ព័ត៌មានកីឡា

បើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទោចក្រយាន ដើម្បីពង្រឹងគុណភាព ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣


វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡា ទោចក្រយាន កម្រិត១ ត្រូវបានសហព័ន្ធកីឡាទោចក្រយានកម្ពុជា ឡើងនាថ្ងៃទី២២ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដើម្បីសម្រួចគោលដៅ អភិវឌ្ឍន៍វិស័យកីឡា ទោចក្រយានកម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺគោលដៅដ៏ធំចម្បងនៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានចាត់ទុកថា វគ្គនេះគឺជាវវគ្គដ៏សំខាន់មួយ ដើម្បីជួយពង្រឹងដល់គុណភាពចំណេះដឹងរបស់គ្រូបង្វឹកកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរឹងមាំបន្ថែមទៀត។ វគ្គសិក្សានេះយើងសិក្សាតាមរបៀបរបបច្ចេកទេសអន្តរជាតិរបស់សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដោយផ្តោតសំខាន់លើមេរៀនគន្លឹះសំខាន់ៗចំនួន១០មេរៀន ក្នុងនោះក៏គ្រូឧទ្ទេសប្រចាំវគ្គនឹងចែករំលែកអំពីសារធាតុហាមឃាត់ក្នុងវិស័យកីឡា (ដូពីង ឬដូប៉ា) ដូចជាគ្រឿងស្រវឹង សារធាតុប៉ូវកម្លាំង ឬសារធាតុញៀនជាដើម។

លោកអគ្គលេខាធិការបន្ថែមទៀថា ដោយសារនេះជាវគ្គមូលដ្ឋានដ៏សំខាន់ហើយ លោកស្នើឲ្យសិក្ខាកាមជាគ្រូវបង្វឹកទាំងអស់គប្បីខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្រេបយកចំណេះវិជ្ជាពីគ្រូឧទ្ទេសឲ្យបានល្អប្រសើរ ដើម្បីឆ្លងទៅចូលរួមវគ្គសិក្សាកម្រិត២ ដែលគ្រោងនឹងធ្វើឡើងនាពាក់កណ្តាលឆ្នាំ២០២២ និងកម្រិត៣បន្ត នាចុងឆ្នាំ២០២២។ សម្រាប់វគ្គសិក្សាកម្រិតអន្តរជាតិកម្រិត៣ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានស្នើសុំ UCI បញ្ជូនសិក្ខាកាមទៅសិក្សារយៈពេល៣ខែ នៅប្រទេសស្វីស តែម្តង។ សម្រាប់ការឡើងកម្រិតនេះ មិនសំខាន់លើចំនួនប៉ុន្មាននាក់នោះទេ ប៉ុន្តែសំខាន់សិក្ខាកាមជាគ្រូបង្វឹកទាំងអស់ត្រូវប្រឡងជាប់តាមកម្រិតនីមួយៗ តាមការទទួលស្គាល់ពី UCI។

ជាមួយគ្នានោះ លោក នូ ចំរើន ក៏បានលើកទឹកចិត្តដល់គ្រូបង្វឹកទាំងអស់ឲ្យប្រឹងប្រែង ដើម្បីគោលដៅការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់កម្ពុជា ហើយទាំងអស់នេះក៏ជាដំណើរការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជាឆ្ពោះទៅឆ្នាំបន្តបន្ទាប់ទៀត ហើយអ្វីដែលពិសេសគឺកម្ពុជាទើបទទួលបានសិទ្ធិជាផ្លូវការពីមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្នុងការរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (ASIAN Youth Games) នាឆ្នាំ២០២៩ ខាងមុខ ដោយនឹងប្រើប្រាស់យុវជនអាយុក្រោម ១៨ឆ្នាំចុះ ខណៈប្រភេទកីឡាទោចក្រយានកម្ពុជាក៏ត្រៀមខ្លួនចូលរួមរៀបចំ និងការប្រកួតកីឡាទោចក្រយាន ក្នុងព្រឹត្តិការណ៍យុវជនអាស៊ីនេះផងដែរ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី