ព័ត៌មានកីឡា

ឯកឧត្តម លី កុសល កោតសរសើរ សហភាពសហព័ន្ធយុវជន រាជធានីភ្នំពេញ សម្រាប់ការរៀបចំការប្រកួត កីឡាវាយសីគ្រឹះស្ថានបឋមភូមិលើកទី១ ឆ្នាំ២០២១


ប្រធានសហព័ន្ធកីឡា វាយសីកម្ពុជា ឯកឧត្តមលី កុសល បានកោតសរសើរ និងសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះ ការរៀបចំ ការប្រកួតកីឡា វាយសីគ្រឹះស្ថាន បឋមភូមិលើកទី១ ឆ្នាំ២០២១ របស់សហភាពសហព័ន្ធយុវជន រាជធានីភ្នំពេញ ។ ការកោតសរសើររបស់ ឯកឧត្តមប្រធានសហព័ន្ធ បានធ្វើឡើងក្នុង ពិធីបិទការប្រកួត កីឡាវាយសី គ្រឹះស្ថានបឋមភូមិ លើកទី១ ស្ថិតនៅអាគារ ខេមរានី ស.ស.យ.ក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ឧត្តមសេនីយ៍ឯក លី កុសល បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតនេះ ដែលមានការចូលរួមពី កីឡាករ-កីឡាការិនី ជាសិស្សានុសិស្ស សបញ្ជាក់ ឲ្យឃើញការរីកចម្រើន មួយកម្រិតទៀត នៃវិស័យកីឡា វាយសីកម្ពុជា ក្នុងបរិបទកូវីដ-១៩ ។ ឯកឧត្តម ប្រធានសហព័ន្ធ ក៏បានជំរុញ និងលើកទឹកចិត្ត ទាំងកីឡាករ-កីឡាការិនី ដែលមានវត្តមាន នៅទីនេះទាំងអស់ ត្រូវបន្ដការខិតខំប្រឹងប្រែង បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ ខ្លួនក្លាយជា កីឡាករ-កីឡាការិនី មានគុណផលខ្ពស់ និងឈានទៅប្រកួត ស្មើមុខមាត់លើឆាកអន្ដរជាតិ ។

ទន្ទឹមជាមួយគ្នាលោកជំទាវ តិមា វិច្ឆិកា តំណាងឯកឧត្តមសាយ សំអាល ប្រធានសហភាព សហព័ន្ធរាជធានីភ្នំពេញ បានបង្ហាញការគាំទ្រ ចំពោះការរៀបចំ ការប្រកួតនេះ ដ្បិតថ្នាក់ដឹកនាំ ស.ស.យ.ក រាជធានីភ្នំពេញ ក៏បានផ្ដោត ការយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ និងរួមចំណែក អភិវឌ្ឍវិស័យកីឡាជាតិ ក្នុងដំណើរ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ។ ដូច្នេះលោកជំទាវ បានលើកទឹកចិត្តកីឡាករ-កីឡាការិនី ឬសិស្សានុសិស្ស ដែលចង់លេងកីឡានេះ អាចទាក់ទងក្លិបកីឡាវាយសីភ្នំពេញ ស្ថិតនៅអាគាខេមរានី ស.ស.យ.ក រាជធានីភ្នំពេញ ដើម្បីហ្វឹកហាត់ដោយឥតគិតថ្លៃទៀតផង ។

កីឡាវាយសី បាននិងកំពុងទាក់ទាញយុវជន កាន់តែច្រើនឡើង ឱ្យចូលរួមធ្វើការហ្វឹកហាត់ និងប្រកួតដកស្រង់បច្ចេកទេសលត់ដំបង្កើនសមត្ថភាព និងទេពកោសល្យ។

ដើម្បីចូលរួម ជំរុញបំផុស ចលនាកីឡា ជាពិសេសសារ:សំខាន់ នៃការលេងកីឡាវាយសី ដល់ស្រទាប់មហាជន ជាពិសេសប្អូនៗ នៅតាមគ្រឹះស្ថានសិក្សា ចំណេះទូទៅឱ្យងាកមក ស្រឡាញ់កីឡា និងលេងកីឡាដើម្បីសុខភាពល្អ រាងកាយមំាមួន ឆន្ទៈមុះមុត វិន័យ រឹតចំណងមិត្តភាព សាមគ្គីភាព ភាពជាបងប្អូន និងបណ្តុះគ្រាប់ពូជ ធនធានកីឡាល្អៗ ដើម្បីរួមគ្នាជ្រោងទង់ជាតិកម្ពុជា នៅក្នុងកម្មវិធីប្រកួតនានា នៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួត កីឡាវាយសីគ្រិះស្ថានបឋមភូមិ លើកទី១នេះ ដែលធ្វើការប្រកួត រយៈពេល១ព្រឹក មានការចូលរួមពី កីឡាករ-កីឡាការិនី ជាសិស្សានុសិស្សចំនួន ៤០នាក់ មកពី ៤វិទ្យាល័យ និង១ក្លឹប ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី