ព័ត៌មានជាតិ

រដ្ឋមន្ត្រីទេសចរណ៍ រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីបរិស្ថាន ជំរុញគាំទ្រឱ្យវិស័យឯកជន បង្កើនការរៀបចំកញ្ចប់ទស្សនកិច្ចទៅកាន់តំបន់សហគមន៍


រដ្ឋមន្ត្រីទេសចរណ៍ រដ្ឋមន្ត្រីកសិកម្ម និងរដ្ឋមន្ត្រីបរិស្ថាន ជំរុញគាំទ្រឱ្យវិស័យឯកជន បង្កើនការរៀបចំកញ្ចប់ទស្សនកិច្ចទៅ កាន់តំបន់សហគមន៍ ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ដែល សមាសភាពមកពីក្រសួងទេសចរណ៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ព្រមទាំងស្ថាប័នពាក់ព័ន្ធ មួយចំនួនទៀត បានជំរុញលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន ពិសេសទីភ្នាក់ងារទេសចរណ៍កម្ពុជា ត្រូវបង្កើនការ រៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនទៅកាន់តំបន់សហគមន៍នានានៅកម្ពុជា ដើម្បីចូលរួមជួយ ដោះស្រាយជីវភាពប្រជា ពលរដ្ឋមូលដ្ឋាន ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ និងក្រោយវិបត្តិនេះ ។ ការជំរុញឱ្យមានសកម្មភាព ទេសចរណ៍នៅ តាមសហគមន៍នេះ ត្រូវបានធ្វើឡើងក្នុងឱកាសបើកវេទិកាជាតិអេកូទេសចរណ៍លើកទី២ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ។ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា កម្ពុជាសម្បូរទៅដោយ សក្តានុពលធម្មជាតិ និងអេកូទេសចរណ៍នៅទូទាំងប្រទេស រាប់ចាប់ពីតំបន់ឆ្នេរសមុទ្រដែលជាសមាជិក (ក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក) តំបន់ជួរភ្នំក្រវាញ រួមបញ្ចូលទាំងតំបន់អារ៉ែង តំបន់បឹងទន្លេសាប និងតំបន់ភូមិភាគ ឦសានដែលមានសត្វផ្សោតដ៏កម្រជាដើម ។ ក្នុងន័យនេះ ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ពិតជាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជំរុញការចូលរួមរបស់ប្រជា ពលរដ្ឋក្នុងដំណើរ ការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍន៍សហគមន៍ របស់ខ្លួនដោយផ្ទាល់ (Local Empowerment) ។ ក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ-១៩ ចលនាទេសចរណ៍ផ្ទៃក្នុងទៅកាន់ តំបន់អេកូទេសចរណ៍ សហគមន៍ទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សងព្រេង កាន់តែមានសន្ទុះកើនឡើងខ្លាំង បង្កើតបាន ជាប្រាក់ចំណូលដោយផ្ទាល់ជូនប្រជាពលរដ្ឋក្នុងសហគមន៍ និងបានធ្វើឲ្យវិស័យអេកូទេសចរណ៍ និងសហគមន៍ទេស ចរណ៍មានភាពធន់នឹងវិបត្តិ (Resilient) រួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ជារួម ពិសេសកាត់បន្ថយផលប៉ះពាល់ នៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ។ តំបន់អេកូទេសចរណ៍សំខាន់ៗ ដូចជា តំបន់ខ្នងផ្សារ ភ្នំឱរ៉ាល់ គិរីរម្យ តំបន់ជីផាត អារ៉ែង ពាមក្រសោប ស្រែអំបិល វាលធំ សំឡូត ភ្នំត្បែង សមុទ្រឈើ តំបន់រាមសារ បឹងទន្លេសាប ភ្នំគូលែន និងតំបន់អេកូទេសចរណ៍ផ្សេងទៀតជាច្រើន សុទ្ធតែទទួលបានកំណើនភ្ញៀវទេសចរ ផ្ទៃក្នុងគួរឲ្យកត់សម្គាល់ក្នុងដំណាក់ វិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ កន្លងមក ។ ទន្ទឹមនឹងនោះ អង្គការទេសចរណ៍ពិភពលោកក៏បានចាត់ទុកថាអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ រួមទាំងទេសចរណ៍ជនបទផងដែរ គឺជាអនុវិស័យនៃទេសចរណ៍ពិភពលោក ដែលនៅតែមាន សកម្មភាព និងដំណើរការទោះក្នុងដំណាក់កាលវិបត្តិកូវីដ-១៩ ពិសេសទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ផ្ទៃក្នុងនិងជា ឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញការអភិវឌ្ឍនៅមូលដ្ឋាន ដូចបានគូសបញ្ជាក់ក្នុងខ្លឹមសារ នៃទិវាទេសចរណ៍ ពិភពលោក ឆ្នាំ២០២០ (WTD 2020) ។ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងសម្របខ្លួនទៅនឹងគន្លងថ្មីនៃការរស់នៅ ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានស្នើអង្គវេទិកាបន្តយកចិត្តទុកដាក់ពិភាក្សាអំពីការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូ ទេសចរណ៍ទៅក្នុងសហគមន៍ដែលមានសក្តានុពល ទោះបីស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័នណាក៏ដោយ ពិសេសរិះរកនូវគំរូជោគជ័យដែលមានលក្ខណៈសត្យានុម័តក្នុងការអភិវឌ្ឍសហគមន៍ ទាំងនៅថ្នាក់ជាតិ ក៏ដូចជានៅថ្នាក់ មូលដ្ឋាន ស្របពេលដែលក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឯកភាពជាគោលការណ៍ និងគោលនយោបាយក្នុងការបញ្ចូលសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ទៅគ្រប់សហគមន៍ដែលមានសក្តានុពល ។ ខណៈដែលអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ មានលក្ខណៈប្រទាក់ក្រឡាអន្តរវិស័យ និងអន្តរស្ថាប័ន លោករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធពិភាក្សាគ្នារក ដំណោះស្រាយទៅលើបញ្ហាសំខាន់ៗ ដូចជា ការស្ថាបនាផ្លូវតភ្ជាប់ទៅតំបន់សហគមន៍ ការផ្គត់ផ្គង់អគ្គិសនី ការផ្គត់ផ្គង់ទឹក ស្អាត ការតភ្ជាប់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធអ៉ីនធើណេត ការគ្រប់គ្រងសំរាម ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ការព្យាបាល ជំងឺគ្រុនចាញ់ និងបញ្ហាផ្សេងៗរបស់សហគមន៍ ពិសេសឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋមូលដ្ឋាន ។ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការ ជំរុញលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន ពិសេសទីភ្នាក់ងារទេសចរណ៍កម្ពុជា បង្កើនការរៀបចំកញ្ចប់ ទស្សនកិច្ច ឱ្យបានច្រើនទៅកាន់តំបន់សហគមន៍នានានៅកម្ពុជា ដើម្បីចូលរួមជួយដោះស្រាយជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង