ព័ត៌មានកីឡា

ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ផ្តល់ជំនួយការរៀបចំសារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ


ក្រុមប្រឹក្សាកីឡា អូឡាំពិកអាស៊ី បានផ្តល់ជំនួយផ្នែក ការអប់រំអូឡាំពិក«សារមន្ទីរអូឡាំពិក» ដែលនឹងរៀបចំ ឡើងនៅពហុកីឡដ្ឋាន ជាតិមរតកតេជោ ដោយនេះជាប្រយោជន៍ ដ៏ធំមួយ នៅក្នុងចំណោមផលប្រយោជន៍ធំៗ ចំនួន៣ នៅក្នុងមហាសន្និបាត ក្រុមប្រឹក្សាកីឡាអាស៊ី នៅទីក្រុងឌូបៃ ប្រទេស អារ៉ាប់រួម កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) ក្នុងឱកាសអមដំណើរ ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានអញ្ជើញវិលត្រឡប់ មកដល់មាតុ ប្រទេសវិញ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាស៍ថា នៅក្នុងបេសកកម្ម អន្តរជាតិនេះ គឺទី១ កម្ពុជា បានចូលរួម មហាសន្និបាត ក្រុមប្រឹក្សាកីឡា អូឡាំពិកអាស៊ី ក្នុងនាមជា សមាជិកពេញសិទ្ធិ។ ទី២ គឺកម្ពុជា ទទួលបានសិទ្ធិជាផ្លូវការ ក្នុងការទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា យុវជនអាស៊ី (ASIAN YOUTH GAMES) លើកទី៥ នាឆ្នាំ២០២៩។ ទី៣ គឺកម្ពុជា ទទួលបានជំនួយមួយចំនួន លើផ្នែកអប់រំស្មារតី អូឡាំពិក ដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានសម្រេចផ្តល់ជំនួយកសាង សារមន្ទីរអូឡាំពិក នៅពហុកីឡដ្ឋានជាតិ មរតេកតេជោ ដែលជាមជ្ឈមណ្ឌលអូឡាំពិក ដ៏ធំមួយផ្ទុកនូវ ឯកសារប្រវត្តិ នៃចលនាអូឡាំពិកជាតិ របស់យើង ហើយក៏ជាកន្លែងប្រមូលតាំងបង្ហាញសម្រាប់ការស្រាវជ្រាវនូវឯកសារកីឡាធំៗ អ្នកល្បីល្បាញនៅលើពិភពលោកផងដែរ។ នេះគឺជាលទ្ធផលធំៗចំនួន៣ ដែលកម្ពុជាទទួលបានពីអង្គមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤០ ប្រចាំឆ្នាំ២០២១។

សូមបញ្ចាក់ថា នៅក្នុងពិធីចុះហត្ថលេខា ទទួលសិទ្ធិម្ចាស់ផ្ទះ ការប្រកួតកីឡា យុវជនអាស៊ី ឆ្នាំ២០២៩នេះ គឺឯកឧត្តមបណ្ឌិត ថោង ខុន ក្នុងនាមប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងឯកឧត្តម ឃួង ស្រេង ក្នុងនាមម្ចាស់ផ្ទះរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្តល់-ទទួលសិទ្ធិជាផ្លូវការរួមគ្នា ជាមួយ ប្រធានស្តីទីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដោយទទួលបានការការគាំទ្រ អបអរសាទរពី៤៥ប្រទេសនៃទ្វីបអាស៊ី៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី