ព័ត៌មានកីឡា

ការផលិតធនធានបច្ចេកទេសគ្រូជំនាញកាយសម្ព័ន្ធ គឺជាចំណែកដ៏សំខាន់ ក្នុងការស្វែងរកឧត្តមភាព នាស៊ីហ្គេម ២០២៣


វគ្គបណ្តុះបណ្តាលបច្ចេកទេសគ្រូជំនាញកម្រិត១ (Level 1 Class P3+Training Camp) ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ ប្រភេទកីឡាកាយ សម្ព័ន្ធ បានបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅសាលាបឋមសិក្សា សាលាលេខ៥ ខេត្តកំពង់ឆ្នាំង ដែលការបណ្តុះធនធានមនុស្សនេះ គឺជាចំណែកដ៏សំខាន់ ឆ្ពោះទៅស្វែងរកនូវឧត្តមភាព នៃការទទួលធ្វើម្ចាស់ផ្ទះ ជាប្រវត្តិសាស្ត្រជាលើកដំបូង ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពជា។

លោក ណយ ផាណា គ្រូឧទ្ទេសប្រចាំវគ្គសិក្សានេះ និងជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មានប្រសាសន៍ថា ផ្អែកតាមផែនការសកម្មភាព ឆ្នាំ២០២១ របស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា សហការណ៍ជាមួយក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបើកវគ្គបណ្តុះបណ្តាលបច្ចេកទេស គ្រូជំនាញ កម្រិត១ (Level 1 Class P3+Training Camp) ដើម្បីពង្រឹងនូវគុណភាពបច្ចេកទេស ជូនដល់គ្រូបង្វឹកកម្រិត១ ប្រភេទកីឡាកាយសម្ព័ន្ធ ឱ្យមានការយល់ដឹងកាន់តែប្រសើរ និងត្រៀមលក្ខណៈឱ្យបានល្អ សម្រាប់ចំណេះ ជំនាញមួយនេះ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍កីឡាជាតិ និងត្រៀមឆ្ពោះទៅរកឧត្តមភាព ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជូនជាតិមាតុភូមិ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។

លោកអគ្គលេខាធិការរូបនេះបន្ថែមថា វគ្គនេះ គាំទ្រដោយកញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានទម្លាក់ជូនសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាព ក្នុងកញ្ចប់បណ្តុះបណ្តាលធនធានមនុស្ស ដោយវគ្គសិក្សានេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១-០៧ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកំពង់ឆ្នាំង។ វគ្គបច្ចេក ទេសគ្រូជំនាញកម្រិត១ ត្រូវបានបង្រៀនដោយគ្រូឧទ្ទេស លោក ណយ ផាណា និងគ្រូជំនួយ លោក សោ សុផេង ជាគ្រូជំនាញរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធ ដែលមានកម្រិតបច្ចេកទេស FIG Academy Level I and Level II in Artistic and Aerobic Gymnastics។

លោក ណយ ផាណា បញ្ជាក់ជូនទៀតថា ឆ្លងកាត់ការសិក្សាផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង របស់សិក្ខាកាម បានបង្ហាញឱ្យឃើញអំពីការយល់ដឹងបន្ថែមលើទ្រឹស្តី និងការអនុវត្តជាក់ស្តែងផ្ទាល់ នៃប្រភេទ កីឡាកាយសម្ព័ន្ធគ្រូបង្វឹកកម្រិត១ ព្រមទាំងលើកកម្ពស់នូវកម្រិតសមត្ថភាពបច្ចេកទេស និងដកស្រង់បាននូវបទពិសោធន៍ល្អៗ ថ្មីៗបន្ថែមទៀត ជាពិសេសគឺបានយល់ដឹងអំពីការផ្លាស់ប្តូរច្បាប់ថ្មី ២០២១-២០២៤ ផងដែរ។ បើសិនមានលទ្ធភាពធ្វើការសិក្សាតាមរយៈការបើកវគ្គបច្ចេកទេសគ្រូជំនាញ និងសិក្ខាសាលា ឬធ្វើការបោះជំរុំ (Training Camp) ឱ្យបានញឹកញាប់ជារៀងរាល់ឆ្នាំ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី កាន់តែមានការយល់ដឹងលើបច្ចេកទេស និងអាចលើកកម្ពស់គុណផលប្រភេទកីឡាកាយសម្ព័ន្ធ កម្ពុជា ឈានទៅរកឧត្តមភាព និងភាពជោគជ័យ ជូនប្រទេសជាតិមាតុភូមិ ជាពិសេស ឆ្ពោះទៅកាន់ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា ឆ្លងកាត់ការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង សិក្ខាកាមទាំង២២នាក់ មាននារី ០៦នាក់ ទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ ដោយទទួលបាននិទ្ទេសល្អ ចំនួន១០នាក់ ស្មើ៤៥,៤៥%, និទ្ទេសល្អបង្គួរ ៨នាក់ ស្មើ៣៦,៣៦% និងនិទ្ទេសមធ្យម០៤នាក់ ស្មើ១៨,១៨%៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី