ព័ត៌មានកីឡា

ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីបន្តអភិវឌ្ឍវិស័យទូកឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣


ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីបន្តអភិវឌ្ឍវិស័យទូកឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា, ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានផ្តល់អនុសាសន៍សំខាន់ៗ ដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍវិស័យទូក នៅកម្ពុជា អោយកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ អនុសាសន៍គន្លឹះសំខាន់ៗ ចំនួន៦ ចំណុចរបស់ឯកឧត្តម ប៉ាន សូរស័ក្តិ ដែលបានលើកឡើងនៅក្នុងឱកាសបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូក នាគ) (ទូកកានូ-កាយ៉ាក់) និង (ទូករ៉ូអ៊ីង) ជ្រើសរើសជើងឯកថ្នាក់ជាតិ និង (ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ នៅទីក្រុងតាខ្មៅ ខេត្តកណ្តាល រួមមាន៖ ទី១-ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ) ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស។ ២-ត្រូវមានធនធាន និងសម្ភារៈហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ។ ៣-ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគមកីឡាទូកទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងាររបស់គណៈកម្ម ការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ។ ៤-ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង រៀបចំការប្រកួតបានគ្រប់កម្រិត ។ ៥-ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ។ ៦-ត្រូវជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជន ជាតិ និងអន្តរជាតិ ឲ្យកាន់តែច្រើនបន្ថែមទៀត ។  ជាមួយគ្នានោះ ឯកឧត្តមអនុប្រធាន ក៏វាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។ ឯកឧត្តមបានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់បន្តការខិតខំពង្រឹងសមត្ថភាពឆ្ពោះទៅទទួលរៀប ចំព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ ។ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ (ទូកនាគ ) (ទូកកានូ-កាយ៉ាក់) និង (ទូករ៉ូអ៊ីង) ជ្រើសរើសជើងឯកថ្នាក់ជាតិ និង (ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ ប្រចាំឆ្នាំ២០២០ ដែលពន្យារពេលការប្រកួតមកប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ នៅទន្លេបាសាក់ទីក្រុងតាខ្មៅ ខេត្តកណ្តាល ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ។ យោងតាមលទ្ធផលជ័យលាភីរបស់គណៈកម្មការបច្ចេកទេសនៃសហព័ន្ធ បានបង្ហាញលទ្ធផលវិញ្ញាសាសរុបចំនួន៥ រួមមាន៖ ១-វិញ្ញាសាទូកកានូ C1 ចម្ងាយ៥០០ម៉ែត្របុរស មេដាយមាស បានទៅកីឡា ករ ហ៊ល លីដា ក្លឹបនគរបលជាតិ ។ ២-វិញ្ញាសាទូកកាយ៉ាក់ K1 ៥០០ម៉ែត្របុរស មេដាយមាស បានទៅកីឡាក លី ទហៀត ក្លឹបនគរបាលជាតិ។ ៣-វិញ្ញាសាទូករ៉ូអ៊ីង ១០០០ម៉ែត្រផ្នែកបុរស មេដាយមាស បានទៅក្លឹបនគរបាលជាតិ។ ៤-វិញ្ញាសាទូកខ្នាតអន្តរជាតិ (ទូកនាគ) ចម្ងាយ៨០០ម៉ែត្រ ចំណុះ១២នាក់នារី មេដាយមាស បានទៅលើសមាគមកីឡាទូកខេត្តកណ្តាល និងវិញ្ញាសាទូកខ្នាតអន្តរជាតិ (ទូកនាគ) ចម្ងាយ៨០០ម៉ែត្រ ចំណុះ១២នាក់ផ្នែកបុរស មេដាយមាស បានទៅលើសមាគមកីឡាទូកក្រសួងមហាផ្ទៃ។ ក្រៅពីចំណាត់ថ្នាក់លេខ១ (មេដាយមាស) នេះ ក៏មានជ័យលាភីចំណាត់ថ្នាក់លេខ ២និងលេខ៣ លើវិញ្ញាសាសរុបទាំង៥នេះដូចៗគ្នាផងដែរ ។ សូមបញ្ជាក់ថា ការប្រកួតនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន ២៩៨នាក់ ក្នុងនោះកីឡាការិនី ៥៧នាក់ គ្រូបង្វឹក ២៤នាក់ និងគណៈប្រតិភូ ២៤នាក់មកពី ២១សមាគម ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង