ព័ត៌មានកីឡា

ម្ចាស់មេដាយមាសជើងឯកពិភពលោក អ៊ុក ស្រីមុំ ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្ត


ម្ចាស់មេដាយមាសជើងឯកពិភពលោក អ៊ុក ស្រីមុំ ត្រូវបានរាជរដ្ឋាភិបាលលើកទឹកចិត្តដង្ហែរក្បួនយ៉ាងអធិកអធម
កីឡាការិនី អ៊ុក ស្រីមុំ ម្ចាស់មេដាយមាស លើវិញ្ញាសា វាយយកពិន្ទុ នៃការប្រកួត ជើងឯក ពិភពលោក នៅប្រទេស អេស្ប៉ាញ ពីថ្ងៃទី១២-១៤ ខែវិច្ឆិកា បានធ្វើដំណើរ វិលត្រឡប់មកដល់មាតុ ប្រទេសវិញហើយ នៅល្ងាចថ្ងៃអង្គារនេះ ដោយទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅ ពីស្ថាប័នពាក់ព័ន្ធកីឡា ជាពិសេសទទួលបានការ លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដោយរៀបចំ ក្បួនដង្ហែរអមដោយ ម៉ូតូសយ៉ាងអធិកអធម។

កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស១គ្រឿង នៃជើងឯកពិភពលោក នៅប្រទេសអេស្ប៉ាញ និងកីឡាការិនី ប៉េតង់៣រូប ផ្សេងទៀត គ្រូបង្វឹក លោក សុខ ម៉ុង ត្រូវបាន រាជរដ្ឋាភិបាល លើកទឹកចិត្តរៀបចំ ក្បួនដង្ហែអម ដោយម៉ូតូស ពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្ស៊ី ព្រះនរោត្តម វង់មួយ ជុំវិមានឯករាជ្យ ហើយចុងក្រោយចូល ទីស្តីការក្រសួង អប់រំ យុវជន និងកីឡា ដើម្បីទទួលការ លើកទឹកចិត្តពី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា។

ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា នេះជាមោទនភាព របស់កម្ពុជា ដែលកីឡាការិនី ប៉េតង់ អ៊ុក ស្រីមុំ បានប្រឹងប្រែង ប្រកួតរហូតដល់ ដណ្តើមមេដាយមាស១គ្រឿង យកមកជូនជាតិ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ ស្នើសុំការអនុញ្ញាត ដ៏ខ្ពស់ពីប្រមុខ រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បី ផ្តល់ការលើកទឹកចិត្ត ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ជូនម្ចាស់ជ័យលាភី មេដាយមាស កីឡាការិនី អ៊ុក ស្រីមុំ នាពេលខាងមុខ។

នៅក្នុងឱកាសស្វាគមន៍ លើកទឹកចិត្តនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏បានអញ្ជើញចូលរួមលើកទឹកចិត្តជូនជំពោះប្រតិភូ កីឡាការិនីប៉េតង់កម្ពុជាផងដែរ។
ម្ចាស់មេដាយមាសជើងឯកពិភពលោក កីឡាការិនី អ៊ុក ស្រីមុំ ក៏បានបង្ហាញពីក្តីរំភើបរីករាយជាខ្លាំង ដែលដណ្តើមមេដាយមាស១គ្រឿង លើវិញ្ញាសា វាយយកពិន្ទុ ប្រចាំឆ្នាំ២០២១នេះ យកមកជូនជាតិ។ «ការឈ្នះនេះ កើតចេញពីការខិតខំរបស់នាងខ្ញុំផង និងក្រោមការលើកទឹកចិតពីលោកគ្រូ ប្រតិភូដឹកនាំ ព្រមទាំងកីឡាការិនី២រូបទៀត ដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះជាមួយគ្នា»។

ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនកីឡាការិនី៤រូប ដោយក្រៅពីវិញ្ញាសាវាយយកពិន្ទុ ដោយកីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាស គឺកីឡាការិនីទាំងអស់ បានប្រកួតលើវិញ្ញាសា ៣នាក់ទល់៣នាក់ ប៉ុន្តែមិនដណ្តើមបានមេដាយនោះទេ ដោយធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ក្រុមជម្រើសជាតិទុយណេស៊ី។

សូមបញ្ជាក់ថា កីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស១គ្រឿង ពីការប្រកួតជើងឯកពិភពលោក កាលពីឆ្នាំ២០១៧ នៅប្រទេសប៊ែលហ្ស៊ិក។ មេដាយមាស ឆ្នាំ២០២១ គឺជាមេដាយមាសទី៥របស់កម្ពុជា លើវិញ្ញាសាវាយយកពិន្ទុ បន្ទាប់ពីមេដាយមាស៤ជំនាន់ជាប់ៗគ្នារបស់វីរកីឡាការិនី កែ ឡេង ដែលបានឈ្នះ ក្នុងឆ្នាំ២០១៣ នៅបារំាង ឆ្នាំ២០១៥ នៅថៃ ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី