ព័ត៌មានកីឡា

លោក ឆឹង យ៉ៅយ៉េន ទទួលបានការគាំទ្រដឹកនាំជា ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា


លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា អាណត្តិចាស់ ២០១៧-២០២១ ទទួលបានការគាំទ្រ បន្តដឹកនាំជាប្រធានសាជាថ្មី តាមរយៈការផ្តល់សេចក្តីទុកចិត្ត ពីមហាសន្និបាត ដើម្បីបន្ដអាណត្តិទី៧ ឆ្នាំ២០២១-២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ។

មានប្រសាសន៍នៅចំពោះមុខសមាជិកគណៈកម្មាធិការប្រតិបត្តិ ព្រមទាំងកីឡាករ-កីឡាការិនីជម្រើសជាតិ លោកសាស្ដ្រាវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសហព័ន្ធ ក្នុងអាណត្តិចាស់ ហើយលោកបានជំរុញឲ្យបន្ដការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីឆ្ពោះទៅសម្រេចគោលដៅរបស់សហព័ន្ធ ក្នុងការដណ្ដើមមេដាយជូនជាតិ នៅក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ របស់ព្រះរាជាណាចក្រកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ក្នុងអាណត្តិថ្មីនេះ សហព័ន្ធបានផ្លាស់ប្ដូរសមាជិកគណៈកម្មាធិការប្រតិបត្តិអសកម្មមួយចំនួន ដើម្បីពង្រឹងក្បាលម៉ាស៊ីនសហព័ន្ធ ឲ្យកាន់តែរឹងមាំ ក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍវិស័យកីឡា ដ៏មានសក្ដានុពលមួយនេះ ឲ្យកាន់តែរីកចម្រើន ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា។

សូមបញ្ជាក់ថា សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៧ របស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គឺមាន ១៣រូប រួមមានលោកសាស្ដ្រាវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ជាប្រធាន, លោក ខេស៊ី បាណេត និងលោកវេជ្ជបណ្ឌិត មាស វុឌ្ឍី ជាអនុប្រធាន។ លោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការ និង ឯកឧត្តម ពេជ្រ សូផែន និងលោក ច័ន្ទ សុទ្ធ ជាអគ្គលេខាធិការរង។ លោក សំ ពិសិដ្ឋ ជាអគ្គហេរញ្ញិក និងសមាជិក ៤រូបផ្សេងទៀត។ មហាសន្និបាតបន្តអាណត្តិថ្មីនេះ ទទួលការចូលរួមជាសាក្សីពីតំណាងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី