ព័ត៌មានកីឡា

ពិតអស្ចារ្យ ចាន់ វឌ្ឍនាកា និង ធារី ចន្ថាប៊ីន គាំទ្រ See You Soon ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក M3 World Championship


ការប្រកួតកីឡា អេឡិចត្រូនិក ជើងឯកពិភពលោក M3 World Championship ឆ្នាំ២០២១ សម្រាប់វិញ្ញាសា Mobile Legends: Bang Bang ដែលមានក្រុមកីឡា អេឡិចត្រូនិក ជម្រើសជាតិកម្ពុជាចូលរួម និងមានការគាំទ្រយ៉ាងសម្បើម ពីតារាសិល្បៈ និងអ្នកគាំទ្រកម្ពុជា នឹងចាប់ផ្តើមបើកទំព័រ ប្រវត្តិសាស្ត្រ ជាផ្លូវការនាថ្ងៃទី៦ ខែធ្នូនេះ នៅប្រទេសសិង្ហបុរី។

ក្រុមខ្លាំងទាំងអស់ចំនួន១៦ មកពីទាំងពិភពលោក ដែលត្រូវប្រជែងគ្នា ដើម្បីគ្រងជើងឯក M3 World Championship ដែលមានប្រាក់រង្វាន់ សរុបយ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់៨ម៉ឺនដុល្លារ អាមេរិក។ ការប្រកួតត្រូវបានបែងចែកជា៤ពូល ដែលក្នុងមួយៗពូល មាន៤ក្រុម សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុដើម្បីស្វែងរកក្រុមឡើងឡើងទៅវគ្គបន្ត។

ក្រុមទាំង១៦មានគឺក្រុម BEDEL (តួកគី), BLACKLIST INTERNATIONAL (ហ្វីលីពីន), BTK (អាមេរិកខាងជើង), EVOS SG (សិង្ហបុរី), GX SQUAD (តំណាងមជ្ឈិមបូព៌ា), KEYD STARS (ប្រេស៊ីល), MALVINAS GAMING (អាមេរិកឡាទីន), NATUS VINCIRE (ក្រុមតំណាងមកតំបន់ CIS), ONIC ESPORT (ឥណ្ឌូណេស៊ី), ONIC PH (ហ្វីលីពីន), RED CANIDS (ប្រេស៊ីល), RRQ HOSHI (ឥណ្ឌូណេស៊ី), RSG SG (សិង្ហបុរី), See You Soon (កម្ពុជា), TEAM MSG (ម៉ាឡេស៊ី) និង TODAK (ម៉ាឡេស៊ី)។

ជាក់ស្តែងតារាបាល់ទាត់ ដែលជា អាយដល សម្រាប់អ្នកគាំទ្រកម្ពុជា ចាន់ វឌ្ឍនាកា ក៏ចាប់អារម្មណ៍ និងលើកទឹកចិត្តចំពោះព្រឹត្តិការណ៍ ក៏ដូចជាក្រុមអេឡិចត្រូនិកជម្រើសជាតិកម្ពុជា See You Soon ដែរ។

រហស្សនាម «CV11» បានបង្ហាញចំណាប់អារម្មណ៍ លើបណ្តាញសង្គមថា ៖«កុំភ្លេចថា សំណាងមិនអាចយកឈ្នះការខំប្រឹងប្រែងបានទេ។ សង្ឃឹមថា អ្នកទាំងអស់គ្នាប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីយកជ័យជម្នះឲ្យកម្ពុជា»។

ជាមួយគ្នានេះខ្សែការពារ កូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ក៏បានចូលរួមលើកទឹកចិត្តដល់ក្រុមកម្ពុជាដែរ។ សមាជិកក្លឹបវិសាខាបាននិយាយថា ៖«ខ្ញុំសប្បាយចិត្តណាស់ដែលបានឃើញក្រុមកម្ពុជាមានឱកាសចូលរួមប្រកួតលំដាប់ថ្នាក់ពិភពលោក។ ខ្ញុំសូមជូនពរកីឡាករ Mobile Legends ឲ្យពួកគាត់ធ្វើបានល្អ និងយកជ័យជម្នះសម្រាប់កម្ពុជា»។

ចំណែកនារីរូបស្រស់ និងជាកីឡាការិនីល្បុក្កតោកម្ពុជា ពេជ្រ ចរណៃ បានចែករំលែកគំនិតថា ៖«មិនថា បរាជ័យប៉ុន្មានដងទេ ឲ្យតែនៅមានជីវិត យើងនៅតែអាចចាប់ផ្ដើមម្ដងទៀតបាន។ នាងខ្ញុំសូមជូនពរ និងផ្តល់កម្លាំងចិត្តដល់អ្នកទាំងអស់គ្នាដើម្បីយកពានក្នុងការប្រកួត M3។ ស៊ូៗ ស៊ូ»។

រឹតតែធ្វើឲ្យព្រឹត្តិការណ៍អស្ចារ្យ និងផ្តល់ឲ្យអ្នកគាំទ្រទូទាំង ប្រទេស រំភើបសប្បាយបំផុត នៅគឺវត្តមានម្ចាស់ឧបត្ថម្ភ និងដៃគូសហការ មានដូចជាក្រុមហ៊ុន ទូរសព្ទ Smart, ភេសជ្ជៈ Sting, ធនាគារស្ថាបនា, ក្រុមហ៊ុន ដឹកជញ្ជូនអាហារ Foodpanda និងរថយន្ត LMCar។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា See You Soon ជាជើងឯកពីព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ MPL KH Champion ឆ្នាំ២០២១ដែលបានតំណាងឲ្យកម្ពុជាចូលរួមប្រកួតជាលើកដំបូងក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី