ព័ត៌មានកីឡា

កិច្ចប្រជុំពិសេសក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ បញ្ជាក់ពីលទ្ធផលដ៏សំខាន់ៗ នៃដំណើរឆ្ពោះទៅ ស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា


ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធាន គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញ ចូលរួមប្រជុំអនឡាញ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ នៅក្នុង ក្របខណ្ឌ ក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ ដោយទទួលបានលទ្ធផលល្អប្រសើរ យ៉ាងច្រើន សម្រាប់ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេស វៀតណាម និងការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា។

ថ្លែងក្រោយកិច្ចប្រជុំ ពិសេសនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ បានត្រួតពិនិត្យ វឌ្ឍនភាពការងារ ដោយក្នុងនោះ ម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម បានកំណត់កាលបរិច្ឆេទ ច្បាស់លាស់ ពីថ្ងៃទី១២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ហើយម្ចាស់ផ្ទះវៀតណាម បានធានាអះអាងឲ្យ ការរៀបចំ ការប្រកួតកីឡា ស៊ីហ្គេម របស់ខ្លួន ទទួលបានជោគជ័យ។

ឯកឧត្តមបណ្ឌិត ថោង ខុន ត្រូវបានក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ ប្រកាសតែងតាំង ជាសហប្រធានដឹកនាំការរៀបចំ ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយសារ ម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម មិនទាន់បានបញ្ចប់បេសកកម្មរបស់ខ្លួន។ រឿងសំខាន់នៅក្នុងពេលដំណាលគ្នានេះដែរ គឺក្រុមប្រឹក្សាកីឡា អាស៊ីអាគ្នេយ៍ និងគណៈកម្មាធិការជាតិ អូឡាំពិក នៃបណ្តាប្រទេសទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍ បានសម្តែងការអបអរសាទរ ដល់កម្ពុជា មិនត្រឹមសម្រាប់ តែសហប្រធានស៊ីហ្គេម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរ ដល់កម្ពុជា ដែលទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា យុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ផងដែរ»។

ជាមួយគ្នានោះ កម្ពុជា ក៏បានបង្ហាញវឌ្ឍនភាពការងារ របស់គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយយើងបានធ្វើបទបង្ហាញ ពីការរៀបចំ គ្រប់គ្រង ដឹកនាំ ព្រមទាំងយុទ្ធសាស្ត្រ មួយចំនួនទៀត ផ្តល់ជូនដល់បណ្តាប្រទេស ផ្សេងៗទៀត ដើម្បីត្រៀមលក្ខណៈចូលរួម ស៊ីហ្គេម នៅឆ្នាំ២០២៣ ដូចជាប្រភេទកីឡា មួយចំនួនដែលមិនទាន់បានកំណត់ចុងក្រោយ (ក្នុងចំណោមជាង៤០ប្រភេទកីឡា)។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញពីការទទួលធ្វើម្ចាស់ផ្ទះ ដោយភាពកក់ក្តៅ កិត្តិយសជាតិ កិត្យានុភាពជាតិ ក្នុងនាមជាប្រទសដែលមានអរិយធម៌ វប្បធម៌ដ៏សម្បូរបែប ដោយយើងនឹងបង្ហាញពីសក្តានុពលជាតិ ទៅកាន់អន្តរជាតិ តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នៅកម្ពុជា ជាញឹកញាប់នាពេលខាងមុខ ក៏ដូចជាដល់ព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទៀតផង។ យើងនឹងស្វែងរកការគាំទ្របន្ថែមពីអន្តរជាតិ នៅក្នុងការប្តេជ្ញាចិត្តខ្ពស់ប្រឹងប្រែងអស់ពីលទ្ធភាព ធ្វើយ៉ាងណាឲ្យការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ឲ្យទទួលបានជោគជ័យ»៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី