ព័ត៌មានជាតិ

រដ្ឋាភិបាលស៊ែប៊ី ត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ យ៉ាងកក់ក្តៅដំណើទស្សនៈកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសស៊ែប៊ី ដែលបានគ្រោងទុករួចមកហើយ


នាវេលាម៉ោង ០៩:០០ ព្រឹក​ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបសំដែងការគួរសម​និងពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម នីកូឡា សេឡាកូវិច(Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នៅទីស្តីការក្រសួងការបរទេសស៊ែប៊ី នៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតចលនាមិនចូលបក្ស សម្ព័ន្ធ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១១-១២ ខែតុលា ឆ្នាំ២០២១ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋ ស៊ែប៊ី។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អ៊ុច បូររិទ្ធ និងឯកឧត្តម នីកូឡា សេឡាកូវិច(Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិគ្នាដោយផ្តោតសំខាន់លើចំណងមិត្តភាពដ៏យូរលង់ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើប្រកបដោយផ្លែផ្ការរវាងប្រទេសទាំងពីរពូនជ្រុំដោយអតីតអ្នកដឹកនាំដ៏ឆ្នើមប្រទេសទាំងពីរតាំងពីឆ្នា​១៩៥៧ និងគូសបញ្ជាក់ពីកាប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី​រក្នុងវិស័យនយោបាយ​ សេដ្ឋកិច្ច​ ទេសចរណ៍​ និងវិនិយោគ​។​ល។ ​ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ។​ នៅក្នុងស្មារតីនេះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេស​ស៊ែប៊ី បានបញ្ជាក់ថា រដ្ឋាភិបាលស៊ែប៊ី បានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើទស្សនៈកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសស៊ែប៊ី ដែលបានគ្រោងទុករួចមកហើយ ដើម្បីធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស៊ែប៊ី-កម្ពុជា ​កាន់តែទូលំទូលាយស៊ីជំរៅថែមទៀត។ ទន្ទឹមនេះ ឯកឧត្តម នីកូឡា សេឡាកូវិច បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលស៊ែប៊ីកំពុងពិចារណាបើកស្ថានបេសកកម្មរបស់ខ្លួននៅ តំបន់អាស៊ីអគ្នេយ៍ ជាពិសេសនៅកម្ពុជា ហើយនៅក្នុងបំណាច់ឆ្នាំនេះរដ្ឋាភិបាលស៊ែប៊ី និងបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅទស្សនៈកិច្ច នៅបណ្តាប្រទេសក្នុងតំបន់ និងកម្ពុជា ដើម្បីសិក្សាអំពីបញ្ហានេះ។​
ពាក់ព័ន្ធនិងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូត​និងផ្លូវការ​រវាងប្រទេសទាំងពីរ ភាគីស៊ែប៊ីបានអះអាងថា សភាស៊ែប៊ីនឹងផ្តល់សន្យាប័នក្នុងពេលឆាប់ៗខាងមុខនេះ។​ លើសពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការវិស័យការទូតសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត​ និងឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង