ព័ត៌មានកីឡា

សហព័ន្ធកីឡាទ្រីយ៉ាត្លុង បណ្តុះបណ្តាលបច្ចេកទេស ភ្ជាប់គោលដៅចម្បង ឆ្ពោះទៅ ស៊ីហ្គេម ២០២៣


សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានរៀបចំ វគ្គបណ្តុះបណ្តាលបច្ចេកទេស កីឡាទ្រីយ៉ាត្លុង ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែប ដោយផ្សារភ្ជាប់ នឹងការបញ្ជ្រាបចំណេះដឹងក្នុងវគ្គនេះ ឆ្ពោះទៅរកគោលដៅចម្បង នៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

វគ្គសិក្សានេះ ទទួលបានការផ្តល់កិត្តិយសពី ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាល ខេត្តកែប ដោយឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះវគ្គសិក្សានេះ និងបានលើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ខិតខំក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បីពង្រីកការអភិវឌ្ឍវិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជា ឲ្យកាន់តែរីកចម្រើន ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ តែម្តង។

លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡា ទ្រីយ៉ាត្លុងកម្ពុជា គូសបញ្ជាក់ថា ក្រោមគម្រោងថវិកាគាំទ្រអភិវឌ្ឍ សហព័ន្ធកីឡាជាតិ ឆ្នាំ២០២១ របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡា ទីយ៉ាត្លុងកម្ពុជា សហការ ជាមួយរដ្ឋបាលខេត្តកែប រៀបចំបើកវគ្គបណ្តុះបណ្តាល បច្ចេកទេសកីឡា ទីយ៉ាត្លុងនេះឡើង ដើម្បីឲ្យកីឡាករ កីឡាការិនី ជម្រើសជាតិ គ្រូបង្វឹក និងគណៈកម្មការបច្ចេកទេស រៀបចំការប្រកួត បង្កើនសមត្ថភាពបន្ថែមទៀត ត្រៀមខ្លួនរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូង។

លោក បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ មានគ្រូឧទ្ទេស២រូប គឺ លោក Franceso គ្រូឧទ្ទេស ជនជាតិអ៊ីតាលី ដែលបង្រៀនក្នុងវគ្គតាមរយៈ Zoom និងលោក Derrick Murray ជនជាតិណូវែលសេឡង់ បង្រៀនផ្ទាល់ អនុវត្តផ្ទាល់ ជាមួយសិក្ខាកាមចំនួន ២៥នាក់ ជាអត្តពលិកជម្រើសជាតិ និងមន្ត្រី គ្រូ ខេត្តកែប។ វគ្គបណ្តុះបណ្តាលផ្តោតទៅលើ ទ្រឹស្តី និងការអនុវត្តជាក់ស្ដែង នៅឆ្នេរសមុទ្រស្រីស (Rule In Triathlon និងTechnical Officials)។

ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បានបង្ហាញនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមអភិបាលខេត្តកែប ក្រសួងអប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយជឿថា ក្រោយពេលបញ្ចប់វគ្គនេះ សិក្ខាកាមនឹងទទួលចំណេះជំនាញបន្ថែមទៀត ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី