ព័ត៌មានជាតិ

នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំ “ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើមី្បអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង


នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរៀបចំ “ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់សេវាកម្មរៀបចំផែនការមេ ដើមី្បអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង” រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, ដៃគូអភិវឌ្ឍន៍, ស្ថានទូតនៃបណ្តាប្រទេសជាមិត្ត, អង្គការអន្តរជាតិ និងសមាគមពាណិជ្ជកម្មមួយចំនួនទៀត ។ ពិធីចុះហត្លលេខានេះ ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូហ្សូម (Zoom) ។
ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺជាផ្នែកមួយនៃការគិតគូរជាយុទ្ធសាស្ត្រ ក្នុងរយៈពេលមធ្យម និង វែង របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញកិច្ចអភិវឌ្ឍប្រកបដោយចីរភាព និង បរិយាប័ន្ន ស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥, ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងការប្រែក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ ក្នុងឆ្នាំ ២០៥០ ។ បណ្តាប៉ូលសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា, ខេត្តព្រះសីហនុ ជាតំបន់ដែលមានឧត្តមភាពខ្ពស់សម្រាប់ការអភិវឌ្ឍ ដោយសារខេត្តនេះមានភូមិសាស្ត្រនៅជាប់ សមុទ្រ, មានកំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋាន និង តំបន់ឆ្នេរទេសចរណ៍ជាច្រើន ។ ជាក់ស្ដែង, ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ, ខេត្តព្រះសីហនុបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង ពោលគឺបានប្រែក្លាយពីខេត្តដែលស្ងៀមស្ងាត់ ទៅជាខេត្តដែលមានសកម្មភាពសេដ្ឋកិច្ចមមាញឹក និងរស់រវើកក្នុងវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្ម ជាពិសេស ទៅជាតំបន់តភ្ជាប់ផលិតកម្ម និង ពាណិជ្ជកម្មក្នុងស្រុកយ៉ាងសំខាន់ ទៅនឹងបណ្ដាប្រទេសនានាក្នុងតំបន់ ។
ឈរលើមូលដ្ឋាននេះ, ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺមានគោលបំណង, ម្យ៉ាង, ដើម្បីទាញយកសក្ដានុពលអភិវឌ្ឍយ៉ាងច្រើនដែលខេត្តព្រះសីហនុ មានស្របទៅនឹងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចក្នុងស្រុក, និង ម្យ៉ាងទៀត, ដើម្បីចាប់យកកាលានុវត្តថ្មីៗ និង ទាក់ទាញបន្ថែមនូវការវិនិយោគ និង ធុរកិច្ច ដែលកើតចេញពីការផ្លាស់ប្ដូរខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ ចូលមកកាន់កម្ពុជា ក្រោយវិបត្តិកូវីដ-១៩ សំដៅពន្លឿនការអភិវឌ្ឍវិស័យឧស្សាហកម្ម, វិស័យកសិកម្ម, និងវិស័យសេវាកម្ម ប្រកបដោយចីរភាព និង ភាពធន់ ។ ដោយពិនិត្យឃើញពីសក្ដានុពលទាំងនេះ, រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ចក្ខុវិស័យ ប្រែក្លាយខេត្តនេះឱ្យទៅជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង និង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងការទាក់ទាញ និង ស្រូបយកការវិនិយោគពីបរទេស ដែលអាចឈានឆ្ពោះទៅជា “ក្បាលម៉ាស៊ីន” មួយថ្មី សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យរីកលូតលាស់ទៅមុខឥតឈប់ឈរ ។ ដើម្បីសម្រេចឱ្យបាននូវចក្ខុ-វិស័យនេះ, ផែនការមេនេះកំណត់គោលដៅអភិវឌ្ឍប្រែក្លាយខេត្តព្រះសីហនុ៖ (១) ទីក្រុងដ៏ល្បីនិងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍, (២) តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត (Smart Technology) និងបំពាក់ដោយសេវាសាធារណៈ/បរិក្ខាសម្រាប់រស់នៅលំដាប់ពិភពលោក (World Class Facility), (៣) តំបន់ប្រកបដោយបរិស្ថានបៃតង និងតំបន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកលលោក និង ជាពិសេស (៤) ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ។
ផែនការមេនេះក៏នឹងជាផែនទីចង្អុលផ្លូវ សម្រាប់សម្របសម្រួលការអនុវត្តរាល់សកម្មភាពរវាង ភាគី-ពាក់ព័ន្ធ រួមទាំង រដ្ឋ, ឯកជន និង ដៃគូអភិវឌ្ឍន៍នានា ដោយឈរលើគោលដៅរួម និង ការទទួលខុសត្រូវច្បាស់លាស់ តាមរយៈការកំណត់ទិសដៅសម្រាប់ការកៀរគរ, ទាក់ទាញ និងប្រមូលផ្តុំប្រភពធនធាន, សកម្មភាពធុរកិច្ច និង ការវិនិយោគ ដើម្បីសម្រេចឱ្យបាន នូវចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាល ។
ការជ្រើសយកវិទ្យាស្ថាន UPDIS សម្រាប់ការរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង គឺដោយសារវិទ្យាស្ថាននេះ មានបទពិសោធន៍ជាង ៣០ ឆ្នាំ និងបានរៀបចំប្រមាណ ៥ ៨០០ គម្រោងនៅលើពិភពលោក ជាពិសេស ជាស្ថាប័នដឹកមុខក្នុងការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិន ។ វិទ្យាស្ថាន UPDIS នឹងប្រើប្រាស់នូវបទពិសោធន៍ទាំងនេះ ក្នុងការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឱ្យមានគុណភាពខ្ពស់ ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យ និង ទិសដៅអភិវឌ្ឍរបស់កម្ពុជា ព្រមទាំងអាចអនុវត្តបាន ស្របទៅតាមបរិការណ៍នយោបាយ, សេដ្ឋកិច្ច និង សង្គមកម្ពុជា ។
ជារួម, ផែនការមេនេះ ក៏នឹងក្លាយជាផែនទីចង្អុលផ្លូវសម្រាប់ការវិនិយោគដ៏សម្បូរបែប នៅក្នុងខេត្តព្រះ-សីហនុ ដោយមានភ្ជាប់ផែនការសកម្មជាក់លាក់សម្រាប់ការអនុវត្ត ដែលឆ្លុះបញ្ចាំងច្បាស់ពីកាលានុវត្តភាពសម្រាប់ការវិនិយោគពហុវិស័យ ក្នុងបរិបទឧស្សាហកម្ម ៤.០ រួមបញ្ចូលទាំងការវិនិយោគ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត មានគុណភាពខ្ពស់, វិស័យឧស្សាហកម្ម, វិស័យកសិកម្ម, វិស័យសេវាកម្មទេសចរណ៍ និងការរស់នៅប្រកបដោយសុខុមាលភាព ស្របទៅតាមទិសដៅការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាព ។ ទន្ទឹមនេះ រាជរដ្ឋាភិបាល នឹងដាក់ចេញនូវគោលនយោបាយគាំទ្រនានាតាមការចាំបាច់ ក្នុងការជំរុញការអនុវត្ត បន្ទាប់ពីផែនការមេនេះត្រូវបានអនុម័ត ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានស្នើរគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, ដៃគូហិរញ្ញប្បទាន, វិស័យឯកជន និងសមាគមពាណិជ្ជកម្ម បន្តចូលរួមផ្តល់ការគាំទ្រដល់ការរៀបចំ និងការអនុវត្តផែនការមេ ឱ្យបានសម្រេចដូចការរំពឹងទុក និងសូមជូនពរឯកឧត្តម, លោកជំទាវ, អ្នកឧកញ៉ា, លោកឧកញ៉ា, លោក, លោកស្រី, ដៃគូអភិវឌ្ឍន៍, ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមឱ្យមានសុខភាពល្អ, សុភមង្គល, វិបុលសុខ និងជោគជ័យ និងជាពិសេសឱ្យបរវាសចៀសឆ្ងាយពីជំងឺកូវីដ-១៩ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង