជ័យសេនា ទៀ បាញ់ ព្រមទាំងសន្និបាតទាំងមូលបានគំាទ្រ និងឯកភាព។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ជាមួយគ្នានោះ យើងក៏បានស្តាប់ប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានគណៈកម្មការសន្តិសុខ-សណ្តាប់ធ្នាប់នៃ CAMSOC ដែលបានបង្ហាញនូវភាពហ្មត់ចង់ នៃវឌ្ឍនភាពការងារ ដោយរៀបចំផែនការច្បាស់លាស់អំពីការរៀបចំសន្តិសុខ-សណ្តាប់ធ្នាប់ជាតិ និងអន្តរជាតិ សម្រាប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ផងដែរ។ ទាំងអស់នេះ គឺជាគោលគំនិត ធាតុចូលសំខាន់ៗរបស់គណៈកម្មការជំនាញ ដែលបានផ្តល់ជូនដល់ CAMSOC ដើម្បីទទួលបាននូវភាពគត់មត់គ្រប់ជ្រុងជ្រោយ សម្រួចគោលដៅឲ្យការទទួលធ្វើម្ចាស់ផ្ទះហ្គេម តំបន់អាស៊ីអាគ្នេយ៍ ជាលើកដំបូងជាប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជាទទួលជោគជ័យ៕

 

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី