ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ផ្តល់ស្បៀងអាហារ ដល់ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ស្រុកកោះសូទិន ខេត្តកំពង់ចាម


ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុកកោះសូទិន រួមដំណើរដោយ ឯកឧត្តម ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល រួមជាមួយថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន បាននាំយកនូវ ស្បៀងអាហារ រួមមាន អង្ករ មី ត្រី ខ ទឹកស៊ីអ៊ីវ ទឹកត្រី និង ម៉ាស មកប្រគល់ជូនដល់ អាជ្ញាធរដែនដី ស្រុកកោះសូទិន ដើម្បីចែងចែកជូន ដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងធ្វើ ចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុងភូមិ ឃុំ នានា នៃ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។

​តាមរបាយការណ៏របស់ លោក យី វណ្ណះ អភិបាលនៃគណ:អភិបាល ស្រុកកោះសូទិន ខេត្តកំពង់ចាម បានអោយដឹងថា ចាប់តាំងពីមានការឆ្លងរីករាលនៃជំងឺកូវីដ-១៩ នេះមក នៅ ក្នុង ស្រុកកោះសូទិន មានអ្នកឆ្លងសរុបចំនួន ១១៦ នាក់ ក្នុងនោះ ៥ នាក់ស្លាប់ ហេីយបាន ព្យាបាលជាសះស្បើយចំនួន ៧៥ នាក់។

ចំពោះអ្នកដែលធ្វើចត្តាឡីស័ក នៅតាមផ្ទះ មានចំនួន ២៨៨ គ្រួសារ ដោយបានទទួល អំណោយពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ ជាបន្តបន្ទាប់រួចមកហើយ និង បន្តផ្តល់ជូនបន្ថែមទៀត ដែលក្នុងឱកាសនេះ មានជាអង្ករ ១ ១៦០ គីឡូក្រាម មីម៉ាម៉ា ៦០ កេស ត្រី ខ ៥៨ យួរ ទឹកត្រី ៥៨ យួរ ទឹកស៊ីអ៊ីវ ៥៨ យួរ និងម៉ាស ១ ម៉ឺន ម៉ាស ប្រគល់ជូន ដល់អាជ្ញាធរ ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុង ធ្វេីចត្តាឡី ស័ក។

​តាមតូលេខរបស់ស្រុកកោះសូទិន បានបង្ហាញចំនួនអ្នកកើតជំងឺកូវីដ-១៩ មាននៅ ក្នុង ឃុំ ព្រែកតានង់ ចំនួន ១៩ នាក់ ឃុំ កំពង់រាប ៤ នាក់ ឃុំ កោះសូទិន ២៦ នាក់ ឃុំ ពាមប្រធ្នោះ ២១ នាក់ ឃុំ ល្វេ ៦ នាក់ ឃុំមហាខ្ញូង ៧ នាក់ ឃុំ មហាលាភ ចំនួន ៣១ អង្គ នាក់ និងឃុំពង្រ ២ នាក់។

នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វេីការរំលឹកដល់ អាជ្ញាធរ ដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការងារ និងវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាល នៃជឺងឺកូវីដ -១៩ ក្នុងមូលដ្ឋាន ភូមិ ឃុំ នៃស្រុកកោះសូទិន អោយបានកាន់តែសកម្មបន្ថែម ទៀត ហើយក្នុងនោះថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ជាន់ថ្នាក់ ក៏ត្រូវថែរក្សា និងការពារខ្លួន ឯងជាចាំ បាច់ផងដែរ ព្រោះវីរុសបំលែងថ្មី ប្រភេទ Delta កំពុងរីករាលដាលនៅកម្ពុជា ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឲ្យបាន នូវវិធានការសុខាភិបាល និងត្រូវរាយការណ៍ជូនមន្ត្រីសុខាភិបាល បន្ទាន់ក្នុងករណីមានបញ្ហា សុខភាពដូចជា ក្អកមានស្លេស ក្តៅខ្លួនលើសពី ៣៧ អង្សារ ពិបាកដក ដង្ហើម ឈឺ ក តិចតួច និងអាការ:មិនស្រួលក្នុងខ្លួន ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានអំពាវនាវដល់ បងប្អូន ប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបាន ខ្ជាប់ខ្លួន នូវវិធានការ«៣កុំ ៣ការពារ» និងត្រូវកែប្រែ ទម្លាប់នៃ ការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធាន ការ អនាម័យ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បី ការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

​ក្រៅពីនាំយកនូវស្បៀងអាហារ ធ្វើការចែកជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមផ្ទះ ក្នុងឃុំព្រែកតានង់ នេះដែរ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានជូននូវថវិកា ដល់ក្រុមការងារស្រុកកោះសូទិន ដើម្បីបន្តសកម្មភាពការងារ បង្ការ និងទប់ស្កាត់ ជំងឺកូវីដ ពិសេស ប្រភេទ Delta កុំអោយមានការកេីនឡេីងកាន់តែច្រើនបន្ថែមទៀត។

​ជាការចូលរួមក្នុងសកម្មភាពការងារមនុស្សធម៏ នាឱកាសនេះដែរ លោក ទី អៀង និង លោកស្រី តាំង ហ្គេចយាន ជាអាជីវករលក់ដូរនៅ រាជធានី ដែលបានអញ្ជេីញចូលរួមក្នុង ការចែកអំណោយនេះដែរ បានជួយជាថវិកាចំនួន ៤ លានរៀល ជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ។

​គួររំលឹកដែរថា កាលពីព្រឹកថ្ងៃទី១១ ខែ សីហា ឆ្នាំ២០២១ កន្លងមកនេះ លោក ទី អៀង និង លោកស្រី តាំង ហ្គេចយាន បាននាំអំណោយជូនដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមមានម៉ាសចំនួន ៣ ម៉ឺន ម៉ាស អាវពេទ្យការពារកូវីត១៩ ចំនួន ៣០០ អាវ មី ១០ កេស ធំ ត្រីខ កំប៉ុង ៥០ យួរ និងទឹកបរិសុទ្ធ ១០០ កេស សម្រាប់ជាការចូលរួមប្រយុទ្ធប្រឆាំងកូវីដ-១៩ ៕
ដោយ: ទទក

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង