ព័ត៌មានកីឡា

ប្រធានសហព័ន្ធវ៉ូវីណាម ណែនាំក្រុមជម្រើសជាតិ ហ្វឹកហាត់បិទខ្ទប់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ


ប្រធានសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា ឯកឧត្តម អ៊ូ រតនា និងលោក សំ សុខយី អនុប្រធាន មជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា បានសំណេះសំណាល លើកទឹកចិត្ត ក្រើនរំឭកឲ្យ ក្រុមកីឡាករ កីឡាការិនី ជម្រើសជាតិវ៉ូវីណាម ខិតខំហ្វឹកហាត់ និងគោរពវិន័យឲ្យ បានខ្ជាប់ខ្ជួន នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលត្រូវ ហ្វឹកហាត់បិទខ្ទប់នៅទីនេះ។
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា បានលើកទឹកចិត្តឲ្យ កីឡាករ កីឡាការិនីជម្រើសជាតិ កីឡាវ៉ូវីណាម ឲ្យខិតខំការហ្វឹកហាត់ ឲ្យបានល្អប្រសើរ ដើម្បីត្រៀមចូលរួម ប្រកួតប្រជែង ស៊ីហ្គេម ចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀណាម នាខែមេសា-ឧសភា ឆ្នាំ២០២២ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានោះ ឯកឧត្តម ក៏បានក្រើនរំឭក ដល់អត្តពលិក ទាំងអស់ ដែលត្រូវត្រៀម លើវិញ្ញាសាប្រយុទ្ធ ត្រូវថែរក្សាទម្ងន់ កុំឲ្យឡើងទម្ងន់។ ចំពោះអ្នកដែលត្រូវ ប្រកួតវិញ្ញាសាសម្តែង ក៏ត្រូវបានឯកឧត្តម ជំរុញឲ្យពួកគេប្រឹងប្រែងហ្វឹកហាត់ ឲ្យបានមុះមុតដូចគ្នា ដើម្បីបង្កើនគុណភាពបច្ចេកទេសទៅចូលរួមប្រកួតប្រជែងមេដាយ ក្នុងនាមជាប្រភេទកីឡាសក្តានុពលរបស់កម្ពុជាផងដែរ។ ក្រៅពីគោលដៅបង្កើនបច្ចេកទេស ក៏ប្រធានសហព័ន្ធវ៉ូវីណាមរូបនេះបាន ផ្តល់ការណែនាំជាថ្មីឲ្យក្រុមជម្រើសជាតិទាំងអស់ត្រូវគោរពវិន័យ ក្រមសីលធម៌ឲ្យស័ក្តិសមជាក្រុមជម្រើសជាតិ ហើយក៏ត្រូវគោរពតាមវិធានការសុខាភិបាល ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួនបំផុតដោយចាប់ផ្តើមចេញពីខ្លួនឯងម្នាក់ៗនេះហើយ។
ទោះការលើកឡើងបែបនេះ ជាការដាស់តឿនស្មារតី បន្ថែមក៏ពិតមែន ប៉ុន្តែឯកឧត្តម អ៊ូ រតនា ក៏បានកោតសរសើរ ដល់ការប្រឹងប្រែងរបស់ក្រុមជម្រើសជាតិ ខ្លួនផងដែរ ដែលខំហ្វឹកហាត់ និងប្រកួត ដណ្តើមមេដាយពីព្រឹត្តិការណ៍ អន្តរជាតិជាបន្តបន្ទាប់មក ជូនជាតិមាតុភូមិ។
សូមបញ្ជាក់ថា ក្រុមជម្រើសជាតិ វ៉ូវីណាមកម្ពុជា មានកកីឡាករ ១៩នាក់ និងកីឡាការិនី ១០នាក់ (សរុប២៩នាក់) ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ នេះជាការហ្វឹកហាត់បិទខ្ទប់របស់ក្រុមជម្រើសជាតិវ៉ូវីណាម ខណៈប្រភេទកីឡាផ្សេងៗទៀត សរុប២០ប្រភេទកីឡា ក៏បានហ្វឹកហាត់បិទខ្ទប់នៅពហុកីឡដ្ឋានជាតិមរតកតេជោ នេះដែរ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ ខាងមុខ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី