ព័ត៌មានកីឡា

ឯកឧត្តមបណ្ឌិត ថោង ខុន ដឹកនាំកិច្ចប្រជុំគណៈ កម្មការសន្ដិសុខសណ្ដាប់ធ្នាប់ ត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរកតេជោ


ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំគណៈកម្មការសន្ដិសុខសណ្ដាប់ធ្នាប់ និងផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីត្រៀមរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

 

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ិនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីផងដែរ។ ចំពោះព្រឹត្តិការណ៍ ដែលត្រូវបានចាត់ទុកជាកំណត់ត្រាថ្មីមួយទៀត ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា នាចុងសប្ដាហ៍ក្រោយនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឯកឧត្តម វ៉ាង វិធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

 

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា កិច្ចប្រជុំនេះ បានផ្ដោតការយកចិត្តទុកដាក់លើការងាររួម នៃពិធីសម្ពោធដ៏មានអត្ថន័យជ្រាលជ្រៅខាងលើ ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលអនុញ្ញាតឲ្យមានអ្នកចូលរួម ១៥,០០០នាក់។ ដូច្នេះ គ្រប់ផ្នែកនីមួយៗ ត្រូវរៀបចំតាំងពីសណ្ដាប់ធ្នាប់ សន្ដិសុខ និងវិធានការការពារជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តទាំងអស់គ្នា ពិសេសការសម្ដែងសិល្បៈ និងកីឡាជាដើម ត្រូវធ្វើឲ្យបានអធិកអធម និងស័ក្ដិសមបំផុត។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «អ្វីដែលឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ិនឡុង បានសង្កត់ធ្ងន់ក្នុងកិច្ចប្រជុំ គឺការចូលរួមមនុស្សច្រើនរហូតដល់ ១៥,០០០នាក់ ដែលជាព្រឹត្តិការណ៍មានអ្នកចូលរួមមួយដ៏ច្រើន បន្ទាប់ពីស្ថានភាពកូវីដ-១៩ ធូរស្រាល អាចថា ជាព្រឹត្តិកាណ៍ដែលមានមនុស្សច្រើនជាងគេ។ តាមរយៈនេះ ត្រូវតែម៉ត់ចត់ក្នុងការធ្វើតេស្ដ និងពិនិត្យសុខភាពអ្នកចូលរួមទាំងអស់ ក្រោមយន្ដការច្បាស់លាស់ និងការត្រួតពិនិត្យច្បាស់លាស់ ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា»។

ឯកឧត្តមបន្ដថា ទាំងអស់នេះ គឺអនុវត្តតាមការចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ស្របតាមអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដោយត្រូវរៀបចំឲ្យមានប្រសិទ្ធភាព សុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ និងអ្នកចូលរួម ឲ្យខាងតែបាន ពិសេសត្រូវរៀបចំឲ្យមានភាពអធិកអធម និងអស្ចារ្យ ស័ក្ដិសមជាមួយសមិទ្ធផលដ៏អស្ចារ្យ នៃវិមានកីឡដ្ឋាន ពហុកីឡដ្ឋានជាតិមរតកតេជោ។ ហេតុនេះ គណៈកម្មការទាំងអស់ នឹងយកគោលការណ៍ទាំងអស់នេះ មកផ្គុំគ្នា ដើម្បីធ្វើយ៉ាងណាឲ្យនីតិវិធីនៃការរៀបចំដំណើរការដោយរលូន និងទទួលបានជោគជ័យ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី