ព័ត៌មានជាតិ

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ វគ្គបណ្តុះ បណ្តាលជារឿងសំខាន់ ដើម្បីក្លាយជាមន្រ្តីបច្ចេកទេស បម្រើដល់ស៊ីហ្គេម ឆ្នាំ២០២៣


ឯកឧត្តម ប៉ាន សូរស័ក្តិ៖ វគ្គបណ្តុះបណ្តាលជារឿងសំខាន់ ដើម្បីក្លាយជាមន្រ្តីបច្ចេកទេសបម្រើដល់ ស៊ីហ្គេម ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានមានប្រសាសន៍ថា ទោះបីជាវគ្គបណ្តុះបណ្តាលនេះជាវគ្គកម្រិតមូលដ្ឋានដំបូងក្តី ប៉ុន្តែវាជាមូលដ្ឋានមួយដ៏មានសារៈសំខាន់ និងជាមូលដ្ឋាន គ្រឹះឈានទៅបន្តចាប់យកវគ្គកម្រិតខ្ពស់ជាងនេះទៀត ដើម្បីក្លាយជាមន្រ្តីបច្ចេកទេស ដែលជាធនធានសម្រាប់បម្រើដល់ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានកីឡាទោចក្រយាន កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប ។ ឯកឧត្តម ប៉ាន សូរស័ក្កិ បានកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការពុះពារចូលរួម ពីគ្រូៗមកពីបណ្តាក្លឹប និងមន្រ្តីបច្ចេកទេសរបស់សហព័ន្ធ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលគ្រូកម្រិត មូលដ្ឋានកីឡា ទោចក្រយាន ដែលរៀបចំដោយសហព័ន្ធ។ ឯកឧត្តមប្រធានបានស្នើដល់គ្រូៗ និងមន្ត្រីបច្ចេកទេសសហព័ន្ធ ដែលបាន ចូលរួមវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានកីឡាទោចក្រយាន ត្រូវយកចំណេះដឹង ដែលទទួលបានពីវគ្គនេះទៅអនុវត្ត និងចែករំលែកដល់កីឡាករ កីឡាការិនីតាមបណ្តាក្លឹប ដោយធ្វើយ៉ាងណាអោយពួកគេទទួលបានពុទ្ធិបន្ត ឲ្យពួកគេមាន មូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសមត្ថភាពហ្វឹកហាត់ឲ្យត្រូវ និងបច្ចេកទេសស្តង់ដារ ដើម្បីក្លាយជាកីឡាករ កីឡាការិនី ដែល មានសក្តានុពលសម្រាប់កម្ពុជា ក្នុងដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានឲ្យដឹងថា វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋានកីឡាទោចក្រយាន បានដំណើរការ រយៈពេល៤ថ្ងៃ នៅខេត្តសៀមរាប ដោយមានសិក្ខាកាមចូលរួមចំនួន៣០នាក់ មកពីសមាគម ក្លឹបកង់ ចំនួន៥ មានដូចជា ក្លឹបកង់ខេត្តព្រះវិហារ ក្លឹបកង់កងរាជអាវុហត្ថលើផ្ទៃប្រទេស ក្លឹបកង់ខេត្តសៀមរាប ក្លឹបកង់មកពីរាជធានីភ្នំពេញ ក្លឹបកង់ NOCC និងមន្រ្តីបច្ចេកទេសរបស់សហព័ន្ធខ្មែរកីឡាទោចក្រយាន។ លោកអគ្គលេខាធិការបន្តថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីអភិវឌ្ឍធនធានមន្រ្តីបច្ចេកទេស ក្នុងការរៀបចំការប្រកួតឲ្យស្រប និងអនុលោមតាម ស្តង់ដារសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ពិសេសដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ ។ សូមបញ្ជាក់ថា ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាននេះ គឺមានសិក្ខាកាមទទួលបាននិន្ទេសល្អ៤០% បង្គួរ៥០% និងមធ្យម១០% ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី