ព័ត៌មានកីឡា

ការប្រកួតកីឡាតុងហ្គីលម៉ូដូ ជើងឯកថ្នាក់ជាតិបានបញ្ចប់ដោយជោគជ័យ


ការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលដំណើរការប្រកួតរយៈពេល៤ថ្ងៃពីថ្ងៃទី២៨ដល់ថ្ងៃទី៣១ ឆ្នាំ២០២១ នៅវិមានកីឡដ្ឋានជាតិបានបញ្ចប់ដោយជោគជ័យ នៅថ្ងទី៣១មករានេះ ដោយគណៈកម្មការបច្ចេកទេសសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើ១៦វិញ្ញាសា។

ឯកឧត្តម ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាមានប្រសាសន៍ថា រយៈពេល៤ថ្ងៃនៃការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នាពេលនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ កីឡាការិនី បញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗបានហ្វឹកហាត់កន្លងមក។ លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ ជាប្រចាំមានការ តស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ជា បច្ចេកទេសនៃការប្រកួត។ បើយើងគិតចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៣ គឺមានរយៈពេល២ឆ្នាំជាង ប៉ុណ្ណោះ ហេតុនេះ ដើម្បីឲ្យវិស័យកីឡានៅកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា និងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ឯកឧត្តមបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងការគាំទ្រទាំងថវិកា និងបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាប្តេជ្ញាបន្តខិតខំអនុវត្ត ដូចជា ១.ពង្រឹងសមត្ថភាពបច្ចេកទេសគ្រូបង្វឹក អាជ្ញាកណ្តាល និងអភិវឌ្ឍន៍ភាពជាដៃគូ។ ២.បង្កើតលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រង ការអភិវឌ្ឍ ការបណ្តុះបណ្តាលថ្នាលកីឡាករវ័យក្មេង និងយុវជន។ ៣.ស្វែងរកជំនួយពីសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រវិស័យកីឡាតុងហ្គីលម៉ូដូ។ ៤.រៀបចំការសំដែង និងការប្រកួតប្រចាំឆ្នាំឲ្យបានសមស្របតាមលក្ខណៈបច្ចេកទេស នៃការប្រកួតកីឡាតុងហ្គីលម៉ូដូពិភពលោក និង៥.កសាងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវ័ន្តតាមលក្ខណៈបច្ចេកទេស។

លោក ចំរើន សុផល អគ្គលេខាធិការ សហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជាបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិនេះទទួលបានការចូលរួមពីកីឡាករ កីឡាការិនីមកពីបណ្តាក្លឹបរាជធានី-ខេត្តបានច្រើនជាងបណ្តាឆ្នាំមុនៗដែរ ដោយមានកីឡាករ៧៣នាក់ កីឡាការិនី៣១នាក់ សរុបចំនួន១០៤នាក់មកពី១២ក្លឹប ក្នុងនោះមានខេត្តថ្មីចំនួន៣បានចូលរួម។ បចុប្បន្ន សហពន្ធ័កីឡាតុងហ្គីលម៉ូដូកម្ពុជាកំពុងដំណើរការ នៅក្នុងអាណត្តិទី៣ ឆ្នាំ២០១៨-២០២២ ដែលកំពុងតែអនុវត្តនូវដំណើរការហ្វឹកហាត់ ការបំពេញនូវបេសកកម្មជាច្រើន ដែលចូលរួមបម្រើដល់ផលប្រយោជសង្គមជាតិ និងបណ្តុះនូវស្មារតី ឆន្ទៈដល់យុវជន យុវនារី មានមុខងារ និងបំពេញបេសកកម្មក្នុងការបម្រើ លើកកម្ពស់វិស័យកីឡា ការចូលរួមផ្សព្វផ្សាយនូវសារៈសំខាន់នៃវិស័យកីឡា និងការរួមចំណែកក្នុងការអប់រំចរិតលក្ខណៈល្អដល់ជនយុវនារី ដោយផ្អែកលើទស្សនៈការរស់នៅ សម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។ លោក ចំរើន សុផលសង្កត់ធ្ងន់ថា សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិ កីឡាតុងហ្គីលម៉ូដូ លើកនេះទទួលបានលទ្ធផលល្អប្រសើរ ដោយបានសម្រិតសម្រាំងបាននូវជ័យលាភីឆ្នើមៗបន្ថែមទៀត ដែលជាធនធានសម្រាប់ប្រភេទកីឡាតុងហ្គីលម៉ូដូ ក្នុងដំណើរការបន្តការអភិវឌ្ឍ ឆ្ពោះទៅប្រកួតប្រជែងមេដាយពីលើឆាកអន្តរជាតិជាបន្តទៀត៕

ព័ត៌មានកីឡា

អត្ថបទទាក់ទង