ព័ត៌មានជាតិ

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឲ្យបេក្ខជនជ័យលាភី ជាមន្ត្រីរាជាការវ័យក្មេង ទទួលបានអាហារូបករណ៍ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍


នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអនុញ្ញាតឲ្យបេក្ខជនជ័យលាភី ជាមន្ត្រីរាជាការវ័យក្មេង ទទួលបានអាហារូបករណ៍ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ នៅតាមសាកលវិទ្យាល័យនានា នៅប្រទេសជប៉ុន នាទីស្តីការក្រសួង ។
តាមរបាយការណ៍បានឲ្យដឹងថា កម្មវិធីអាហារូបករណ៍ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស ឬហៅកាត់ថា JDS ដែលផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព និងមានស្មារតីក្នុងការចូលរួមបង្កើត និងអនុវត្តន៍ផែនការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើនកាន់តែប្រសើរឡើងនាពេលអនាគត។ របាយការណ៍ដដែលបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ មានបេក្ខជនជ័យលាភីចំនួន២៦រូប ក្នុងនោះនារីមានចំនួន១០រូប នឹងមកពីក្រសួង ស្ថាប័នចំនួន១៤ នឹងត្រូវទៅបន្តការសិក្សាលើជំនាញចំនួន៩ផ្សេងៗគ្នា ទី១លើកជំនាញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទី២ការអភិវឌ្ឍវិស័យឯកជន ទី៣ការពង្រឹងគុណភាពអប់រំ ទី៤ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ទី៥ការពង្រឹងបរិស្ថានរស់នៅក្នុងក្រុង ទី៦ការពង្រឹងវិស័យសុខាភិបាល និងសន្តិសុខសង្គម ទី៧ការពង្រឹងរចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ ទី៨ការអភិវឌ្ឍប្រព័ន្ធច្បាប់ និងតុលាការ និងទី៩ការបង្កើតទំនាក់ទំនងអន្តរជាតិ។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា បានស្វាគមន៍ និងចូលរួមអបអរសាទរ ដល់មន្ត្រីរាជការវ័យក្មេងកម្ពុជាទាំងអស់ ដែលមានសមត្ថភាពខ្ពស់ ទទួលបានជ័យលាភីអាហារូបករណ៍ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។ នៅក្នុងឱកាសនោះ ឯឧរដ្ឋមន្ត្រី ក៏បានលើកឡើងពីប្រវត្តិ និងបទពិសោធន៍ការងារ ព្រមទាំងបានផ្តល់ជាអនុសាសន៍គន្លឹះណែនាំ រួមទាំងចំណេះដឹងល្អៗ ចែករំលែកនូវបទពិសោធន៍មួយចំនួន ដែលពាក់ព័ន្ធនឹងការសិក្សាទាំងក្នុង និងក្រៅប្រទេសរបស់ឯកឧត្តមផ្ទាល់ ទៅដល់មន្ត្រីរាជការវ័យក្មេង បានយល់ដឹងជ្រោតជ្រាប ជាទុនមុននឹងចេញដំណើរទៅបន្តការសិក្សានៅប្រទេសជប៉ុន នាពេលខាងមុខ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់បេក្ខជនជ័យលាភី ជាមន្ត្រីរាជការវ័យក្មេងទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយបទពិសោធន៍ការងារ ទំនៀមទំលាប់ ប្រពៃណី វប្បធម៌ល្អៗពីប្រទេសកម្ពុជា និងត្រូវយកចិត្តទុកដាក់សិក្សាពីទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ និងច្បាប់ផ្សេងៗរបស់ប្រទេសគេ ពិសេសត្រូវយកចិត្តទុកដាក់សិក្សារៀនសូត្រ គោរពវិន័យ និងបទបញ្ជាផ្សេងៗរបស់សាកលវិទ្យាល័យដែលកំពុងសិក្សា ដើម្បីទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត យកមកចូលរួមអភិវឌ្ឍន៍ក្រសួង ស្ថាប័ន អង្គភាព ក៏ដូចប្រទេសជាតិឲ្យមានការអភិវឌ្ឍន៍រីកចំរើន ជាបន្តបន្ទាប់ទៀត។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ព្រុំ សុខា ក៏បានលើកឡើងអំពីសាវតាខ្លះៗរបស់ក្រសួងមុខងារសាធារណៈ អំពីតួនាទី ភារកិច្ចរបស់ក្រសួង ក្នុងនាមជាស្ថាប័នមួយដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរ និងផ្តែផ្តាំដល់ក្មួយៗទាំងអស់ ត្រូវចេះថែរក្សាសុខភាព ព្រមទាំងខិតខំប្រឹងប្រែងប្រមូលយកចំណេះដឹង ពីការសិក្សា ដើម្បីកសាងសមត្ថភាពរបស់ខ្លួនយកមកបម្រើជាតិមាតុភូមិ ស្របតាមជំនាញ និងសក្តានុពលរៀងៗខ្លួន។ គួរបញ្ជាក់ថា កម្មវិធីអាហារូបករណ៍នេះ ត្រូវបានបង្កើតឡើងនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០០ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានគោលបំណងចូលរួមចំណែកក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជា ជប៉ុន តាមរយៈការជួយឲ្យនិស្សិតកម្ពុជាយល់ដឹងអំពីប្រទេសជប៉ុន។ ដោយគិតមកដល់ពេលនេះ និស្សិតកម្ពុជាដែលទទួលបាននូវការឧបត្ថម្ភពីកម្មវិធីអាហារូបករណ៍JDSសរុបមានចំនួន៤៩៦នាក់ បានទទួលការបណ្តុះបណ្តាលតាមមុខជំនាញផ្សេងៗ នៅតាមសកលវិទ្យាល័យគោលដៅនានា នៅក្នុងប្រទេសជប៉ុន៕

ព័ត៌មានជាតិ

អត្ថបទទាក់ទង