ព័ត៌មានជាតិ

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ចូលរួមចំអិនម្ហូបអាហារប្រពៃណីជាតិ សម្តែងសិល្បៈ និងបង្ហាញសំលៀកបំពាក់ប្រពៃណីជាតិខ្មែរជូនដល់ថ្នាក់ដឹកនាំរុស្ស៊ី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៧ ឆ្នាំ២០២១


កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះ លោកទីប្រឹក្សាតំណាងឯកឧត្តម ឯកអគ្គរាជទូត បានដឹកនាំមន្ត្រីការទូត បុគ្គលិកនៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងក្រុមការងារសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី ចូលរួមក្នុងកម្មវិធី “International Festival of National Cuisine 2021” ដែលជាផ្នែកមួយរបស់កម្មវិធីប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៧ ឆ្នាំ២០២១ “International Army Games VII (ARMI-2021)” និងវេទិកាបច្ចេកទេសយោធាអន្តរជាតិ ឆ្នាំ២០២១ “International Military-Technical Forum 2021” នៅទីលានហ្វឹកហាត់អាឡាប៊ីណូ (Alabino Training Ground) តំបន់មូស្គូ សហព័ន្ធរុស្ស៊ី។

នៅក្នុងស្មារតីជួយជម្រុញដល់គោលនយោបាយការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ី បានចូលរួមចំអិនម្ហូបអាហារប្រពៃណីជាតិ សម្តែងសិល្បៈ និងបង្ហាញសំលៀកបំពាក់ប្រពៃណីជាតិខ្មែរជូនដល់ថ្នាក់ដឹកនាំរុស្ស៊ី តំណាងប្រតិភូនៃក្រសួងការពារជាតិបរទេសចំនួន១១៧ ប្រទេស តំណាងក្រុមហ៊ុនរុស្ស៊ី និងបរទេសមកពីជិត១០០ប្រទេស និងបណ្តាសាធារណៈជនរុស្ស៊ី បានភ្លក់រស់ជាតិម្ហូបខ្មែរដែលបានដកស្រង់ចេញពីសៀវភៅ “the Taste of Angkor” របស់ Ministry of Foreign Affairs and International Cooperation - Cambodia អមដោយការសម្តែងសិល្បៈជូនទស្សនា នាពេលនោះផងដែរ។
គួរបញ្ជាក់ថា៖ ព្រឹត្តិការណ៍ការប្រកួតកីឡាកងទ័ពអន្តរជាតិលើកទី៧ ឆ្នាំ២០២១ “International Army Games VII (ARMI-2021) ត្រូវបានប្រកាសបើកដោយឯកឧត្តម Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង