ព័ត៌មានកីឡា

CAMSOC ត្រៀមលក្ខណៈរៀបចំពិធីសម្ពោធវិមានកីឡដ្ឋាន ការរាប់ថយក្រោយ និងយុទ្ធនាការជាតិផ្សព្វផ្សាយ ឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣


គណៈកម្មាធិការជាតិ រៀបចំ ការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំ ប្រចាំសប្តាហ៍ របស់ខ្លួន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈ ឲ្យបានល្អប្រសើរ ក្នុងការរៀបចំ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នូវវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិ មរតកតេជោ នាខែធ្នូ ឆ្នាំ២០២១ ព្រមជាមួយ និងការរាប់ថយក្រោយ ៥០០ថ្ងៃ និងប្រកាសបើក យុទ្ធនាការផ្សព្វផ្សាយ ឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
មានប្រសាសន៍ ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC គូសបញ្ជាក់ថា ពិធីសម្ពោធវិមានកីឡដ្ឋាននេះ មិនទាន់ត្រូវបានកំណត់ពេលវេលាច្បាស់លាស់ នៅឡើយទេ ដោយរង់ចាំ ការសម្រេចពី ថ្នាក់ដឹកនាំសិន។ ប៉ុន្តែអ្វីដែលសំខាន់ ពិធីសម្ពោធនេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងជំរុញធ្វើយ៉ាងណាឲ្យ ទទួលបានជោគជ័យ។ ជាមួយគ្នានោះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៃវិមានកីឡដ្ឋាននេះ ក៏យើងត្រៀមរៀបចំ ពិធីរាប់ថយក្រោយ ៥០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងការត្រៀមប្រកាសបើកយុទ្ធនា ការជាតិស្តីពី ការផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ផងដែរ។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ការត្រៀមរៀបចំ កម្មវិធីសំខាន់ៗទាំង៣នេះ គឺយើងកំពុងធ្វើការដោយហ្មត់ចត់បំផុត ក្រោមការយកចិត្តទុកដាក់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជា ប្រធានគណៈកម្មាធិការជាតិ CAMSOC ដោយសម្តេចពិជ័យសេនា តែងតែចង្អុលបង្ហាញឲ្យ ក្រុមគណៈកម្មការជំនាញទាំងអស់ ប្រឹងប្រែងធ្វើឲ្យបានល្អប្រសើរ ឲ្យស័ក្តិសម និងភាពពិសេសទៅនឹងសមិទ្ធផល ដ៏អស្ចារ្យនៃវិមានពហុកីឡដ្ឋានជាតិ មរតកតេជោ។
ឯកឧត្តមអគ្គលេខាធិការ បន្ថែមទៀតថា គណៈកម្មការជំនាញ ទាំងអស់របស់ CAMSOC កំពុងរៀបចំការសម្តែងសិល្បៈវប្បធម៌ នៅក្នុងអត្ថន័យ នៃការរិតចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-ចិន ដែលជាមិត្តដែកថែប ឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត។ ជាមួយគ្នានោះ ការរៀបចំ ពិធីសម្ពោធជាផ្លូវការនេះ គឺជាការបង្ហាញឲ្យឃើញ ពីការត្រៀមឆ្ពោះ ទៅទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្រ ជាលើកដំបូង របស់ព្រះរាជាណាចក្រកម្ពុជា ផងដែរ៕

 

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី