ព័ត៌មានកីឡា

ជម្រើសជាតិ ទូច ដេវីត យកឈ្នះគូប្រជែង ខុន ឌីណា Ultimate Boxing Championship 2021


ព្រឹត្តិការណ៍កីឡាប្រដាល់សកល Ultimate Boxing Championship 2021 សប្តាហ៍ទី២ ដោយកីឡាករ ទូច ដេវីត មកពីក្លិបអារុណរះកីឡា និងជាកីឡករជម្រើសជាតិ បានយកឈ្នះកីឡាករមកក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែង ខុន ឌីណា ដោយពិន្ទុ នៅក្នុងការប្រកួតកាន់តែទាក់ទាញកាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។

ការប្រកួតដ៏ជក់ចិត្តនៃគូឯកប្រចាំសប្តាហ៍ទី២ លើប្រភេទទម្ងន់៦០គីឡូក្រាមនេះ ព្រមទាំង៥ប្រកួតផ្សេងទៀត ជាពិសេសក៏សហព័ន្ធបានរៀបចំការប្រកួតនារី១ប្រកួតផងដែរ ដោយទទួលបានការគាំទ្រពីមហាជនតាមរយៈការផ្សាយផ្ទាល់លើ Page សហព័ន្ធកីឡាប្រដាល់សកល និងPage ដៃគូ ជាច្រើនទៀត។

ចំពោះគូឯករង ដែលជាការប្រកួតផ្នែកនារី គឺកីឡាការិនី នៅស្រីពៅ និងកីឡាការិនី វី ស្រី ស្រីស្រស់ លើប្រភេទទម្ងន់ ៥៧គីឡូក្រាម បញ្ចប់ជាមួយនឹងលទ្ធផលស្មើគ្នា បន្ទាប់ពីតស៊ូជាមួយគ្នាយ៉ាងស្វិតស្វាញជក់ចិត្តយ៉ាងខ្លាំងផដែរ។

ដោយឡែកគូពិសេសលើប្រភេទទម្ងន់ ៤៩គីឡូក្រាម គឺកីឡាករ អំ ខេម មកពីក្លិបអារុណរះកីឡាបានយកឈ្នះដោយពិន្ទុលើកីឡាករ ឈុន ប្រាក់កាក់ មកពីក្លិបតាឯកដំបងដែកមានរិទ្ធ ខេត្តព្រៃវែង។ ក្រៅពីនេះក៏មាន៣ប្រកួតបើកឆាកផ្សេងទៀត ដែលជួយអង្រួនឲ្យសង្វៀន Ultimate Boxing Championship 2021 កាន់តែកក្រើកយ៉ាងខ្លាំងប្រចាំសប្តាហ៍ទី២នេះផងដែរ។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការផ្គូផ្គងរបស់គណៈកម្មការបច្ចេកទេស ដោយក្រោយបញ្ចប់នៃការប្រកួតនីមួយៗ គឺមានកម្រិតប្រហាក់ប្រហែលគ្នា មិនមានកម្រិតបច្ចេកទេសខុសគ្នាឆ្ងាយពេកទេ។ ជាក់ស្តែងនៅសប្តាហ៍ទីនេះមិនមានកីឡករ កីឡាការិនីណាម្នាក់សន្លប់ទេ ដោយឈ្នះចាញ់ដោយពិន្ទុ និងស្មើគ្នា។ «ការផ្គូផ្គងនេះមានលក្ខណៈល្អប្រសើរ ជាងសប្តាហ៍មុន ហើយសហព័ន្ធប្រដាល់សកលនឹងរៀបចំគូប្រកួតឲ្យកាន់តែទាក់ទាញ ដោយការប្រកួតបន្ត សប្តាហ៍ទី៣ គ្រោងនឹងធ្វើឡើង នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ ដោយមានគូប្រកួតដណ្តើមប្រាក់លាន ដោយជើងឯកនឹងទទួលបាន ៣លានរៀល និងរងជើងឯក ១លានរៀល។ សហព័ន្ធនឹងព្យាយាមធ្វើឲ្យយ៉ាងណាឲ្យព្រឹត្តិការណ៍នេះកាន់តែទាក់ទាញខ្លាំង តាមរយៈការរៀបចំគូប្រកួតល្បីៗ»។

លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា សម្រាប់គូដណ្តើមប្រាក់លានរៀលនេះ សហព័ន្ធនឹងរៀបចំកីឡាករល្បីៗ៤នាក់ តាមរូបមន្តសន្សំពិន្ទុលើប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ដោយត្រូវប្រកួតសន្សំពិន្ទុ នៅសប្តាហ៍ទី៣ ហើយបេក្ខភាព២នាក់ ដែលមានពិន្ទុខ្ពស់ៗជាងគេនឹងឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមម្ចាស់ជើងឯក នាសប្តាហ៍ទី៤។ អ្វីដែលសំខាន់ បេក្ខភាពទាំង៤នាក់នេះសុទ្ធសឹងជាកីឡាករជម្រើសជាតិ ដែលសហព័ន្ធផ្តល់ឱកាសឲ្យពួកគាត់បានចូលរួមប្រកួតប្រជែងឲ្យកាន់តែច្រើន ដើម្បីបង្កើនគុណភាពបច្ចេកទេសកាន់តែខ្ពស់ មុនឈានដល់ការចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២។ «ក្នុងការប្រកួតសប្តាហ៍ទី២នេះទទួលបានជោគជ័យ ហើយខ្ញុំសង្ឃឹមថា ឆ្នាំក្រោយព្រឹត្តិការណ៍ដូចគ្នានេះ សហព័ន្ធនឹងរៀបចំការប្រកួតដណ្តើមប្រាក់លាន ដណ្តើមខ្សែក្រវ៉ាត់ ដោយសម្រួចគោលដៅធ្វើឲ្យកាន់តែទាក់ទាញ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងក្លាយបន្ថែមទៀត»។

សូមបញ្ជាក់ថា Ultimate Boxing Championship 2021 គឺជាព្រឹត្តិការណ៍កីឡាប្រដាល់សកលថ្មីមួយទៀត ដែលសហព័ន្ធកីឡាប្រដាល់សកលប្រឹងប្រែងបង្កើតវាឡើង ដើម្បីផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនីតាមបណ្តាក្លិប និងក្រុមជម្រើសជាតិកម្ពុជាបានប្រកួតប្រជែងបង្កើនបច្ចេកទេស ដើម្បីត្រៀមឆ្ពោះតាមផែនការ យុទ្ធសាស្ត្ររបស់ខ្លួនក្នុងការប្រជែងមេដាយ ក្នុងស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្រ្តផងដែរ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី